ប្លុកគឺជាគេហទំព័រដែលត្រូវបានបង្កើតឡើងជាលក្ខណៈបុគ្គលក្នុងគោលបំណងផ្ដល់ព័ត៌មាន បញ្ចេញមតិយោបល់លើបញ្ហាផ្សេងៗ បទពិសោធន៍ផ្ទាល់ខ្លួន ការអប់រំ ផ្សព្វផ្សាយផលិតផល និងការកម្សាន្តនៅលើប្រព័ន្ធអ៊ីនធឺណិត។ បច្ចុប្បន្ននេះ មានយុវវ័យខ្មែរជាច្រើននាក់បានប្រើប្រាស់ប្លុកក្នុងគោលបំណងផ្សេងៗគ្នា ពិសេសគឺផ្ដល់ការអប់រំ។
កញ្ញា កែវ គូនីឡា គឺជាយុវតីម្នាក់ដែលចូលចិត្តប្រើប្រាស់ប្លុកដើម្បីចែករំលែកព័ត៌មានសង្គម និងបទពិសោធន៍ផ្សេងៗដែលកញ្ញាធ្លាប់ជួបប្រទះពិសេសរៀបរាប់ពីចំណេះដឹង ជំនាញផ្ទាល់ខ្លួនទៅដល់សាធារណៈជន។
កញ្ញា គូនីឡា ចាប់ផ្ដើមសរសេរប្លុកផ្ទាល់ខ្លួនមួយឈ្មោះ blueladyblog.com នៅឆ្នាំ២០០៧ បន្ទាប់ពីទទួលបានការណែនាំពីមិត្តភក្តិម្នាក់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្លុក ស្របពេលដែលកញ្ញាកំពុងតែបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសារព័ត៌មាន។
កញ្ញា គូនីឡា ថ្លែងប្រាប់ TheBNEWS ដូច្នេះថា៖«នៅឆ្នាំ២០០៧ ខ្ញុំចូលរៀនបរិញ្ញាបត្រផ្នែកសារព័ត៌មាន ហើយនៅឆ្នាំ២០០៨ ខ្ញុំបានបម្រើការជាអ្នកសារព័ត៌មាន ខ្ញុំចេះបង្កើតប្លុកនៅឆ្នាំ២០០៧ តាមរយៈមិត្តភក្ដិដោយគាត់បានបង្ហាញពីអត្ថប្រយោជន៍របស់វា ក្រោយមកនៅពេលខ្ញុំចុះទៅធ្វើការតាមសហគមន៍ ខ្ញុំតែងតែសរសេរព័ត៌មានចែករំលែកតាមរយៈប្លុករបស់ខ្ញុំនេះ» ។
កញ្ញាឱ្យដឹងទៀតថា ការប្រើប្រាស់ប្លុកគឺពិតជាមានអត្ថប្រយោជន៍ពិសេសសម្រាប់និស្សិតគឺ ធ្វើឱ្យពួកគាត់មានការគិតច្រើន(Critical Thinking) ជួយបង្កើនសមត្ថភាពក្នុងការសរសេររបស់ពួកគាត់ឱ្យកាន់តែប្រសើរថែមទៀត ទាំងភាសាបរទេសនិងភាសាខ្មែរ និងក៏ជួយឱ្យមានការចាប់អារម្មណ៍ពីក្រុមហ៊ុនឬស្ថាប័នផ្សេងៗទៅលើប្រវត្តិរូបសង្ខេប(CV)របស់ពួកគាត់ផងដែរ។ កញ្ញា សង្កត់ធ្ងន់ថា អ្នកសរសេរប្លុកក៏ជាសហគ្រិនមួយរូបទាក់ទាញចំណាប់អារម្មណ៍អ្នកអានបានផងដែរ។
គូនីឡា ធ្លាប់ធ្វើដំណើរចូលរួមព្រឹត្តិការណ៍សំខាន់ៗ និងកម្មវិធីសិក្សាជាច្រើនដែលរៀបចំនៅតាមបណ្ដាប្រទេសមួយចំនួននៅក្នុងពិភពលោក។ កញ្ញា មានឱកាសច្រើន ដោយសារតែកញ្ញា បានដាក់ពាក្យស្នើសុំតាមប្រព័ន្ធសារអេឡិចត្រូនិកដោយភ្ជាប់ជាមួយប្លុកផ្ទាល់ខ្លួនរបស់នាង។
កញ្ញាថ្លែងថា៖«បើចំណាយដោយខ្លួនឯង ទៅចូលរួមកម្មវិធីសិក្សាផ្សេងៗ ខ្ញុំមិនមានលទ្ធភាពនោះទេ ប៉ុន្តែដោយសារមានសមត្ថភាពផ្នែកព័ត៌មានសង្គម ខ្ញុំអាចមានឱកាសច្រើន នៅពេលដែលខ្ញុំដាក់គេជ្រើសរើសយកមែន ដូច្នេះមានន័យថានៅពេលយើងបង្ហាញសមត្ថភាព និងបទពិសោធន៍របស់យើងតាមរយៈប្លុក វាជួយឱ្យយើងមានឱកាសទៅចូលរួមកម្មវិធីសិក្សានៅក្រៅប្រទេសបានផងដែរ»។
ការប្រើប្រាស់ប្លុក ក៏អាចឱ្យយើងរកប្រាក់ចំណូលបានផងដែរ ពីការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗរបស់ក្រុមហ៊ុន តាមរយៈការបង្កើតភាពល្បីល្បាញរបស់ខ្លួន(Personal Brand Name)ដោយអាចរកបានជាមធ្យមចន្លោះពី ២០០០ដុល្លារទៅ៣០០០ដុល្លារអាមេរិកក្នុងមួយខែ។ នេះបើតាមការបញ្ជាក់ ពីកញ្ញា គូនីឡា។
បច្ចុប្បន្ននេះកញ្ញា កែវ គូនីឡា ជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកគោលការណ៍សាធារណៈ(Public Policy) នៅសាកលវិទ្យាល័យជាតិសិង្ហបុរី(National University of Singapore) ហើយកញ្ញាគឺជាកូនទី៤ ចំណោមបងប្អូន៥នាក់ ក្នុងគ្រួសារ រស់នៅរាជធានីភ្នំពេញ៕
អត្ថបទ ៖ ចាន់ សុខ នាង
No comments:
Post a Comment