ក្រុមយុវជនរបស់គណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នាមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣។
RFA/Tin Zakariya
គណបក្សកាន់អំណាច គ្រោងរៀបចំបញ្ចូលសមាសភាពយុវជនចូលទៅក្នុងក្រុមដែលមានតួនាទីដឹកនាំបក្ស ឬគណៈកម្មាធិការកណ្ដាល ក្នុងថ្ងៃធ្វើសមាជបក្សនៅចុងខែមករា ដល់ដើមខែកុម្ភៈ។ នៅពេលធ្វើសមាជ បក្សនឹងមានការបោះឆ្នោតបំពេញបន្ថែម តបតាមសំណើរបស់គណៈអចិន្ត្រៃយ៍។
គណបក្សប្រជាជនកម្ពុជា នឹងបញ្ចូលចំនួនយុវជនក្នុងជួរដឹកនាំបក្សដ៏ច្រើនពុំធ្លាប់មានក្នុងក្បាលម៉ាស៊ីនបក្ស បន្ទាប់ពីបក្សកាន់អំណាចមួយនេះធ្លាក់ប្រជាប្រិយភាពក្នុងការបោះឆ្នាំ២០១៣ កន្លងទៅ។ ការបន្ថែមសមាសភាពយុវជននោះ សង្គមស៊ីវិល និងអ្នកសិក្សាស្រាវជ្រាវសង្គម ស្វាគមន៍ ប៉ុន្តែទាមទារឲ្យការជ្រើសរើសនោះមានតម្លាភាព និងត្រូវប្ដូរឥរិយាបថក្នុងការគ្រប់គ្រងសព្វថ្ងៃ។
ថ្លែងមុនការធ្វើសមាជបក្សមួយថ្ងៃនៅមន្ទីររដ្ឋសភា នៅថ្ងៃទី២៩ ខែមករា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នឹងមានការបញ្ចូលសមាសភាពយុវជនកាន់ការធំក្នុងជួរដឹកនាំបក្ស។
បន្ថែមពីលើប្រសាសន៍ លោក ស ខេង មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មួយរូបសុំមិនបញ្ចេញឈ្មោះ បានឲ្យវិទ្យុអាស៊ីសេរី ដឹងថា នៅក្នុងការជ្រើសរើសនោះ គឺមានការបោះឆ្នោតត្រឹមត្រូវពីសមាជិកបក្ស។ ទោះមិនបង្ហាញចំនួនពិតប្រាកដ ប៉ុន្តែមន្ត្រីរូបនោះអះអាងថា ការបញ្ចូលសមាសភាពយុវជន គឺមានចំនួនច្រើន ជាក់ស្តែងគ្រាន់តែក្នុងស្ថាប័នរបស់លោកមួយមានយុវជនជាង ៥០នាក់ ដែលត្រូវដាក់បញ្ចូល។
សមាជគណបក្សប្រជាជនកម្ពុជា ធ្វើឡើងក្នុងរយៈពេល ៥ឆ្នាំម្តង។ ឆ្នាំនេះ បក្សគ្រោងធ្វើរយៈពេលបីថ្ងៃ គឺពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ។ នៅព្រឹកថ្ងៃដំបូង គេគ្រោងធ្វើនៅទីស្នាក់ការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា នៅភ្នំពេញ និងថ្ងៃបន្ទាប់ធ្វើនៅមណ្ឌលសន្និបាតកោះពេជ្រ ដែលមានអ្នកចូលរួមជាង ១ពាន់នាក់។
នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក ជាង សុខា ថ្លែងស្វាគមន៍ចំពោះការផ្តល់ឱកាសដល់យុវជនរបស់គណបក្សប្រជាជនកម្ពុជា។ យ៉ាងនេះក៏ដោយចុះ មន្ត្រីសង្គមស៊ីវិលរូបនេះ ទាមទារឲ្យការបញ្ចូលយុវជនមានតម្លាភាព ការប្រកួតប្រជែង និងផ្តល់ព័ត៌មានទូលំទូលាយដល់យុវជនទូទៅនៅក្នុងបក្ស មិនមែនជាការផ្តល់ពីឪពុកម្ដាយមានតួនាទីខ្ពស់ មកកូនរបស់ខ្លួននោះឡើយ៖ «យើងចង់ឃើញការដាក់បញ្ចូលនោះមានតម្លាភាព គឺមានន័យថា ប្រកាសឲ្យមានការប្រកួតប្រជែងក្នុងកម្រិតបក្ស»។
ក្រៅពីការបញ្ចូលសមាសភាពយុវជនចូលក្នុងជួរដឹកនាំបក្ស អ្នកវិភាគយល់ថា បក្សប្រជាជនកម្ពុជា នឹងធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីដណ្ដើមប្រជាប្រិយភាពរបស់ខ្លួនមកវិញពីគូប្រកួត បន្ទាប់បាត់បង់កៅអីមួយចំនួនធំក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ទោះគណបក្សនេះឈ្នះឆ្នោតក្តី។
យុវជនដែលកំពុងលេចធ្លោ ហើយដែលគេរំពឹងទុកថាអាចកាន់ការងារធំក្នុងបក្សរួមមាន កូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កូនប្រុស លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកូនប្រុស លោក សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា ជាដើម។
អ្នកសិក្សាស្រាវជ្រាវសង្គម លោកបណ្ឌិត កែម ឡី យល់ថា ការដាក់បេក្ខភាពយុវជននៅពេលនេះ ដើម្បីស្ដារប្រជាប្រិយភាពខ្លួនឡើងវិញ ខណៈដែលអ្នកដឹកនាំវ័យចំណាស់ៗក្នុងបក្សនេះធ្លាក់ចុះខ្លាំងដោយបញ្ហាសង្គម។ ជាងនេះទៅទៀត លោក កែម ឡី បន្តទៀតថា គណបក្សនេះត្រូវប្ដូរឥរិយាបថយុទ្ធសាស្ត្រនយោបាយ និងបំបែកអំណាចប្រមូលផ្តុំទៅជាអំណាចនៅមូលដ្ឋាន៖ «ការដាក់យុវជនវ័យក្មេងមិនទាន់គ្រប់គ្រាន់ទេ ទាល់តែមានកំណែទម្រង់ស៊ីជម្រៅទើបអាចធ្វើទៅបាន»។
សព្វថ្ងៃ គណបក្សប្រជាជនកម្ពុជា មានសមាជិកគណៈកម្មាធិការកណ្ដាលចំនួន ២៧១នាក់ ប៉ុន្តែក្នុងចំនួននោះ មានអ្នកខ្លះស្លាប់ និងអ្នកខ្លះទៀតកំពុងមានជំងឺធ្ងន់។ តាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ការជ្រើសរើសយុវជនមកបំពេញបន្ថែមក្នុងគណៈកម្មាធិការកណ្ដាល គឺជ្រើសចេញពីស្ថាប័នក្រសួងធំៗដែលពួកគេជាសមាជិកគណបក្សប្រជាជនកម្ពុជា៕
No comments:
Post a Comment