ធ្មេចបើកធ្មេចបើក មកដល់ពេលនេះលោក Mark Zuckerberg បានបង្កើតក្រុមហ៊ុន Facebook បានរយៈពេល ១០ឆ្នាំមកហើយ (បង្កើតឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០០៤)។ សេវាកម្មរបស់ក្រុមហ៊ុនបណ្ដាញសង្គមនេះ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយ ក្លាយជា Social Network ល្បីបំផុតលើលោក។ អ្នកប្រើមិនតិចជាង ៩០០លាននាក់ទេ តែងតែបើកចូលទៅកាន់សេវាកម្មទំនាក់ទំនងនេះ (អ្នកប្រើប្រចាំថ្ងៃ ៨៦៤លានគណនី គិតត្រឹមខែកញ្ញា)។ ទន្ទឹមនោះ គឺជឿថា អ្នកគាំទ្រ និងកំពុងប្រើ Facebook ភាគច្រើនមិនបានដឹងអំពីរឿងរ៉ាវជីវិតឯកជនរបស់អ្នកបង្កើត Facebook លោក Mark Zuckerberg ទាំងអស់នោះទេ។
ខាងក្រោមនេះ គឺជារឿងរ៉ាវជីវិតឯកជនរបស់ Zuckerberg តាំងពីលោកស្ថិតក្នុងវ័យកុមារភាព រហូតដល់លោករកឃើញឧត្ដមភរិយាចាប់ដៃកសាងគ្រួសារជាមួយអ្នកស្រី Priscilla Chan។
១) ឈ្មោះពេញរបស់គាត់គឺ Mark Elliot Zuckerberg ហើយគាត់កើតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៨៤ នៅក្រុង White Plains តំបន់ Westchester ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិកប្រកបដោយផាសុកភាព។
២) លោក Mark Zuckerberg គឺជាកូនកាត់អាមេរិក និងប៊ុលហ្គារី ហើយឈ្មោះរបស់គាត់គឺជីតាដែលជាជនជាតិប៊ុលហ្គារីជាអ្នកដាក់ឱ្យ។ ជីតារបស់លោក បានធ្វើអន្តោប្រវេសន៍ពីប្រទេសប៊ុលហ្គារីចូលសញ្ជាតិអាមេរិកនៅក្នុងអំឡុងទសវត្សឆ្នាំ១៩៤០ (ឆ្នាំ១៩៤០-១៩៤៩)។
៤) Zuckerberg ចូលចិត្តរៀនមុខវិជ្ជាសរសេរកូដ (ការបង្កើតកម្មវិធីដោយប្រើភាសាកូដ) រហូតមានពេលមួយ ឪពុកម្ដាយរបស់គាត់ជូនកាដូសៀវភៅ C++ សម្រាប់អ្នកមិនទាន់ចេះសោះដល់គាត់។
៥) លោកបានបង្កើតកម្មវិធីផ្ញើសារឆ្លងឆ្លើយគ្នាបានដំបូង (First Instant Messenger) មានឈ្មោះថា ZuckNet តែសម្រាប់ប្រើតែនៅក្នុងគ្រួសារលោកប៉ុណ្ណោះ។ ឪពុករបស់គាត់ អាចផ្ញើសារទៅកាន់សមាជិកណាមួយក្នុងផ្ទះបាន។ នេះគឺជាចំណុចសំខាន់ ដែលជាជំនាន់ Instant Messenger ដំបូងរបស់ក្រុមហ៊ុនអនឡាញ AOL Inc របស់អាមេរិក។
៦) Zuckerberg មានការងារធ្វើតាំងពីលោកស្ថិតនៅត្រឹមវ័យសិក្សាថ្នាក់វិទ្យាល័យ។ ក្រុមហ៊ុនចំនួនពីរគឺ AOL និង Microsoft បានព្យាយាមទាក់ទងលោកឱ្យចូលបម្រើការក្នុងក្រុមហ៊ុន បន្ទាប់ពីលោកបានបង្កើតកម្មវិធី (Music app) ឈ្មោះ Synapse Media Player។
៧) នៅលើពាក្យសុំចូលរៀនសាកលវិទ្យាល័យ Harvard លោក Zuckerberg បានធីកយកបណ្ដាភាសាដែលលោកអាចអាន និងសរសេរបានរួមមាន ភាសាបារាំង ឡាតាំង និងក្រិចបុរាណ។
៨) ពេលកំពុងសិក្សានៅសាកលវិទ្យាល័យហាវើត (Harvard University) លោក Zuckerberg ដែលសិក្សាជំនាញចិត្តវិទ្យា ផងនិងវិទ្យាសាស្ត្រកុំព្យូទ័រផង ដែលពេលនោះលោកជានិស្សិតឆ្នាំទី២ ផ្នែកចិត្តវិទ្យា បានបង្កើតគេហទំព័រ Facemash ដែលជាគេហទំព័រអាចឱ្យអ្នកប្រើ វិនិច្ឆ័យលើកម្រិតនៃភាពទាក់ទាញដោយផ្អែកលើរូបថតដែលគេបង្ហោះ។
៩) លោកបានបង្កើតកម្មវិធីមួយឈ្មោះថា Course Match ដែលអាចឱ្យនិស្សិត និងអ្នកប្រើអាចធ្វើការសម្រេចចិត្ត ជ្រើសរើសវគ្គសិក្សាផ្នែក ឬមហាវិទ្យាល័យណាមួយដែលគេចង់ជ្រើសរើសយក ដោយផ្អែកលើអ្វីដែលនិស្សិតដទៃផ្សេងៗទៀត នៅសាលារបស់ពួកកំពុងជ្រើសរើស។
១០) នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០០៤ Zuckerberg បានបង្កើតបណ្ដាញទំនាក់ទំនងសង្គមជាមួយអាសយដ្ឋានគេហទំព័រទំព័រ Thefacebook.com។ ពេលនោះ បណ្ដាញសង្គមដំបូងនេះ អាចឱ្យអ្នកប្រើ បង្កើត profile ដោយបញ្ចូលនូវព័ត៌មានផ្ទាល់ខ្លួន និងរូបថត។ ដំបូងឡើយ Facebook ត្រូវសាធារណជនសន្មតថា គ្រាន់តែបង្កើតសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងនិស្សិតក្នុងថ្នាក់រៀនប៉ុណ្ណោះ ប៉ុន្តែមិននឹកស្មានដល់ថា Facebook ត្រូវបានបើកទូលាយឱ្យសាធារណជនបានប្រើប្រាស់គ្រប់គ្នាក្នុងឆ្នាំ២០០៦៕
... Zuckerberg៖ Facebook បម្រុងចាយរាប់ពាន់លានដុល្លារនាំពិភពលោកឆ្ពោះទៅរកពិភពអនឡាញ ...
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ boomsbeat
No comments:
Post a Comment