សហព័ន្ធស្រូវអង្ករកម្ពុជា មានគម្រោងនាំស្រូវចេញពីកម្ពុជា ឲ្យបាន ១លានតោន បន្ទាប់ពីអង្ករកម្ពុជា បានឈ្នះពានរង្វាន់ពិភពលោក ៣ឆ្នាំជាប់ៗគ្នា។ នៅទន្ទឹមនេះ សហព័ន្ធស្រូវអង្ករ បារម្ភអំពីគុណភាពស្រូវដែលកសិករផលិត ដោយសារបញ្ហាមួយចំនួន រួមមាន ដាំស្រូវពូជមិនល្អ មិនត្រូវតាមស្តង់ដារនិងតម្រូវការទីផ្សារ។ ចំណែកកសិករវិញ អំពាវនាវឲ្យរដ្ឋាភិបាលផ្ដល់ប្រាក់កម្ចីយកការប្រាក់ទាប ឬមិនយកការប្រាក់។
ក្រសួងពាណិជ្ជកម្ម គ្រោងខ្ចីថវិកា ៣០០លានដុល្លារពីធនាគារចិន ដើម្បីសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវ ៤០កន្លែងនៅក្នុងប្រទេសកម្ពុជា សម្រាប់ជំរុញការនាំអង្ករចេញ។
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី១ របស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីល្ងាចថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ២០១៥ យ៉ាងដូច្នេះ។ លោកបន្តថា ឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវ ៤០កន្លែងនឹងត្រូវបានគេសង់នៅក្នុងខេត្តចំនួន ៩ ដើម្បីជួយសម្រួលការរក្សាទុកដាក់ស្រូវរបស់កសិករកុំឲ្យខូចគុណភាពនៃឱជារស និងធានាគ្រាប់អង្ករល្អ ខណៈអង្ករកម្ពុជា កំពុងតែទទួលបានការពេញនិយមលើពិភពលោក។
លោក ស៊ុន ចាន់ថុល៖ «សព្វថ្ងៃនេះយើងខ្វះឃ្លាំងស្តុក ខ្វះឡសម្ងួត ខ្វះថវិកាដើម្បីទិញស្រូវនេះ ដូច្នេះស្រូវរបស់យើងហៀរទៅក្រៅប្រទេសច្រើនណាស់ វាមិនបានកិននៅស្រុកយើងទេ។ ដូច្នេះរាជរដ្ឋាភិបាលខំប្រឹងប្រែងធ្វើឲ្យបានចប់ ដើម្បីយកលុយហ្នឹងមកសាងសង់ឃ្លាំង និងឡសម្ងួត។ យើងស្តុកទុកផង ហើយប្រជាកសិករយើងដឹកយកទៅកន្លែងភ្លាម បានលុយភ្លាម នេះជួយគាត់អ៊ីចឹង។ឥឡូវកំពុងតែរៀបចំធ្វើ ចុះកិច្ចព្រមព្រៀង អឹម.អូ.យូ (MOU) ជាមួយចិន រវាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងធនាគាររបស់ចិន ដើម្បីយកមកអនុវត្តគម្រោងនេះ សម្រាប់ជួយប្រជាកសិកររបស់យើងបាន»។
នៅក្នុងមហាសន្និបាតនោះដែរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ ថ្លែងថា បរិមាណនាំអង្ករចេញទៅក្រៅប្រទេសនៅមិនទាន់សម្រេចបានដល់គោលដៅរំពឹងទុក ១លានតោនរបស់រដ្ឋាភិបាលនៅឡើយ។ លោកថា នៅឆ្នាំ២០១៤ បរិមាណអង្ករនាំចេញបានតែជាង ៣៨ម៉ឺនតោន គឺកើនឡើង ២% បើធៀបនឹងឆ្នាំ២០១៣។
