ដោយ៖ ស៊ុន ណារិន | ថ្ងៃពុធ ទី14 មករា 2015,
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រកាសប្រាប់អ្នករិះគន់ថាលោកមិនដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយណាមួយក្នុងកម្ចីបរទេសនោះទេ ដោយចាត់ទុកអ្នកខ្លះគ្រាន់តែរិះគន់ករណី ដើម្បីធ្វើអាជីវកម្មនយោបាយ។
ក្នុងពិធីចាក់បេតុងតភ្ជាប់ស្ពានអ្នកលឿងខេត្តព្រៃវែងដែលត្រូវបានកសាងតាមរយៈជំនួយឥតសំណងរបស់ជប៉ុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថាលោកមិនដែលជាប់ពាក់ព័ន្ធនឹងកម្ចីបរទេសនោះទេ ហើយរាល់ការដេញថ្លៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា គឺមានតែក្រុមហ៊ុនជប៉ុននោះទេ ដែលមានសិទ្ធិក្នុងដេញថ្លៃ។ លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា«សូមប្រកាសប្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ គេចោទថារដ្ឋាភិបាលប្រើប្រាស់លុយជំនួយបរទេសមិនត្រឹមត្រូវ រាប់ទាំងជំនួយរបស់ជប៉ុន។ តែខ្ញុំអត់ដឹងទេណា ខ្ញុំមកតែបើកការដ្ឋាន ខ្ញុំមកតែភ្ជាប់ ហើយខ្ញុំមកតែកាត់ខ្សែបូទេណា។រឿងចាយលុយប៉ុន្មាន គឺរដ្ឋាភិបាលជប៉ុនទទួលខុសត្រូវដោយខ្លួនឯង។ និយាយគ្នាឲ្យច្បាស់ កុំបោកប្រាស់គ្នា កុំធ្វើអាជីវកម្ម កុំធ្វើអាជីវកម្ម។ស្ពានឆ្លងទាំងអស់គ្នា អ្នកជាប់ទោសគឺហ៊ុន សែន។នែ! អារឿងហ្នឹងអាក្រក់ហាណាស់!»។
លោកនាយករដ្ឋមន្រ្តីថ្លែងប្រាប់អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ណាកាណេ កាហ៊្សូយូគី ដែលចូលរួមក្នុងពិធីតភ្ជាប់ស្ពានអ្នកលឿង ឲ្យប្រកាសបញ្ហានេះនៅមុខប្រជាជនកម្ពុជាឲ្យបានច្បាស់ថាតើហេតុអ្វីបានជាការស្ថាបនាស្ពាន ត្រូវដេញថ្លៃនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ លោកបន្តថារាល់ជំនួយរបស់ជប៉ុន ពុំមានក្រុមហ៊ុនណាក្រៅពីក្រុមហ៊ុនជប៉ុន អាចដេញថ្លៃនោះទេ។
លោកនាយករដ្ឋមន្រ្តីក៏បានរំឮកថាការស្ថាបនាស្ពានអ្នកលឿង គឺត្រូវចំណាយ១២៧លានដុល្លារ តែកាលពីនិយាយគ្នាមុន គឺត្រូវចំណាយតែ៩៥លានដុល្លារនោះទេ ដោយមានប្រាក់បដិភាគរបស់រដ្ឋាភិបាល២លាន៦សែនដុល្លារ។ លោកបន្តថាការឡើងតម្លៃនេះ គឺដោយសារការឡើងថ្លៃប្រាក់យ៉េនរបស់ជប៉ុន។
លោកនាយករដ្ឋមន្រ្តីឲ្យដឹងទៀតថាការដេញថ្លៃនៅជប៉ុនមានការរិះគន់ថា«កម្ពុជាអត់កំណើត ហើយរដ្ឋាភិបាលកម្ពុជាពុករលួយ»។
គួរបញ្ជាក់ថារបាយការណ៍របស់អង្គការតម្លាភាពកម្ពុជាចេញផ្សាយឆ្នាំ២០១៤នេះបាន លើកឡើងថាស្ថានភាពអំពើពុករលួយនៅកម្ពុជាក្នុងឆ្នាំ២០១៤មាន លក្ខណៈល្អប្រសើរជាងឆ្នាំ២០១៣ តែនៅតែស្ថិតក្នុងចំណោមប្រទេសដែលមានអំពើពុករលួយធ្ងន់ធ្ងរ ។ របាយការណ៍បង្ហាញថាកម្ពុជាទទួលបានពិន្ទុ២១លើ១០០ ស្ថិតក្នុងលំដាប់ថ្នាក់ទី១៥៦ក្នុងចំណោមប្រទេស១៧៥ ស្មើនឹងប្រទេសមីយ៉ានម៉ា (ពិន្ទុ០គឺមានអំពើពុករលួយខ្ពស់ និងពិន្ទុ១០០គឺប្រទេសស្អាតស្អំខ្លាំង)។
តាមការប៉ាន់ស្មាន គិតមកត្រឹមឆ្នាំ២០១៤ ប្រជាពលរដ្ឋកម្ពុជាម្នាក់ជំពាក់បំណុលបរទេសប្រមាណ៣៥០ដុល្លារអាមេរិក។ គិតត្រឹមឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជាបានជំពាក់បំណុលបរទេសជាង៥.៤០០លានដុល្លារ ដែលស្នើនឹង៣២ភាគរយនៃទំហំសេដ្ឋកិច្ចជាតិ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
2 comments:
How about Usa owe chines one trillion. Mike
Khpeum Mouk Nass Ah Kbot Cheat Hun Sen Euy !!
Post a Comment