អនុប្រធានបក្សប្រឆាំង គ្រោងស៊ើបអង្កេតសំណុំរឿងបណ្ដេញសមាជិកគណៈកម្មការនាយក អ្នកស្រី ឡាក់ សុភាព សាជាថ្មីឡើងវិញ។ លោក កឹម សុខា បញ្ជាក់បែបនេះនៅពេលដែលលោកត្រឡប់ពីក្រៅប្រទេសវិញ នៅព្រឹកថ្ងៃទី៨ ខែមករា។
ការងារដំបូងដែលអនុប្រធានគណបក្សសង្គ្រោះជាតិ នឹងធ្វើមុនគេនោះ គឺការស្វែងរកព័ត៌មានបន្ថែមទៀត ជុំវិញទំនាស់ផ្ទៃក្នុងគណបក្ស។ លោក កឹម សុខា មានប្រសាសន៍ថា ការសម្រេចបណ្ដេញ អ្នកស្រី ឡាក់ សុភាព ចេញពីបក្ស គឺធ្វើឡើងស្របនឹងបទបញ្ជាផ្ទៃក្នុងគណបក្ស ប៉ុន្តែលោកត្រូវតែអង្កេតឲ្យបានល្អិតល្អន់ជាងនេះ។
អតីតសមាជិកគណៈកម្មការនាយកគណបក្សសង្គ្រោះជាតិ អ្នកស្រី ឡាក់ សុភាព ត្រូវបានប្រធានគណៈកម្មការវិន័យគណបក្ស បណ្ដេញចេញពីបក្សកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤។
ប្រធានគណៈកម្មការវិន័យបក្សប្រឆាំង លោក អ៊ូ ចាន់ឬទ្ធិ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា អ្នកស្រី ឡាក់ សុភាព មិនបានបង្ហាញភាពស្មោះត្រង់ បន្ទាប់ពីគណបក្សស្នើឲ្យបកស្រាយជាសាធារណៈតាមបណ្ដាញសារព័ត៌មាន ជុំវិញខ្លឹមសារសារព័ត៌មានមួយចំនួនដែលស្រង់សម្ដីអ្នកស្រីយកទៅផ្សាយ ថាមេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រព្រឹត្តអំពើពុករលួយ។
អ្នកស្រី ឡាក់ សុភាព ត្រូវបានកាសែតក្នុងស្រុកស្រង់សម្ដីថា អ្នកស្រីទម្លាយព័ត៌មានពុករលួយទំហំទឹកប្រាក់ ៤០លានដុល្លារ និងបែកបាក់ផ្ទៃក្នុងគណបក្សកាលពីចុងខែធ្នូ នៅក្នុងពិធីជួបជុំមួយរបស់បណ្ដាញសង្គមខ្មែរដើម្បីខ្មែរ។ ប៉ុន្តែអ្នកស្រីបដិសេធថា មិនបានបរិហារមេដឹកនាំគណបក្សសង្គ្រោះជាតិ ឡើយ។ អ្នកស្រីក៏ថែមទាំងចោទថា នេះរឿងរបស់ លោក កឹម សុខា និងលោក សម រង្ស៉ី ហើយអ្នកស្រីគ្រាន់តែជាអ្នកទទួលថ្មបាក់ប៉ុណ្ណោះ។ អ្នកស្រី ឡាក់ សុភាព ថែមទាំងលើកគ្នីគ្នាធ្វើបាតុកម្មតវ៉ានៅខាងមុខស្នាក់ការគណបក្ស កាលពីថ្ងៃទី១ ខែមករា ប៉ុន្តែបាតុកម្មនោះរងការរំខានពីសំណាក់យុវជនគាំទ្រគណបក្សដទៃទៀត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកស្រី ឡាក់ សុភាព ដើម្បីបំភ្លឺជុំវិញរឿងនេះបានទេ នៅល្ងាចថ្ងៃទី៨ ខែមករា។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាសមាជិកបណ្ដាញសង្គមខ្មែរដើម្បីខ្មែរ លោក កែម ឡី លើកឡើងថា ក្នុងពិធីជួបជុំបណ្ដាញកាលពីខែធ្នូ នោះ អ្នករៀបចំកម្មវិធីមិនបានអនុញ្ញាតឲ្យ អ្នកស្រី ឡាក់ សុភាព ឡើងនិយាយ ឬថ្លែងការអ្វីនោះទេ។ អ្នកស្រី និងក្រុមការងារ ៤នាក់ផ្សេងទៀត គ្រាន់តែចូលរួមសង្កេតការណ៍ ឬយកការណ៍ឲ្យបក្សប្រឆាំងប៉ុណ្ណោះ។ លោកបញ្ជាក់ថា បើសិនជា លោក កឹម សុខា ស៊ើបអង្កេតឲ្យឃើញការពិត ហើយបង្ហាញជាសាធារណៈមែននោះ វានឹងផ្តល់ផលចំណេញច្រើនដល់គណបក្សប្រឆាំង។
ក្រៅពីសន្យាថានឹងស៊ើបអង្កេតរឿងរ៉ាវបែកបាក់ផ្ទៃក្នុងនេះ លោក កឹម សុខា ក៏ថែមទាំងថ្លែងសារអបអរសាទរ ចំពោះការវិលចូលក្នុងឆាកនយោបាយវិញរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប៉ុន្តែលោកអះអាងថា មិនញញើតសម្ដេចក្រុមព្រះឡើយ៕
1 comment:
Only see her I can how she is ? Cheating, stealing, borrowing never paid back,saling she everything if she want for money, should kick her out from anything.....?
Post a Comment