Read a similar story here.
អាជ្ញាធរថៃ ជូនដំណឹងដល់អាជ្ញាធរខ្មែរថាគេបានប្រទះឃើញសាកសពចំនួន២ ដែលឆេះខ្លោច មិនអាចកំណត់អត្តសញ្ញាណបាន ថាជាខ្មែរ ឬថៃនោះទេ។ ពួកគេស្នើដល់អាជ្ញាធរខ្មែរ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ជួយផ្សព្វផ្សាយដំណឹងនេះដល់ពលរដ្ឋ ដែលបាត់សមាជិកគ្រួសារ ឬមានសាច់ញាតិចូលទៅកាប់ឈើនៅតាមព្រំដែនខ្មែរថៃ។
អភិបាលស្រុកសំពៅលូន លោក ជា សម្បត្តិ បានឲ្យដឹងថា ភាគីថៃបានប្រទះឃើញសាកសពទាំងពីរ នៅចំណុចភូមិខៅចុងខេត ឃុំក្លហាត ស្រុកក្លហាត ខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី ៧ មករា។ សាកសពនោះឋិតក្នុងសភាពឆេះខ្លោច មើលមិនយល់ ថាជាប្រុស ឬស្រី ជាខ្មែរ ឬថៃឡើយ។ លោកស្នើដល់ភាគីថៃ ធ្វើកោសល្យវិច័យ និងពិសោធន៍ឌីអិនអេ (DNA) ដើម្បីកំណត់អត្តសញ្ញាណសពទាំងពីរនោះ និងរកមូលហេតុ ដែលបណ្តាលអោយពួកគេស្លាប់។
លោក ជា សម្បត្តិ សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ កុំបន្តចូលទៅកាប់ឈើ ឬលួចឆ្លងដែនចូលទឹកដីថៃ ដោយខុសច្បាប់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ព្រោះទាហានការពារព្រំដែនខ្មែរពីរនាក់ ដែលដើរល្បាត នៅចំណុចឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៨ ធ្នូ ២០១៤ កន្លងទៅនេះ ក៏ត្រូវបានទាហានថៃបាញ់ឲ្យរបួសធ្ងន់ដែរ៕
No comments:
Post a Comment