ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី13 មករា 2015,
ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី នៅថ្ងៃអង្គារនេះ លើកឡើងថាការកំណត់ថ្ងៃឃោសនាបោះឆ្នោត និងហែក្បួនបោះឆ្នោត គួរត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ជាអ្នកកំណត់ និងមិនត្រូវកំណត់នៅក្នុងច្បាប់នោះទេ។
រហូតមកដល់ពេលនេះ ក្រុមការងារចរចាកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិកំពុងខ្វែងគំនិតគ្នាក្នុងការកំណត់ថ្ងៃឃោសនាបោះឆ្នោត និងថ្ងៃហែក្បួនឃោសនា ខណៈគណបក្សកាន់អំណាចចង់កាត់បន្ថយចំនួនថ្ងៃឃោសនា។ ការខ្វែងគំនិតនេះនឹងត្រូវដាក់ទៅថ្នាក់ដឹកនាំគណបក្សទាំងពីរ ដើម្បីសម្រេច។
ក្នុងកម្មវិធីតុមូលរបស់វិទ្យុអាស៊ីសេរី លោក សម រង្ស៊ី មានប្រសាសន៍ថាលោកចង់ឲ្យមានគោលការណ៍សំខាន់មួយចំនួនត្រូវចែងក្នុងច្បាប់ ដូចជាមិនត្រូវឲ្យមានការគំរាមកំហែងលើអ្នកបោះឆ្នោត មិនត្រូវមានការទិញសន្លឹកឆ្នោត និងការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតជាដើម។ ប៉ុន្តែលោកថាការកំណត់ថ្ងៃឃោសនាបោះឆ្នោត និងហែក្បួន គជបត្រូវជាអ្នកសម្រេច។ លោកបញ្ជាក់ថា«យើងមិនចង់ឲ្យយកអ្វីដែលគ្រាន់តែវិធានការដោះស្រាយបញ្ហាម្តងកាល យកមកចែងក្នុងច្បាប់ទេ រឿងខ្លះឲ្យគជបសម្រេចទៅ ដូចជាយុទ្ធនាការបោះឆ្នោតប៉ុន្មានថ្ងៃ ហែបានប៉ុន្មានដង អាហ្នឹងឲ្យគជបកំណត់ទៅ»។
លោក សម រង្ស៊ី បន្តថាការចុះឈ្មោះបោះឆ្នោតត្រូវប្រើប្រាស់បច្ចេកវិទ្យាទំនើប ដោយប្រើម្រាមដៃ១០ និងរូបថតស្កេនដាក់ក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីធានាថាគជបនឹងឯករាជ្យ និងធ្វើការបានត្រឹមត្រូវ។ លោកបន្តថាសមាជិកគជបទាំង៩នាក់ ដែល៤នាក់មកពីគណបក្សប្រជាជនកម្ពុជា ៤នាក់មកពីគណបក្សសង្រ្គោះជាតិ និងមួយនាក់ឯករាជ្យ ជាអ្នកសម្រេចវិធានការមួយចំនួន ដើម្បីធានាថាការបោះឆ្នោតឯករាជ្យ និងមានប្រសិទ្ធភាព។
គួររំឮកថា តំណាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បានលើកឡើងថាគណបក្សសង្រ្គោះជាតិចង់ឲ្យយុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល៣០ថ្ងៃដូចដែលមានកំណត់ក្នុងច្បាប់បោះឆ្នោតចាស់ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាចង់ឲ្យបន្ថយការឃោសនាបោះឆ្នោតមកនៅតែ១៤ថ្ងៃវិញ។ ចំណែកការហែក្បួនឃោសនា គណបក្សប្រជាជនកម្ពុជាចង់ឲ្យធ្វើតែ២ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃដំបូង និងថ្ងៃបញ្ចប់នៃយុទ្ធនាការ ។ ប៉ុន្តែគណបក្សសង្រ្គោះជាតិជំទាស់។
លោក គួយ ប៊ុនរឿន បញ្ជាក់ថាការកំណត់ថ្ងៃឃោសនាតិចនាំឲ្យមានការបិទសេរីភាពក្នុងការបញ្ចេញមតិ ហើយម្ចាស់ឆ្នោតទទួលព័ត៌មានមិនគ្រប់គ្រាន់។
អត្ថបទផ្សេងៗ
ទោះជាយ៉ាងណា តំណាងគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន ថ្លែងថាការកាត់បន្ថយថ្ងៃឃោសនា គឺជាការបន្ថយចំណាយថវិកាឃោសនាបោះឆ្នោត និងកាត់បន្ថយការកក់ស្ទះចរាចរណ៍ជាដើម។ លោកថា «គណបក្សប្រជាជនចង់កាត់បន្ថយការប្រឈមក្នុងសង្គម ។ ឧទាហរណ៍ថាយើងនៅភ្នំពេញអ៊ីចឹង វារាំងស្ទះចរាចរណ៍ បើឃោសនាតែបួនដប់ថ្ងៃ យើងគិតចុះ ហែរាល់តែថ្ងៃហ្នឹង រកតែទៅផ្សារមិនបានដែរ។ អ៊ីចឹងប្រជាពលរដ្ឋត្រូវទិញឥវ៉ាន់មកទុកនៅផ្ទះ ហើយអង្គុយហូបនៅផ្ទះ អត់មានទៅផ្សារបានទេ បើហែយ៉ាងហ្នឹង ។ អ៊ីចឹងយើងកុំឲ្យវាខាតបង់លុយកាក់ឃោសនាហ្នឹង គឺថាវាទាំងអស់គ្នាទេរឿងហ្នឹង» ។
គណបក្សទាំងពីរនឹងបន្តការចរចានៅថ្ងៃសុក្រទី១៦ខែមករា ឆ្នាំ២០១៥នេះ។ លោក សម រង្ស៊ី ឲ្យដឹងថាកំណែទម្រង់ការបោះឆ្នោត នឹងត្រូវបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០១៥នេះ។
រហូតមកដល់ពេលនេះ ក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានកំពុងចរចាត្រង់ជំពូកទី៧ ស្ដីពីការឃោសនាបោះឆ្នោត ដែលមាន២៤មាត្រា ហើយសម្រេចបាន១៤មាត្រា និងខ្វែងគំនិតគ្នាត្រង់ការកាត់បន្ថយថ្ងៃឃោសនា និងថ្ងៃហែក្បួន៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
No comments:
Post a Comment