មន្ត្រីជំនាញនិងសមត្ថកិច្ចរបស់រដ្ឋាភិបាលតែងបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាប ជាញឹកញាប់ ក៏ប៉ុន្តែបច្ចុប្បន្នអំពើនេសាទត្រីខុសច្បាប់នៅតែកើតមានជាច្រើនកន្លែងដដែល។
អង្គការក្រៅរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងកិច្ចការពារធនធានជលផល ឱ្យដឹងថា ការនេសាទត្រីដោយប្រើឧបករណ៍ខុសច្បាប់នៅក្នុងបឹងទន្លេសាប នៅតែកើតមានក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប ជាដើម។
ប្រជាពលរដ្ឋខ្មែររស់នៅក្នុងបឹងទន្លេសាបនៃស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រកបមុខរបរនេសាទត្រីចិញ្ចឹមជីវិតអំពាវនាវឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់បង្ក្រាបទៅលើការនេសាទត្រីខុសច្បាប់ឱ្យមានប្រសិទ្ធភាព។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីពួកគេអះអាងថា ក្រុមជនជាតិវៀតណាមខ្លះ និងខ្មែរខ្លះដែលនេសាទត្រីសម្រាប់ធ្វើជំនួញទ្រង់ទ្រាយធំកំពុងប្រើឧបករណ៍អូសដោយកាណូតដើម្បីចាប់យកត្រីខុសច្បាប់ មិនខ្លាចការបង្ក្រាបណាមួយទេ។
បុរសអ្នកនេសាទម្នាក់ នៅឃុំកំពង់ឃ្លាំង នៃស្រុកសូទ្រនិគម ក្នុងចំណោមអ្នកនេសាទជាច្រើនទៀត។ គាត់មានប្រសាសន៍ដោយសុំមិនបញ្ចេញឈ្មោះថា បច្ចុប្បន្នអំពើនេសាទត្រីខុសច្បាប់កំពុងកើតមាននៅក្នុងទន្លេសាបនៃតំបន់ពួកគាត់រស់នៅ។ បុរសដដែលបញ្ជាក់ថា ជនជាតិវៀតណាម តែងប្រើឧបករណ៍យ៉ាំងកាវ ទំហំធំ ហើយអូសដោយកាណូត ដើម្បីចាប់យកត្រី ក៏ប៉ុន្តែមិនមានសមត្ថកិច្ច ឬក៏មន្ត្រីជលផលណាបង្ក្រាបទេ៖ «យ៉ាំងកាវនោះក៏ដល់កដែរ បើថា សំខាន់បំផុតឆក់មិនដឹងចេញមកពីណាទេ ខ្លាំងជាងអ្នកនៅខាងលើ។ ខ្មែររកស៊ីមិនកើតទេ តែយួនរកកើត ហើយដូចព្រៃលិចទឹក ដូចដើមរាំងអីកាប់ចាល់...»។
ចំណែកប្រជាពលរដ្ឋរស់នៅក្នុងបឹងទន្លេសាប នៃឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ក៏អះអាងប្រហាក់ប្រហែលគ្នាដែរ។
ស្ត្រីឈ្មោះ ប៉េង ណាក់ គឺជាអ្នកភូមិត្នោតកំបុត នៃឃុំកំពង់ភ្លុក មានប្រសាសន៍ថា សកម្មភាពនេសាទត្រីខុសច្បាប់ដោយប្រើឧបករណ៍ និងកាណូតធំ គឺឧស្សាហ៍កើតមានជាញឹកញាប់នៅតំបន់កណ្ដាលទន្លេសាប។ ស្ត្រីដដែលបញ្ជាក់ថា ការនេសាទត្រីខុសច្បាប់ទាំងនោះ មិនត្រឹមតែបំផ្លាញធនធានមច្ឆាជាតិប៉ុណ្ណោះទេ ថែមទាំងបំផ្លាញដល់មង និងលបរបស់ប្រជាពលរដ្ឋដែលដាក់យកត្រីជាលក្ខណៈគ្រួសារទៀតផង៖ «យ៉ាំងកាវ មងវិល មងសាច់សអី នៅមួយជួរកណ្ដាលទន្លេសាប។អូសយប់ ទាំងពេលល្ងាច ពេលខ្លះថ្ងៃតែម្ដង យួនផង ខ្មែរផង អ្នកខ្លះមកពីកំពង់ហ្លួង ខេត្តពោធិ៍សាត់ ក៏មាន»។
ទាំងអ្នកកំពង់ឃ្លាំង ស្រុកសូទ្រនិគម និងអ្នកកំពង់ភ្លុក ស្រុកប្រាសាទបាគង បាននិយាយដូចគ្នាថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ គឺនាំគ្នាខំគោរពច្បាប់មិនហ៊ាននេសាទត្រីខុសច្បាប់ទេ រហូតដល់ពេលខ្លះរកត្រីមិនបាន គឺគ្មានលុយទិញអង្ករដាំបាយហូបផង ក៏ប៉ុន្តែចំពោះជនជាតិវៀតណាមវិញ នៅតែនេសាទត្រីខុសច្បាប់ ហើយហាក់មិនមានអាជ្ញាធរណាចេញមុខបង្ក្រាបឱ្យមានប្រសិទ្ធភាពសោះ។
