ដោយ៖ អុិត សូធឿត | ថ្ងៃព្រហស្បតិ៍ ទី29 មករា 2015,
ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ជា ស៊ីម នាពេលកន្លងមក
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ពិតជាមានជំងឺ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាជាមួយក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ស ខេង ដែលត្រូវជាប្អូនថ្លៃ លោក ជា ស៊ីម បានមានប្រសាសន៍យ៉ាងខ្លីថា លោក ជា ស៊ីម ពិតជាកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ តែលោកពុំបានបញ្ជាក់ថានៅក្នុងស្រុក ឬបរទេសនោះទេ ។ លោកថា នៅពេលនេះសុខភាពរបស់លោក ជា ស៊ីម បានប្រសើរឡើងហើយ ។
វិទ្យុអាស៊ីសេរីកាលពីម្សិលមិញបានចុះផ្សាយថា លោក ជា ស៊ីម ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមួយក្នុងប្រទេសវៀតណាមចំនួន៤ថ្ងៃមកហើយ ។ អាស៊ីសេរី ក៏បានស្រង់សម្ដីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដែលសុំមិនបញ្ចេញឈ្មោះមួយរូបថា តាមស្ថានភាពជំងឺ លោក ជា ស៊ីម ប្រហែលជាមិនអាចត្រឡប់មកទាន់ចូលរួមសមាជរបស់គណបក្សប្រជាជនកម្ពុជា ដែលគ្រោងធ្វើនៅថ្ងៃទី៣០ មករា ខាងមុខនេះទេ ។
គួរបញ្ជាក់ថា លោក ជា ស៊ីម មានអាយុ៨៣ឆ្នាំ គឺជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។ មួយរយៈចុងក្រោយនេះ លោកបានអវត្តមានពីការងារ និងពិធីធំៗមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាបុណ្យជាតិ ។ បច្ចុប្បន្នលោក សាយ ឈុំ ដែលជាអនុប្រធានទី១នៃព្រឹទ្ធសភា ជាប្រធានស្ដីទីនៃព្រឹទ្ធសភា ៕
សូមសរសេរមកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com
1 comment:
Too ill to run senate. Retired
Post a Comment