មន្ត្រីអយ្យការតុលាការខេត្តមណ្ឌលគិរី សម្រេចចោទប្រកាន់ពលរដ្ឋវៀតណាម ៤នាក់ ពីបទឆ្លងដែនចូលមកប្រមូលផលព្រៃឈើក្នុងដីខ្មែរខុសច្បាប់។ ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីក្រុមសមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី ចាប់បានក្រុមពលរដ្ឋវៀតណាម ទាំងនោះរួមជាមួយមធ្យោបាយដឹកជញ្ជូនឈើមានត្រាក់ទ័រច្រើនគ្រឿងបានចូលមកក្នុងដីខ្មែរកាលពីចុងសប្ដាហ៍កន្លងទៅ។
ចៅក្រមតុលាការខេត្តមណ្ឌលគិរី នៅថ្ងៃទី១០ កុម្ភៈ បានលើកយកសំណុំរឿងជនជាតិវៀតណាម ៤នាក់ឆ្លងចូលដីខ្មែរកាប់ឈើខុសច្បាប់មកកាត់ទោសដើម្បីធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ប្រទេសកម្ពុជា។
ព្រះរាជអាជ្ញាអមតុលាការខេត្តមណ្ឌលគិរី លោក ឃុត សុភាង មានប្រសាសន៍បញ្ជាក់ថា អ្នកទាំង ៤ ត្រូវបញ្ជូនទៅចៅក្រមស៊ើបសូរ។ ពួកគេនឹងត្រូវចៅក្រមស៊ើបសួរបន្តនីតិវិធី និងសម្រេចពីការឃុំខ្លួនរបស់ពួកគេ ឬយ៉ាងណា៖ «ខ្ញុំបញ្ជូនទៅចៅក្រមស៊ើបសួររួចហើយ ប្រមូលផល និងឆ្លងដែនខុសច្បាប់។ នេះជាសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ»។
កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ សមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី រួមមាន៖ ប៉ូលិសមន្ត្រីព្រៃឈើ និងមន្ត្រីអយ្យការបានចាប់ឃាត់ខ្លួនពលរដ្ឋវៀតណាម ទាំង ៤នាក់ នៅចម្ងាយប្រមាណ ៧គីឡូម៉ែត្រពីតំបន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ចន្លោះប៉ុស្តិ៍ការពារព្រំដែនខ្មែរក្បាលដំរី និងប៉ុស្តិ៍ម្រើច បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មានពលរដ្ឋវៀតណាម ជាក្រុមអមដោយត្រាក់ទ័រសណ្ដោងរាប់សិបគ្រឿងចូលមកដីខ្មែរដើម្បីដឹកជញ្ជូនឈើនាំចូលទៅប្រទេសវៀតណាម។
ស្នងការប៉ូលិសខេត្តមណ្ឌលគិរី លោក ញ៉ែម វ៉ាន្នី ថ្លែងកត់សំគាល់ថា ក្នុងប្រតិបត្តិការចាប់ខ្លួនពលរដ្ឋវៀតណាមនោះ សមត្ថកិច្ចចាប់បានមនុស្ស ៤នាក់ និងត្រាក់ទ័រ ៥គ្រឿង ប៉ុន្តែមានពលរដ្ឋវៀតណាម និងត្រាក់ទ័ររាប់សិបគ្រឿងទៀតបានរត់រួចពីការចាប់ខ្លួននេះ។
លោកបន្តថា ពលរដ្ឋវៀតណាម ទាំងនោះ ប៉ុនប៉ងចូលមកដឹកជញ្ជូនឈើដែលពលរដ្ឋវៀតណាម ដូចគ្នានេះបានលួចឆ្លងដែនចូលមកអាររំលំឈើមូលក្នុងព្រៃខ្មែរ ហើយច្រៀកជាឈើជ្រុងដើម្បីដឹកជញ្ជូនចេញពីដីខ្មែរ៖ «ឈើមានក្រុមផ្សេងគេអ្នកកាប់ ហើយពួកហ្នឹងចូលមកបម្រុងដឹក។ ព័ត៌មាននេះខាងនគរបាលព្រំដែនខ្ញុំល្បាតឃើញគ្នាគាត់តិច ហើយអ្នកពាក់ព័ន្ធថា មានអ្នកធំ។ អ៊ីចឹងខ្ញុំសុំព្រះរាជអាជ្ញា មេព្រៃទៅចូលរួមទៅ ហើយក៏ចាប់បានមែន អ្នកប៉ុន្មានទៀតរត់រួចទៅ»។
ដូចគ្នានេះដែរ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក កែប តក់ មានប្រសាសន៍ថា សមត្ថកិច្ចព្រៃឈើបានកសាងសំណុំរឿងនិងបញ្ជូនពលរដ្ឋវៀតណាម ទាំង ៤នាក់ ទៅតុលាការក្នុងបទចោទប្រកាន់ថា ពួកគេចូលមកប្រមូលផលព្រៃឈើក្នុងដីខ្មែរខុសច្បាប់។ លោកបន្តថា សមត្ថកិច្ចមិនទាន់ស្វែងរកឃើញប្រភពឈើដែលពលរដ្ឋវៀតណាម ទាំងនោះចូលមកដឹកជញ្ជូន និងក្រុមមនុស្សពាក់ព័ន្ធនៅឡើយ។
នេះជាលើកទី១ហើយ នៅដើមឆ្នាំ២០១៥ នេះ ដែលសមត្ថកិច្ចចាប់បានពលរដ្ឋវៀតណាម ឆ្លងដែនចូលកាប់ឈើទ្រង់ទ្រាយធំក្នុងដីខ្មែរ។
កាលពីឆ្នាំ២០១៤ តុលាការខេត្តមណ្ឌលគិរី បានសម្រេចកាត់ទោសពលរដ្ឋវៀតណាម ១៥នាក់ឲ្យពួកគេជាប់ទោស ១ឆ្នាំ ប៉ុន្តែអនុវត្តទោសជាប់ពន្ធនាគារ ៤ខែ ១៥ថ្ងៃ។ ចំណែកទោសដែលនៅសេសសល់ត្រូវព្យួរ និងពិន័យប្រាក់ ១៥លានរៀលបន្ទាប់ពីប្រជាសហគមន៍ជនជាតិដើមភាគតិចព្នងឃុំប៊ូស្រា បានចុះល្បាតក្នុងព្រៃ បានឃាត់ខ្លួនជនជាតិវៀតណាមទាំងនោះ នឹងវត្ថុតាងមួយចំនួន រួមមាន គោយន្តច្នៃចំនួន ៤គ្រឿង រណាយន្ត ៧គ្រឿង កាំភ្លើងធុនអ៊ឹមសី (M16) ១ដើម ម៉ូតូ ៩គ្រឿង និងឈើគគីរកាត់រួចប្រមាណ ៤ម៉ែត្រគូប៕
1 comment:
This is a fucking joke.
Post a Comment