ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី13 មករា 2015,
អនុប្រធានរដ្ឋទី១នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថាគណបក្សប្រឆាំងកំពុងតែរៀបចំធនធានមនុស្សមកពីមជ្ឈដ្ឋានខាងក្រៅ ដើម្បីត្រៀមខ្លួនដឹកនាំប្រទេសនៅអាណត្តិទី០៦ក្រោយនេះ។
លោក កឹម សុខា លើកឡើងបែបនេះនៅក្នុងកម្មវិធីតុមូលរបស់វិទ្យុអាស៊ីសេរី នៅល្ងាចថ្ងៃអង្គារ ទី១៣ខែមករា ឆ្នាំ២០១៥នេះ។
លោក កឹម សុខា មានប្រសាសន៍ថាក្រោយពីការបញ្ចប់កិច្ចការកំណែទម្រង់ការបោះឆ្នោត ដែលនឹងបញ្ចប់នៅចុងខែកុម្ភៈឆ្នាំ២០១៥នេះ គណបក្សសង្រ្គោះជាតិនឹងកែទម្រង់កម្មវិធីនយោបាយរបស់ខ្លួន រៀបចំយុទ្ធសាស្រ្ត និងរចនាសម្ព័ន្ធដោយប្រជាធិបតេយ្យ។ លោកបន្តថាគណបក្សសង្រ្គោះជាតិក៏នឹងពង្រឹងធនធានមនុស្សនៅក្នុងគណបក្ស ហើយនឹងរកធនធានមនុស្សពីមជ្ឈដ្ឋានខាងក្រៅ ដើម្បីត្រៀមខ្លួនដឹកនាំប្រទេស។ លោកបញ្ជាក់ថា«ក្រៅពីយើងរៀបចំសារនយោបាយ គុណតម្លៃកម្មវិធីនយោបាយ រចនាសម្ព័ន្ធ គឺយើងត្រូវការរៀបចំធនធានមនុស្ស ។ គណបក្សសង្រ្គោះជាតិសំខាន់ណាស់ ដែលយើងផ្តោតទៅការត្រៀមធនធានមនុស្ស ព្រោះយើងឈានទៅដឹកនាំប្រទេស។ ហើយធនធានមនុស្សដែលយើងត្រូវធ្វើ មិនមែនយើងយកតែអ្នកបម្រើគណបក្សសង្រ្គោះជាតិ។… យើងត្រូវការមជ្ឈដ្ឋានក្រៅទាំងអស់ ដើម្បីយើងត្រៀមខ្លួនដឹកនាំប្រទេស។ សូម្បីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធដែលកំពុងបម្រើរដ្ឋាភិបាលបច្ចុប្បន្ន នៅពេលដែលគណបក្សសង្រ្គោះជាតិយើងឈ្នះឆ្នោត គឺយើងនឹងរៀបចំឲ្យអ្នកទាំងអស់នោះមកចូលរួមជាមួយយើង ប៉ុន្តែមិនមែនបម្រើបក្ស បម្រើបុគ្គល ក្រុមមេដឹកនាំដូចបច្ចុប្បន្ន គឺបម្រើជាតិ បម្រើប្រជាពលរដ្ឋ...»។
លោក កឹម សុខា បន្តថាសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ គណបក្សសង្រ្គោះជាតិនឹងទទួលបានអាសនៈបន្ថែមទៀតលើសពី៥៥អាសនៈ ដោយសារមានកំណែទម្រង់គជប និងការទទួលបានប្រព័ន្ធផ្សព្វផ្សាយសម្រាប់បង្ហាញគោលនយោបាយដល់ប្រជាជន។
សូមរំឭកថា ក្នុងការឃោសនាបោះឆ្នោតអណត្តិទី៥ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិមានគោលនយោបាយ៧ចំណុចក្នុងនោះរួមមានការដំឡើងប្រាក់ខែមន្ត្រីរាជការ១០០០០០០រៀល ចាប់ពីថ្នាក់ក្រោមឡើងទៅ និងផ្តល់ប្រាក់សង្គមកិច្ចដល់ចាស់ៗចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ ទទួលបានប្រាក់៤០០០០រៀល៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
No comments:
Post a Comment