លោកថា បញ្ហានេះ ដោយសារការជ្រើសរើសពូជស្រូវដាំដុះមិនត្រូវទៅតាមតម្រូវការទីផ្សារ។ ដើម្បីពង្រីកការនាំអង្ករចេញនេះ សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមមួយចំនួនដែលកំពុងជួបប្រទះ ដូចជាការស្វែងរកទីផ្សារបន្ថែម ការស្វែងរកប្រភពឥណទានដែលមានការប្រាក់សមរម្យ និងបរិមាណគ្រប់គ្រាន់៖ «អ៊ីចឹងផែនការមាសសនេះ គឺផ្ដោតទៅលើសកម្មភាពដែលយើងនឹងធ្វើក្នុងឆ្នាំ២០១៥ ដើម្បីជំរុញចង្វាក់ផលិតកម្មទាក់ទងផ្ដល់ទៅនឹងគុណភាពស្របទីផ្សារ ដើម្បីធ្វើម៉េចឲ្យបានការនាំចេញទៅដល់គោលដៅ»។
ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានេះ តំណាងសហគមន៍កសិករដែលផលិតស្រូវនៅខេត្តកំពត និងខេត្តព្រះវិហារ បានស្នើសុំឲ្យរដ្ឋាភិបាលផ្ដល់ប្រាក់កម្ចីក្នុងការធ្វើវិស័យកសិកម្មឲ្យការប្រាក់ទាប ឬមិនយកការប្រាក់នៅពេលកសិករជួយប្រទះគ្រោះរាំងស្ងួត ឬជំនន់ និងស្នើសុំឲ្យជួយស្តាប្រព័ន្ធធារាសាស្ត្រ និងហាមលក់ទឹកឲ្យកសិករដែលត្រូវការទឹកស្រោចស្រពជាដើម។
ប្រធានសហគមន៍អភិវឌ្ឍកសិកម្មពញ្ញាអង្គរចំរើនជ័យ លោក បិញ ឈិន មកពីភូមិពញ្ញាអង្គរ ឃុំវត្តអង្គរខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ថ្លែងថា ទឹកភ្លៀងធ្លាក់មិនទៀងទាត់នៅឆ្នាំ២០១៤ ការធ្វើស្រែវស្សាយឺត នាំឲ្យស្រូវបានផលតិច ទើបសហគមន៍នោះសុំឲ្យរដ្ឋាភិបាល ឬអង្គការក្រៅរដ្ឋាភិបាលជួយស្តាប្រព័ន្ធធារាសាស្ត្រ និងផ្ដល់ប្រាក់កម្ចីទៅកសិករដាំដុះយកការប្រាក់ទាប ឬមិនយកការប្រាក់៖ «បើសិនណាសហព័ន្ធ ឬមួយក៏រដ្ឋាភិបាលជួយសម្រួលថា មិនយកការ តែជួយអ៊ីចឹងគឺកសិករ គឺកសិករខំប្រឹងផលិត មិនឲ្យបាត់បង់ដើមហ្នឹងទេ គឺថាត្រូវខំប្រឹងជំរុញធ្វើម៉េចឲ្យបានដើម្បីឆ្លើយតបនឹងទុនរបស់រដ្ឋាភិបាលផ្ដល់»។
ប្រធានក្រុមប្រឹក្សាសហគមន៍កសិកម្ម ខេត្តព្រះវិហារ លោក ធួន សាន ថ្លែងថា ផលស្រូវឆ្នាំ២០១៤ ធ្លាក់ថ្លៃ ២០០រៀលក្នុង១គីឡូក្រាម ខណៈកសិករនៅទីនោះធ្វើស្រែប្រើជីធម្មជាតិផង លំបាកដាំដុះផង ហើយតម្លៃស្រូវចុះថោកផ្ទុយពីការលក់ស្រូវឆ្នាំមុនៗ បានតម្លៃ ១.២០០រៀលចំពោះស្រូវផ្ការំដួល៖ «ឲ្យសហព័ន្ធទាំងអស់ជួយផ្ដល់ពូជសុទ្ធល្អសម្រាប់កសិករ ព្រោះកសិករឥឡូវមិនទាន់បានប្រើពូជសុទ្ធបានគ្រប់គ្នានៅឡើយ»។
បំភ្លឺតបចំពោះការស្នើសុំរបស់កសិករ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងថា ក្រសួងនេះមិនមានលទ្ធភាពផ្ដល់ប្រាក់កម្ចីជូនកសិករបានទេ ជាភារកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញថា អង្ករកម្ពុជាទទួលជយលាភីល្អជាងគេ ៣ឆ្នាំជាប់គ្នា ពីឆ្នាំ២០១២ មកនោះ។ សម្រាប់ផែនការត្រូវអនុវត្តឆ្នាំ២០១៥ រំពឹងថា អាចនាំអង្ករចេញទៅក្រៅប្រទេសឲ្យបាន ១លានតោន តាមការគ្រោងទុករបស់រដ្ឋាភិបាល៕
1 comment:
I wonder how much he makes from the cut?.
Post a Comment