ដោយ៖ ឡេង ចាន់រតនា | ថ្ងៃព្រហស្បតិ៍ ទី29 មករា 2015,
នគរបាលខេត្តត្បូងឃ្មុំរបស់កម្ពុជា និងនគរបាលខេត្តតាយនិញរបស់វៀតណាម គ្រោងដាំបង្គោលភ្លោះតម្រុយព្រំដែនលេខ១៣០/១ឡើងវិញនាពេលឆាប់ៗ បន្ទាប់ពីសម្ថកិច្ចនៃខេត្តទាំងពីរទើបបានរកឃើញបង្គោលភ្លោះតម្រុយព្រំដែនត្រូវគេលួចដកចេញ ។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ សមត្ថកិច្ចប៉ុស្ដិ៍អន្លង់ជ្រៃ បានប្រទះឃើញបាត់បង្គោលភ្លោះតម្រុយភ្លោះលេខ១៣០/១ នៅចុះពេលប្រតិបត្ដិការចល័តតាមខ្សែបន្ទាត់ព្រំដែនត្រង់ភូមិតាំងណាម ឃុំតាំងប៉ិន ស្រុកតាំងបៀង ខេត្ដតាយន៉ិញ ។ សមត្ថកិច្ចប៉ុស្តិអន្លង់ជ្រៃ បានផ្តល់ព័ត៌មានដល់កម្លាំងប៉ុស្តិ៍៨៣៣ របស់ប្រទេសវៀតណាមឲ្យជួយសហការណ៍គ្នាដើម្បីរក ហើយនៅម៉ោងប្រមាណ១០ និង១៥នាទី ថ្ងៃដដែល កម្លាំងប៉ុស្តិ៍៨៣៣ របស់វៀតណាមបានរកឃើញបង្គោលភ្លោះតម្រុយសីមាលេខ ១៣០/១ នៅក្នុងអូរជិតកន្លែងបាត់ចម្ងាយ៥ម៉ែត្រ ។
គេហទំព័ររបស់របស់នគរបាលជាតិក៏បានស្រង់សម្ដីស្នងការនគរបាលខេត្ដត្បូងឃ្មុំ លោក ម៉ៅ ពៅ ដែលបានថ្លែងកាលពីថ្ងៃទី២៨ ខែមករាថាភាគីប្រទេសទាំងពីរបានជួបប្រជុំ និងព្រមព្រៀងគ្នាដាំបង្គោលព្រំដែននៅទីតាំងដើមវិញ ដោយមានការចូលរួមពីភាគីទាំងពីរព្រមទាំងបន្ដស៊ើបអង្កេតរកជនល្មើស ដែលបានដកបង្គោលតម្រុយព្រំដែននោះ ៕
សូមសរសេរមកលោក ឡេង ចាន់រតនា តាមរយៈ cjlengchanratana@gmail.com
No comments:
Post a Comment