ប្រធានចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា (ឆ្វេង) ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០១៤ នៅសហរដ្ឋអាមេរិក។
Photo: RFA
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង នៅថ្ងៃទី១៤ មករា ប្រកាសសាលក្រមដោយផ្ដន្ទាទោសលោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ និងសមាជិក ៣នាក់ទៀត ឲ្យជាប់ពន្ធនាគារពាក់ព័ន្ធពីបទរួមគំនិតក្បត់ជាតិ។
មន្ត្រីឃ្លាំមើលផ្នែកសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) គិតថា ការសម្រេចរបស់តុលាការនេះ មិនបានផ្នែកលើការវិនិច្ឆ័យឲ្យបានត្រឹមត្រូវនោះទេ។
ប្រធានចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា នៅមិនទាន់បញ្ជាក់ជំហរច្បាស់លាស់ក្នុងការប្ដឹងទាស់ចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្ដន្ទាទោសឲ្យលោកជាប់ពន្ធនាគារពីបទក្បត់ជាតិ។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង សម្រេចផ្តន្ទាសទោសកំបាំងមុខឲ្យលោក សួន សេរីរដ្ឋា ជាប់ពន្ធនាគារ ៧ឆ្នាំ និងពិន័យប្រាក់ ២៥លានរៀល។ ក្រៅពីលោក មានសមាជិក ៣នាក់ទៀត រួមមានលោក សេរី ប៊ុនឡុង និងលោក សេង សុខម៉េង ត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៦ឆ្នាំ និងលោក អ៊ុំ ភារុន ត្រូវផ្ដន្ទាទោស ៥ឆ្នាំ និងពិន័យប្រាក់ក្នុងម្នាក់ៗ ៥លានរៀល និងត្រូវដកហូតសិទ្ធិក្នុងការបោះឆ្នោត។ ពួកគេទាំង ៣នាក់នោះ ជាប់ចោទពីបទចំនួន៣ រួមមានទី១ បទចោទ រួមគំនិតក្បត់ ឬក្បត់ជាតិ។ ទី២ បទរារាំងអ្នកដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត និងទី៣ បទបង្កការរំខានដល់អ្នកមានសិទ្ធិបោះឆ្នោត តាមមាត្រា ១២៤ នៃច្បាប់រៀបចំ និងការប្រព្រឹត្តទៅនៃការបោះឆ្នោតតំណាងរាស្ត្រ។ អ្នកទាំង៣នោះ ត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅខេត្តបន្ទាយមានជ័យ រយៈពេលមួយខែ មុនពេលបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីបានចែកចាយនាឡិកា វិទ្យុ ឌីវីឌី (DVD) និងអាវយឺតដែលមានរូបសញ្ញាចលនាអំណាចពលរដ្ឋខ្មែរ និងអំពាវនាវដល់ពលរដ្ឋកុំឲ្យចូលរួមការបោះឆ្នោតដោយគេយល់ថា ការរៀបចំបោះឆ្នោតនោះអយុត្តិធម៌។ រីឯលោក សួន សេរីរដ្ឋា ត្រូវជាប់ចោទ ថាជាមេខ្លោងនៃបទល្មើសទាំងនោះ។
លោក សួន សេរីរដ្ឋា ត្រូវបានជាប់ចោទផ្សេងទៀតថា ជាមេខ្លោងនៃសកម្មភាពចែកចាយផ្កាកុលាប និងខិត្តប័ណ្ណច្រើនរយសន្លឹកកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ដែលមានខ្លឹមសារញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាល។ លោកជាប់ចោទបទមជ្ឈិមពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ប៉ុន្តែត្រូវលោក តុប ឈុនហេង ជាចៅក្រមសម្រេចបង្វែរបទចោទពីមជ្ឈិមទៅជាបទឧក្រិដ្ឋ គឺបទក្បត់ជាតិ។
