អំពើហិង្សានៅផ្លូវវ៉េងស្រេង ធ្វើឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់នោះ មកទល់ពេលនេះបានអូសបន្លាយពេលជាង ១ឆ្នាំហើយ តែរដ្ឋាភិបាលមិនទាន់បង្ហាញរបាយការណ៍ស៊ើបអង្កេតជាក់លាក់នៅឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលបានឆ្លើយទម្លាក់ការទទួលខុសត្រូវអំពើហិង្សានេះ ទៅលើគណបក្សសង្គ្រោះជាតិ ថាជាអ្នកញុះញង់ និងបង្កឡើងទៅវិញ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងទៅឆ្លើយបំភ្លឺនៅវិមានរដ្ឋសភា នៅពេលខាងមុខអំពីករណីអំពើហិង្សានៅផ្លូវវ៉េងស្រេង បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃទី៨ មករា ថា លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងទៅបំភ្លឺនៅរដ្ឋសភា បើសិនជាមានការកោះអញ្ជើញពីសភា ក៏ប៉ុន្តែលោកទាមទារឲ្យសភាកោះហៅប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី និងលោក កឹម សុខា ផង។ លោក ខៀវ សុភ័គ បញ្ជាក់ថា អំពើហិង្សានៅផ្លូវវ៉ែងស្រេង នេះ បង្កឡើងដោយគណបក្សសង្គ្រោះជាតិ ដែលដឹកនាំប្រជាពលរដ្ឋ និងកម្មករក្នុងគោលបំណងផ្ដួលរំលំរដ្ឋាភិបាល៖ «សំឡេង»។
ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នេះ ធ្វើឡើងបន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះនៅផ្លូវវ៉េងស្រេង យកញត្តិទៅដាក់នៅរដ្ឋសភា កាលពីថ្ងៃទី៣ មករា ដែលជាថ្ងៃខួបគម្រប់ ១ឆ្នាំនៃអំពើហិង្សា ដើម្បីឲ្យប្រធានរដ្ឋសភាកោះហៅអ្នកទទួលខុសត្រូវលើអំពើហិង្សានៅផ្លូវវ៉េងស្រេង នោះទៅសាកសួរនៅរដ្ឋសភា។
ឆ្លើយតបនឹងបញ្ហានេះ អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា មានប្រសាសន៍ថា លោក និងលោក សម រង្ស៊ី នៅក្នុងសភាស្រាប់ ដូច្នេះមិនចាំបាច់ទាមទារឲ្យលោកទាំងពីរទៅសភានោះទេ។ លោកបញ្ជាក់ថា អំពើហិង្សានៅផ្លូវវ៉េងស្រេង នេះ បង្កឡើងដោយកងកម្លាំងរដ្ឋាភិបាល ដែលធ្វើឲ្យមនុស្សស្លាប់ និងរបួសនោះ៖ «សំឡេង»។
លោក កឹម សុខា បន្ថែមថា លោកនឹងពិនិត្យមើលញត្តិរបស់ប្រជាពលរដ្ឋ ដើម្បីដាក់ជូនទៅរដ្ឋាភិបាល ដើម្បីស្វែងរកជនដៃដល់ក្នុងការបង្កអំពើហិង្សាបាញ់សម្លាប់មនុស្សនