អង្គការសង្គមស៊ីវិល និងអ្នកនយោបាយនៅក្នុងតំបន់ ហៅការចូលមកបន់ស្រន់នៃជនអន្តោប្រវេសន៍វៀតណាម នៅលើភ្នំបូកគោថា ដោយសារភាពធូររលុងនៃការអនុវត្តច្បាប់។
ការចុះទៅពិនិត្យភ្នំបូកគោ របស់គណៈកម្មការជំនាញសភាបន្ទាប់ពីប្រជាពលរដ្ឋអះអាងថា ជនអន្តោប្រវេសន៍វៀតណាម បានប្រើប្រាស់ភ្នំបូកគោ សម្រាប់ធ្វើជាទីតាំងគោរពបូជាតាមបែបសាសនា និងធ្វើសមាធិ អស់ពេលជាច្រើនឆ្នាំមកហើយ និងប្រជាពលរដ្ឋសង្ស័យថា ការជ្រើសរើសតំបន់បូកគោ ដើម្បីធ្វើជាទីតាំងសម្រាប់សក្ការបូជានេះ អាចធ្វើឡើងក្រោមហេតុផលអ្វីមួយមិនល្អ។
សំឡេងមន្ត្រីឃ្លាំមើលការអនុវត្តច្បាប់៖ «យើងគិតទៅថា តំបន់នោះ វាមិនងាយចូលទៅបានទេ។ បើសិនជាពលរដ្ឋខ្មែរយើង ដែលក្រីក្រចូលអត់មាន ដោយសារតែពួកគាត់ត្រូវទិញសំបុត្រម្នាក់ ២ដុល្លារ»។
មន្ត្រីឃ្លាំមើលការអនុវត្តច្បាប់ប្រចាំតំបន់នៃខេត្តកំពត ចាត់ទុកថា មូលហេតុនៃការហូរចូលយ៉ាងសន្ធឹកសន្ទាប់នៃជនជាតិវៀតណាម នៅលើភ្នំបូកគោ ក្រោមហេតុផលទេសចរណ៍ និងសាសនានេះ គឺដោយសារតែការអនុវត្តច្បាប់របស់កម្ពុជា នៅទន់ខ្សោយ ជាពិសេសមន្ត្រីអនុវត្តច្បាប់នៅមូលដ្ឋាន អាចជាប់ពាក់ព័ន្ធអំពើពុករលួយ ជាថ្នូរនឹងបានចូលមកកម្ពុជា ដោយងាយៗដូចនេះ។
លោក យន់ ផល្លី មន្ត្រីស្រាវជ្រាវ និងអង្កេតនៃអង្គការលីកាដូ (Licadho) ប្រចាំខេត្តកំពត និយាយថា កម្ពុជាហាក់ងាយចេញចូលខ្លាំងណាស់សម្រាប់ជនអន្តោប្រវេសន៍ ជាពិសេសពលរដ្ឋវៀតណាម។ លោកបន្តថា មូលហេតុនៃការហូរចូលជនជាតិវៀតណាម នៅតំបន់ភ្នំបូកគោនេះ គឺដោយសារតែភាពធូររលុងនៃការអនុវត្តច្បាប់នៅតាមច្រកព្រំដែន៖ «វាសំខាន់គឺអាជ្ញាធរដែនដីនៅតាមច្រកនីមួយៗ។ អ៊ីចឹងត្រូវតែរឹតបន្តឹង ធ្វើការត្រួតពិនិត្យ»។
ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់មួយចំនួននៃខេត្តកំពត ក្នុងនោះដោយរួមទាំង អភិបាលខេត្តកំពត លោក ខូយ ឃុនហួរ ស្នងការ និងស្នងការរងបានព្យាយាមបដិសេធក្នុងការផ្ដល់ចម្លើយអំពីការទទួលខុសត្រូវក្នុងរឿងនេះ។
បើទោះជាបែបណា ប្រធានប៉ុស្តិ៍ព្រំដែនកម្ពុជា-វៀតណាម ប្រចាំច្រកទាន់ហន់ លោក អែម សុភា ឲ្យដឹងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ថា ពលរដ្ឋវៀតណាម ដែលឆ្លងកាត់ទៅភ្នំបូកគោ ទាំងអស់ គឺសុទ្ធតែមានលិខិតឆ្លងដែន និងមានការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធ៖ «ភាគច្រើន គឺគេប្រើលិខិតឆ្លងដែន។ ភ្ញៀវទាំងអស់ហ្នឹងគឺមិនអាចហ៊ានឆ្លងដោយគ្មានឯកសារបានទេ»។
ការថ្លែងរិះគន់របស់អង្គការសង្គមស៊ីវិលនៅពេលនេះ ធ្វើឡើងក្រោយពីគណៈកម្មការទី៧នៃរដ្ឋសភា បានចុះត្រួតពិនិត្យជាថ្មីទៀតនៅភ្នំបូកគោ កាលពីថ្ងៃទី១២ កុម្ភៈ។ យុទ្ធនាការនេះ គឺបន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្រាវជ្រាវម្ដងរួចមកហើយដែរ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤។ ប៉ុន្តែកាលណោះ ជាលទ្ធផលគឺរកពុំឃើញថា ការធ្វើសមាធិរបស់ជនជាតិវៀតណាមនេះ អាចមានផលប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់កម្ពុជាទេ។
ដោយឡែក ការចុះអង្កេតលើកនេះរបស់សមាជិករដ្ឋសភាមកពីខាងគណបក្សសង្គ្រោះជាតិ ដែលទទួលបន្ទុកវប្បធម៌ ទេសចរណ៍ អប់រំ និងសាសនា ហាក់រកពុំឃើញអ្វីជាដុំកំភួនឡើយ។
នៅតាមដំបន់គោលដៅមួយចំនួនដែលធ្លាប់តែមានព្រះសង្ឃវៀតណាម និងរោងស្នាក់អាស្រ័យរបស់ជនជាតិវៀតណាម គឺពុំមានអ្វីទៀតទេ ជាពិសេស រូបសំណាកព្រះពុទ្ធតាមបែបសាសនាវៀតណាម រូបព្រះនាង គង់ ស៊ីអ៊ីម និងរូបថតរបស់លោក ហូ ជីមិញ ជាដើម ដែលធ្លាប់ដាក់តាំងនៅក្នុងរោងថ្មនៃតំបន់ភ្នំបូកគោនេះ ដូចជាទីតាំងប្រវាំងកូន វាលស្រែ ៥០០ និងតំបន់ម៉ុង ១០០ ជាដើម គឺនៅពេលនេះ ពុំមានទៀតឡើយ។ មានរូបសំណាកមួយចំនួនដែលពលរដ្ឋវៀតណាម ចាត់ទុកថា ជាវត្ថុស័ក្ដិសិទ្ធិ និងតែងគោរពបូជាត្រូវបានគេបំផ្លាញចោលមុនគណៈកម្មការទៅដល់ និងចុះត្រួតពិនិត្យ។
ជុំវិញរឿងនេះ ក្រុមអ្នកសង្កេតការណ៍នៃអង្គការមិនមែនរដ្ឋាភិបាលយល់ឃើញថា ការចុះស្រាវជ្រាវដោយចំហដូចនេះរបស់គណៈកម្មការនៃរដ្ឋសភាដែលដឹកនាំដោយ យ៉ែម បុញ្ញឫទ្ធ កាលពីថ្ងៃទី១២ កុម្ភៈ គឺពុំអាចរកឃើញអ្វីជាលទ្ធផលឡើយ។ ហេតុផលមួយក្នុងចំណោមហេតុផលផ្សេងទៀតនៅត្រង់ថា ការចុះអង្កេតលើកនេះ គឺត្រូវបានប្រកាសឲ្យដឹងជាសាធារណៈជាច្រើនថ្ងៃមុននឹងចុះធ្វើសកម្មភាព។
បន្ថែមពីលើនេះ បេសកកម្មនេះទៀតសោត គឺជាការចំណាយស្ទើរទាំងស្រុង រួមការស្នាក់នៅ ថ្លៃម្ហូបអាហារ និងរថយន្តដឹកជញ្ជូនជុំវិញបរិវេណនៃតំបន់គោលដៅដែលសង្ស័យថា មានជនជាតិវៀតណាម ទៅធ្វើសមាធិនៅលើខ្នងភ្នំបូកគោ គឺជាបន្ទុកក្រុមហ៊ុនរបស់លោក សុខ គង់ ផ្ទាល់។
យ៉ាងណា ក្នុងរយៈពេលនៃការស្រាវជ្រាវ ១យប់២ថ្ងៃរបស់គណៈកម្មការនៃរដ្ឋសភានេះ គឺសង្កេតឃើញថា ពុំមានវត្តមាននៃជនជាតិវៀតណាម ឡើងចុះភ្នំបូកគោសូម្បីម្នាក់ឡើយ។
ភាពស្ងប់ស្ងាត់នេះ បើប្រៀបធៀបនឹងថ្ងៃផ្សេងវិញ គឺចំនួនភ្ញៀវទេសចរវៀតណាម ឡើងចុះភ្នំបូកគោតាមរយៈរថយន្តប្រភេទ ១២កៅអី និងតាមម៉ូតូ គឺមានច្រើននាក់ជាប់ជានិច្ច។ ចំណែកបុគ្គលិកដែលបម្រើការនៅលើភ្នំបូកគោ ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ជាទម្លាប់ក្នុងមួយក្រុមៗ ពលរដ្ឋវៀតណាម តែងឡើងចុះជាហូរហែ មានគ្នាពី ១០ ទៅ ២០នាក់ គឺប្លែកតែថ្ងៃនៃការចុះត្រួតពិនិត្យរបស់គណៈកម្មការនៃរដ្ឋសភានេះប៉ុណ្ណោះ។
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ទទួលបន្ទុកវប្បធម៌ ទេសចរណ៍ អប់រំ និងសាសនា ដែលដឹកនាំគណៈប្រតិភូចុះអង្កេតចាត់ទុកថា ថ្វីបើវិស័យទេសចរណ៍ គឺជាផ្នែកមួយដែលអាទិភាពក្នុងការរកចំណូលសម្រាប់ជាតិ តែថា ភាពចន្លោះប្រហោងមួយរបស់កម្ពុជា នៅពេលនេះ គឺពុំបានរៀបចំទីតាំងកម្សាន្តឲ្យទៅតាមរចនាបថរបស់ខ្លួននៅឡើយទេ។
បើទោះជាបែបណា លោក យ៉ែម បុញ្ញឫទ្ធិ នៅមិនទាន់ប្រាកដនៅឡើយទេថា តើនឹងមានវិធានការបែបណា ក្រោយពីត្រួតពិនិត្យរួចនេះ ដោយលោកគ្រាន់តែបញ្ជាក់ថា អាចនឹងកោះអញ្ជើញមន្ត្រីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលមួយចំនួន ដើម្បីឆ្លើយបំភ្លឺបន្ថែមទៀតក្នុងរឿងនេះប៉ុណ្ណោះ៖ «យើងនឹងពិនិត្យមើលពេលវេលា ហើយខ្ញុំនឹងអញ្ជើញរដ្ឋមន្ត្រីក្រសួងវប្បធម៌ ក្រសួងធម្មការសាសនា ហើយនិងក្រសួងទេសចរណ៍។ អាចនឹងក្រសួងអប់រំជាមួយគ្នាទៀត»។
ទាំងលោក ស្វាយ វុត្ថា នាយកនីតិកម្ម និងទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន សុខា ឋានសួគ៌បូកគោ និងកូនប្រសារបស់លោក សុខ គង់ គឺលោក សាយ សុភក្រ្តា ប្រធានផ្នែកលក់ និងទីផ្សារ បានបដិសេធថា លំហូរនៃជនជាតិវៀតណាម ដែលឡើងភ្នំបូកគោ ក្រោមហេតុផលនៃសាសនានេះ គឺខាងក្រុមហ៊ុនមិនស្ថិតនៅពីក្រោយរឿងនេះទេ។
