ប្រជាពលរដ្ឋដែលមានវិវាទដីធ្លីនៅឃុំបឹងប្រាំ ប្រមាណ ១០០នាក់ សម្រេចចិត្តឡើងមកតវ៉ាជាថ្មីទៀតនៅរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ពី លោក ឈាង វុន ដែលសន្យាថានឹងបញ្ចប់វិវាទជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងប្រាំ នៃខេត្តបាត់ដំបង។
តំណាងប្រជាពលរដ្ឋ លោក ឆាន់ មុន្នី ឲ្យដឹងនៅថ្ងៃទី១៣ មករា ថា ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយមេឃុំបឹងប្រាំ លោក ឈា នី នឹងប្រមូលផ្ដុំគ្នានៅខាងមុខផ្ទះរបស់ លោក ឈាន វុន អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ លោកបន្តថា មូលហេតុដែលពួកគាត់សម្រេចតវ៉ារហូតដល់រាជធានីភ្នំពេញទៀតនេះ ដោយសារការសន្យារបស់ លោក ឈាង វុន ដើម្បីឲ្យដោះស្រាយបញ្ចប់វិវាទដីធ្លីនៅតំបន់បឹងប្រាំ ប៉ុន្តែមិនត្រូវបានមន្ត្រីនៅថ្នាក់មូលដ្ឋានអនុវត្តតាម។ លោកបន្តថា «មូលហេតុដែលពួកគាត់ឡើងមកភ្នំពេញសាជាថ្មីនេះ ដោយសារតែការសន្យារបស់ឯកឧត្ដម ឈាង វុន ដែលបញ្ជាឲ្យអាជ្ញាធរថ្នាក់ស្រុក ខេត្ត ចេញប្លង់ឲ្យពួកគាត់។ អ៊ីចឹងនៅពេលដែលឯកឧត្ដម ឈាង វុន សន្យាជាមួយពួកគាត់ឃើញថា មកដល់ម៉ោងនេះ ថ្ងៃនេះ គឺឥតទាន់មានឃើញអី»។
បើតាម លោក ឆាន់ មុន្នី ការតវ៉ាលើកទីពីរនេះ អាចត្រូវប្រើពេលស្នាក់នៅរាជធានីភ្នំពេញយ៉ាងហោចណាស់ ១ខែដែរ។ លោកបន្តថា ក្រៅពីប្រមូលផ្ដុំគ្នានៅខាងមុខផ្ទះរបស់ លោក ឈាង វុន ហើយ ក្រុមអ្នកតវ៉ាក៏នឹងបន្តដាក់ញត្តិឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ថែមទៀតផង៕
No comments:
Post a Comment