ដោយ៖ ថោ ស៊ីណា | ថ្ងៃចន្ទ ទី9 កុម្ភៈ 2015
កម្ពុជាស្នើឲ្យប្រទេសកាតាជួយពង្រឹងផ្នែកកសិកម្ម ដោយសារប្រទេសនេះមានចំណែកក្នុងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍អាស៊ី ហៅថា (AIID) ដែលអាចផ្តល់ហិរញ្ញប្បទាន ឬកម្ចីឥតការប្រាក់ដល់កម្ពុជា ដើម្បីពង្រឹងផែ្នកកសិកម្ម ដូចជាទិញម៉ាស៊ីនកិនស្រូវជួយប្រជាសិករកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍បែបនេះក្នុងសន្និសីទកាសែតមួយ ក្រោយជំនួបទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង និងឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសនៃរដ្ឋកាតា លោក Mohamed Abdulla Al-Rumaihi នៅក្រសួងការបរទេស នាព្រឹកថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ។
លោក កុយ គួង បញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សា ពីគម្រោងធ្វើកិច្ចព្រមព្រៀងមួយចំនួនដូចជា អនុស្សរណៈស្តីពី ការពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វិស័យស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ កិច្ចប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកទេស ពាណិជ្ជកម្ម ជាដើម។ លោកកុយ គួង បន្តថាអនុស្សរណៈទាំងនេះ នឹងចុះហត្ថលេខានៅពេលដែលលោក ហោ ណាំហុង ទៅធ្វើទស្សនកិច្ចនៅប្រទេសកាតាក្នុងពេលដ៏ខ្លីខាងមុខ។
ក្រៅពីកិច្ចព្រមព្រៀងទាំងនេះ លោក កុយ គួង បន្តថា លោក Mohamed Abdulla Al-Rumaihi បានសរសើរលើការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាមានដូចជា ផ្លូវថ្នល់ សំណង់អគារ និងទីក្រុងស្អាតជាដើម ដែលកើតចេញពីការខិតខំរបស់រដ្ឋាភិបាលមួយនេះ ។
ទាក់ទងនឹងវិស័យទេសចរណ៍វិញ លោក កុយ គួង បន្តថា ឧបការីរដ្ឋមន្ត្រីកាតាសន្យាថា នៅពេលចប់ទស្សនកិច្ចក្នុងប្រទេសកម្ពុជា លោកនឹងជំរុញឲ្យមានការផ្សព្វផ្សាយវិស័យនេះបន្លែមទៀត ដើម្បីឲ្យប្រជាជនក្នុងប្រទេសលោកបានដឹង ។
សូមបញ្ជាក់ថា ក្នុងសន្និសីទនោះ លោក កុយ គួង ក៏បញ្ជាក់ដែរថាកម្ពុជាបានស្នើឲ្យប្រទេសកាតាទទួលយកកម្មករកម្ពុជា ឲ្យទៅធ្វើការក្នុងវិស័យសំណង់ក្នុងប្រទេសនេះផងដែរ ៕
សូមសរសេរមកលោក ថោ ស៊ីណា តាមរយៈ sina@vodhotnews.com
No comments:
Post a Comment