លោក សាយ សុភក្រ្តា ដែលជាកូនប្រសារបស់លោក សុខ គង់ និយាយថា ការពិតផ្នូរបូរាណនេះ មានតាំងពីមុនក្រុមហ៊ុនចាប់វិនិយោគទៅទៀត។ លោកបន្តថា អ្វីដែលក្រុមហ៊ុនកំពុងតែផ្សព្វផ្សាយនៅលើទីផ្សារនៅពេលនេះ គឺបង្ហាញពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសនៅលើភ្នំបូកគោ ដើម្បីទាក់ទាញអ្នកទេសចរឲ្យមកទស្សនា មិនថា ភ្ញៀវវៀតណាម ឬជាតិសាសន៍ដទៃនោះទេ៖ «យើងផ្សព្វផ្សាយជាគេហៅថា ជាតំបន់ទេសចរណ៍ឋានសួគ៌បូកគោ ហើយភ្នំបូកគោព្រះមុនីវង្ស ហ្នឹង តំបន់បូកគោហ្នឹង។ អ៊ីចឹងជនជាតិវៀតណាមក្ដី ជនជាតិថៃក្ដី ជនជាតិខ្មែរយើងក្ដី គឺយើងស្វាគមន៍គាត់ទាំងអស់»។
បើទោះជាដូចនេះក៏ដោយចុះ ក៏សមាជិកក្រុមប្រឹក្សាខេត្តកំពត នៃគណបក្សសង្គ្រោះជាតិ ប្រចាំតំបន់រកឃើញថា គឺវាមិនដូចអ្វីដែលតំណាងភាគីក្រុមហ៊ុនរបស់លោក សុខ គង់ លើកឡើងនោះឡើយ។
អ្នកស្រី សម ចរិយា មានប្រសាសន៍ថា ក្រោយពីក្រុមហ៊ុនរបស់លោក សុខ គង់ ចាប់វិនិយោគ និងដាក់ឲ្យដំណើរការជាផ្លូវការរួចមក ជាពិសេសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អ្វីៗនៅជុំវិញបរិវេណភ្នំបូកគោ គឺមិនបម្រើឲ្យសាធារណជនឡើយ ពោលគឺទីតាំងនោះ ហាក់ប្រែក្លាយទៅជាតំបន់ស្វយ័តផ្ដាច់មុខរបស់លោក សុខ គង់ តែម្នាក់ប៉ុណ្ណោះ៖ «ខ្ញុំគិតថា បើសិនជាគាបសង្កត់ សូម្បីតែអីវ៉ាន់តិចតួច ក៏មិនឲ្យបុគ្គលិកជាជនជាតិខ្មែរ ហើយទៅធ្វើនៅហ្នឹង។ គាត់រឹតត្បិតតាំងពីអ៊ីចឹង វាហាក់ដូចជាជ្រុលពេក»។
បន្ថែមពីលើនេះ ស្ត្រីដែលមានរបរលក់ដូរនៅក្បែរតំបន់ភ្នំបូកគោ ដែលនិយាយសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា មិនត្រូវបានផ្ដល់សិទ្ធិឲ្យលក់ដូរដូចមុន និងដឹកសម្ភារៈសំពីងសំពោង ឬបើថា ឲ្យលក់ដូរវិញ គឺទារក្នុងតម្លៃមួយដែលខ្ពស់រហូតដល់ ៥០០ដុល្លារក្នុងមួយខែ។ ផ្ទុយពីនេះវិញ បើពលរដ្ឋវៀតណាម គឺអាចបើកអាជីវកម្មបានដោយងាយ៖ «អ្នកលក់ហ្នឹងវៀតណាម ខាងខ្សែគេ សុខ គង់។ យើងអត់»។
ឆ្លើយតបរឿងនេះ កូនប្រសារបស់លោក សុខ គង់ គឺលោក សាយ សុភក្រ្តា អះអាងថា មូលហេតុនៃការមិនអនុញ្ញាតឲ្យមានអ្នកលក់ដូរនោះ គឺដើម្បីបញ្ចៀសភាពមិនស្មោះត្រង់ របស់អ្នករកស៊ីប៉ុណ្ណោះ ។ លោក សាយ សុភក្រ្តា បន្តថា ព្រោះកន្លងទៅមានអ្នកដែលមិនស្មោះត្រង់ ហើយបង្កជាបញ្ហានៅលើភ្នំបូកគោនេះ។
យ៉ាងណា នៅរមណីយដ្ឋានភ្នំបូកគោបច្ចុប្បន្ន អ្នកដែលឡើងទស្សនាត្រូវបានក្រុមហ៊ុនរឹតត្បិត ដូចជាហាមចតនៅតាមផ្លូវឡើងចុះ និងអ្នកបរិភោគអាហារតាមផ្លូវត្រូវផាកពិន័យ ៥០ដុល្លារជាដើម៕
No comments:
Post a Comment