មន្ត្រីជលផលនៃអធិការដ្ឋានខាងជើងបឹងទន្លេសាប បដិសេធថា បច្ចុប្បន្ននេះមិនមានបទល្មើសនេសាទដែលប្រើឧបករណ៍ធំៗខុសច្បាប់ ដូចប្រជាពលរដ្ឋអះអាងនោះទេ ក៏ប៉ុន្តែការនេសាទត្រីខុសច្បាប់ដោយប្រើឧបករណ៍តូចតាចខ្លះនៅតែកើតមាននៅឡើយ។
នាយសង្កាត់រដ្ឋបាលជលផលកំពង់ឃ្លាំង លោក ហោ ឡា មានប្រសាសន៍ថា បច្ចុប្បន្ននេះមិនមានបទល្មើសនេសាទធំដុំនៅតំបន់បឹងទន្លេសាប ដែលលោកគ្រប់គ្រងទេ ក៏ប៉ុន្តែបទល្មើសនេសាទប្រើឧបករណ៍លបខុសពីទំហំដែលច្បាប់កំណត់ខ្លះ គឺមាន។ ទោះយ៉ាងណាលោក ហោឡា ទទួលស្គាល់ថា ពិតជាមានជនជាតិវៀតណាមខ្លះ ដែលឆ្លងមកពីខេត្តពោធិ៍សាត់ បានលបលួចចូលមកនេសាទដោយប្រើឧបករណ៍ធំៗ ដូចជាអូសយ៉ាំងកាវមែន ក៏ប៉ុន្តែបញ្ហានេះជំនាញជលផលពិបាកបង្ក្រាប ពីព្រោះវាតែងកើតមាននៅកណ្ដាលទន្លេ ជាតំបន់ជាប់ដែនទឹកគ្នារវាងខេត្តសៀមរាប និងខេត្តពោធិ៍សាត់៖ «ថ្ងៃខ្លះយើងចេញទៅតាមអត់ទាន់ទៀត គ្រាន់តែយើងចេញទៅ គេដឹងហើយគេឆ្លងទៅព្រំដែនទឹកខេត្តផ្សេងបាត់។ បទល្មើសទាំងនោះ ច្រើនឆ្លងមកពីខេត្តពោធិ៍សាត់ ហើយក៏មានមកពីកំពង់ភ្លុក និងមកពីចុងឃ្នាសខ្លះ»។
មន្ត្រីសម្របសម្រួលកម្មវិធីបឹងទន្លេសាប របស់អង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល លោក មិញ ប៊ុនលី មានប្រសាសន៍ថា បច្ចុប្បន្នបទល្មើសនេសាទក្នុងបឹងទន្លេសាបនៅតែកើតមានតាមបណ្ដាខេត្តជាច្រើន ដូចជាមានការជីកអាងទឹក និងកាប់ព្រៃលិចទឹកខុសច្បាប់ក្នុងតំបន់ត្រីពងកូននៅខេត្តបាត់ដំបង ហើយនៅខេត្តសៀមរាប ការនេសាទត្រីខុសច្បាប់កំពុងកើតមានជាច្រើនកន្លែង។
មន្ត្រីដដែលបញ្ជាក់ថា មានបញ្ហាជាច្រើនដែលធ្វើឱ្យបទល្មើសនេសាទនៅតែបន្តនេះ៖ «ទី១ទាក់ទងនិងការផ្ទេរអំណាចឱ្យសិទ្ធិថ្នាក់ក្រោមជាតិគ្រប់គ្រង ដោយយន្តការរបស់រដ្ឋាភិបាលគ្រាន់តែមានលើក្រដាស ប៉ុន្តែការអនុវត្តជាក់ស្ដែងអត់ទាន់មាននៅឡើយ។ ទី២ មានការឃុបឃិត ត្រូវរ៉ូវគ្នារវាងមន្ត្រីខិលខូចជាមួយក្រុមអ្នកល្មើសច្បាប់។ តាមពិតអ្នកប្រព្រឹត្តបទល្មើសក៏ខ្លាចច្បាប់ដែរ ប៉ុន្តែអ្នកគ្រប់គ្រងច្បាប់មួយចំនួនតូចមានការពាក់ព័ន្ធក្នុងរឿងបើកដៃឱ្យនេសាទខុសច្បាប់»។
អង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល បង្ហាញការព្រួយបារម្ភថា បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងភ័យខ្លាចរឿងធនធានជលផលក្នុងបឹងទន្លេសាប ថយចុះ ដោយសារតែការប្រែប្រួលអាកាសធាតុ ក៏ប៉ុន្តែប្រសិនបើមានបទល្មើសនេសាទដូចជាអូសអួន ដាក់លបបិទផ្លូវត្រីមិនឱ្យឡើងទៅពងកូនកើត ព្រមទាំងការនេសាទដោយប្រើឧបករណ៍ អូសកាណូតធំៗ វាកាន់តែគំរាមកំហែងដល់ការថយចុះនៃមច្ឆាជាតិនៅពេលខាងមុខថែមទៀត៕
2 comments:
យួនគេមកនៅស្រុកខ្មែរ គេធ្វើអីក៍មិនដែលខុសដែរ ហើយបើឃើញខុសមុខអាណាហ៊ានទៅចាប់នោះ ទូកមួយណាក៍មានកាំភ្លើងដែរ ស្របច្បាប់ទៀត កុំភ្លើវ៉ើយ បើគ្រាន់ទៅសាកមើលទៅ មើលម៉ែនឹងឪ របស់ អាថោងសារាត់ដឹងហើយ តែខ្មែរ អង្គុយបាំងផ្លូវទាមទាឲ្យជួយដោះស្រាយបញ្ហា បែរជាមិនដោះស្រាយ យកទៅដាក់គុកគ្មានថ្ងៃចេញទេ
Government official are afraid of Hanoi's flue.
Post a Comment