ដោយ៖ ឡេង ចាន់រតនា | ថ្ងៃពុធ ទី14 មករា 2015,
តំណាងគណៈកម្មាការទី១នៃរដ្ឋសភា នៅព្រឹកថ្ងៃពុធនេះ បានចុះជួបប្រជាពលរដ្ឋអ្នកមានជម្លោះដីធ្លីនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ដើម្បីអង្កេតស្រាវជ្រាវប្រមូលព៌ត័មានបន្ថែម និងដោះស្រាយជូនប្រជាពលរដ្ឋ ។
សមាជិកគណៈកម្មាទី១នៃរដ្ឋសភា និងជាតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ លោក ជា ប៉ូច ឲ្យ VOD ដឹងថា នៅថ្ងៃពុធនេះលោកបានចុះទៅភូមិឡពាង ដើម្បីជួបសំណោះសំណាល និងប្រមូលព័ត៌មានតាមពាក្យបណ្ដឹងពលរដ្ឋ៤៣គ្រួសារដែលបានដាក់ទៅគណៈកម្មាការទី១នៃសភា ស្នើឲ្យពន្លឿនរកដំណោះស្រាយជូនពួកគាត់ ។ តែយ៉ាងណា លោកមិនបានធ្វើការសន្យាជាក់លាក់ជាមួយអ្នកភូមិនោះទេ ។
លោកមានប្រសាសន៍ថា «ខ្ញុំអត់បានសន្យាអីទេ ដោយសារយើងប្រមូលព៌ត័មាន និងអង្កេតហើយ ហើយយើងត្រូវការសិក្សាតើប្រជាពលរដ្ឋលោកមានបំណងចង់ឲ្យអង្គការសង្គមស៊ីវិល ជាពិសេសអាដហុក និងគណៈកម្មាការទី១នៃរដ្ឋសភាលោកចង់សម្របសម្រួល ឬចង់អីយ៉ាងម៉េចគឺសិទ្ធិលើប្រជាពលរដ្ឋ ហើយយើងឲ្យតម្លៃទៅលើប្រជាពលរដ្ឋ ដើម្បីឲ្យលោកមានបំណងអីប្រាប់មគណៈកម្មាការទី១នៃសភាក៏ដូចជាអង្គការអាដហុក ដើម្បីយើងធ្វើការសម្របសម្រួលពីព្រោះគាត់ចង់បានការសម្របសម្រួលជាងការប្រឈមមុខដាក់គ្នា» ។
តំណាងប្រជាពលរដ្ឋនៅភូមិឡពាងលោក ស្ងួន ញួង មានប្រសាសន៍ថា លោកសង្ឃឹមថាប្រជាពលរដ្ឋនឹងទទួលបានដំណោះស្រាយក្នុងពេលឆាប់ៗ បន្ទាប់ពីរដ្ឋសភាប្រមូលបានព័ត៌មានគ្រប់គ្រាន់ ។ លោកថា «ខ្ញុំយល់ឃើញថា ជាការល្អមួយដែល ដែលគណៈកម្មាការទី១ នៃរដ្ឋសភាចង់បញ្ចប់រឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃអស់១១ឆ្នាំមកហើយនេះ គឺគាត់ចង់មកដោះស្រាយជាបញ្ចប់ហើយ ហើយបើគាត់មានឆន្ទៈ គាត់នឹងដោះស្រាយឲ្យចេញ ប៉ុន្ដែបើគាត់គ្មានឆន្ទៈនោះទេ រឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះនិងនៅដដែរ» ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា ឲ្យ VOD ដឹងថាការចុះទៅជួបប្រជាពលរដ្ឋមានជម្លោះដីធ្លីគឺជាកាតព្វកិច្ចរបស់គណៈកម្មាការទី១នៃរដ្ឋសភា ដើម្បីធ្វើការអង្កេតស្រាវជ្រាវ និងប្រមូលព៌ត័មានបន្ថែម យកមកធ្វើការដោះស្រាយជូនប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងទៅរដ្ឋសភា ។ ក្រោយការចុះប្រមូលព័ត៌មានលើកនេះ លោកសង្ឃឹមថានឹងអាចឈានទៅដល់ដំណោះស្រាយក្នុងពេលឆាប់ៗ ។
លោក សំ ចាន់គា មានប្រសាសន៍ថា «ឆន្ទៈរបស់ប្រជាពលរដ្ឋក៏ដូចជាក្រុមហ៊ុន គឺពួកគាត់មានឆន្ទៈក្នុងការសម្របសម្រួលដើម្បីបញ្ចប់ហើយ ប៉ុន្ដែកន្លងមកនេះ វាទាស់គ្នាបន្ដិចបន្ដួច ត្រង់ថាភាគីទាំងពីរហ្នឹងមិនជឿទុកចិត្ដគ្នា។ ម្យ៉ាងវិញទៀត គណៈកម្មាការទី១លោកមិនទាន់ប្រមូលបានឯកសារច្បាស់លាស់ដើម្បីដាក់ឲ្យភាគីទាំងពីរជជែកគ្នានៅឡើយទេ ប្រសិនបើលោកប្រមូលព៌ត័មានបានជុំ អាចនឹងរកច្រកដោះស្រាយបានហើយ» ។
គួរបញ្ជាក់ថា ទំនាស់ដីធ្លីទំនាស់ដីធ្លីរវាងក្រុមហ៊ុន KDC របស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាមួយអ្នកភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់តាំងពីឆ្នាំ២០០៧មកម្លេះ លើទំហំដីចំនួន១៨៣ហិកតា ។ ពលរដ្ឋអះអាងថា ជម្លោះដីនោះធ្វើឲ្យប៉ះពាល់ដល់ដីអ្នកភូមិជាង១០០គ្រួសារនៅតំបន់នោះ ៕
សូមសរសេរមកលោក ឡេង ចាន់រតនា តាមរយៈ cjlengchanratana@gmail.com
No comments:
Post a Comment