លោក សួន សេរីរដ្ឋា ដែលកំពុងឋិតនៅប្រទេសក្បែរកម្ពុជា បានបដិសេធមិនទទួលយកសាលក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ ដោយចាត់ទុកថា សាលក្រមនេះជារឿងនយោបាយ។ លោកបញ្ជាក់ថា ចលនាអំណាចពលរដ្ឋខ្មែរប្រកាន់ជំហរអហិង្សាក្នុងការទាមទារឲ្យមានការផ្លាស់ប្ដូរការដឹកនាំនៅកម្ពុជា មិនដូចការចោទប្រកាន់របស់រដ្ឋាភិបាលឡើយ៖ «ចំពោះខ្ញុំ ខ្ញុំយល់ឃើញថា សាលក្រមនេះអត់យុត្តិធម៌ចំពោះខ្ញុំទេ ហើយក៏អត់យុត្តិធម៌សម្រាប់សកម្មជនបីនាក់របស់អំណាចពលរដ្ឋខ្មែរនៅភ្នំពេញនោះដែរ។ គេចោទយើងថាចង់ផ្ដួលរំលំរដ្ឋាភិបាលដោយហិង្សានោះ ខ្ញុំធ្លាប់បកស្រាយហើយ គឺថាចលនាអំណាចពលរដ្ឋធ្វើមិនមែនហិង្សា យើងធ្វើដូចរដ្ឋាភិបាលដែរ គឺយើងប្រឆាំងនឹងអំពើហិង្សា។ អ្វីដែលយើងធ្វើនោះ យើងចង់ឲ្យពលរដ្ឋយល់ដឹងពីសិទ្ធិនយោបាយដូចជាករណីថា ករណីយើងផ្សព្វផ្សាយពលរដ្ឋប្រឆាំងនឹងការបោះឆ្នោត គឺប្រឆាំងនឹងការបោះឆ្នោតដែលទម្រង់មិនសេរី និងយុត្តិធម៌។ ក្រោយការបោះឆ្នោត ហើយពលរដ្ឋរាប់សែននាក់ និងគណបក្សប្រឆាំង ក៏បានចេញមកប្រឆាំងពីរឿងបោះឆ្នោតមិនត្រឹមត្រូវនេះដែរ»។
លោក សួន សេរីរដ្ឋា បន្តថា មេធាវីរបស់លោកនឹងប្ដឹងឧទ្ធរណ៍ប្រឆាំងទៅនឹងសាលក្រមតុលាការបន្តទៀត។ លោក សួន សេរីរដ្ឋា ជាខ្មែរ-អាមេរិកាំង កាលពីពេលថ្មីនេះ បានស្នើចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ប៉ុន្តែត្រូវបានក្រសួងបដិសេធ ហើយស្នើឲ្យកែតម្រូវឈ្មោះគណបក្ស។ បន្ទាប់ពីកែតម្រូវមក គណបក្សរបស់លោកមានឈ្មោះថា គណបក្សអំណាចខ្មែរ។ លោក សួន សេរីរដ្ឋា បញ្ជាក់ថា សាលក្រមសាលាដំបូងនេះមិនអាចក្លាយជាឧបសគ្គសម្រាប់ក្រសួងមហាផ្ទៃ បដិសេធសំណើបង្កើតគណបក្សរបស់លោកឡើយ។
មេធាវីការពារក្តីឲ្យលោក សួន សេរីរដ្ឋា គឺលោកមេធាវី សុក សំអឿន បញ្ជាក់ថា លោកបានផ្ដល់ដំណឹងពីការសម្រេចរបស់តុលាការនេះទៅលោក សួន សេរីរដ្ឋា រួចហើយ។ ប៉ុន្តែលោក សួន សេរីរដ្ឋា នៅមិនទាន់បង្ហាញជំហរណាមួយប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ចំពោះការសម្រេចនេះនៅឡើយទេ៖ «មិនទាន់ច្បាស់ទេតែប្រហែលជាប្ដឹងមើលទៅ និយាយរួមគាត់ (សួន សេរីរដ្ឋា) ចាំមើលគេចេញសាលក្រមឲ្យបានច្បាស់សិន»។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង សម្រេចបើកផ្លូវឲ្យជនជាប់ចោទប្ដឹងទាស់ទៅសាលាឧទ្ធរណ៍តាមកំណត់ច្បាប់រយៈមួយខែ និងត្រូវអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សួន សេរីរដ្ឋា ដែលចេញដោយចៅក្រមស៊ើបមុនៗ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត គិតថា ការសម្រេចរបស់តុលាការនេះ មិនបានផ្នែកលើការវិនិច្ឆ័យឲ្យបានត្រឹមត្រូវ៖ «ពាក្យថារួមគំនិតក្បត់លុះត្រាតែបង្កចលាចលប្រឆាំងរដ្ឋាភិបាល ចង់ផ្ដួលរំលំរដ្ឋាភិបាលបានជាមានបទល្មើសចូលរួមក្បត់។ តែភស្តុតាងនោះចៅក្រមគួរតែពិចារណាទៅលើសិទ្ធិសេរីភាពរបស់ពលរដ្ឋ»។
លោក សួន សេរីរដ្ឋា គឺជាគូទំនាស់សម្ដីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់ប្រើសម្ដីឌឺដង និងរិះគន់នយោបាយរបស់លោក ហ៊ុន សែន រហូតនិយាយចំៗថា លោក ហ៊ុន សែន ជាមនុស្សកំសាក។ រីឯប្រមុខរាជរដ្ឋាភិបាលកម្ពុជា វិញ ក៏បានព្រមានតាមចាប់ខ្លួនលោក សួន សេរីរដ្ឋា ដែរ ក្រោមហេតុផលថា លោកគឺជាមេខ្លោងនៃក្រុមមួយដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាល។ សព្វថ្ងៃនេះ តុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន ៣លើកមកហើយ តាមចាប់លោក សួន សេរីរដ្ឋា ខណៈដែលលោកកំពុងរស់នៅសហរដ្ឋអាមេរិក៕
No comments:
Post a Comment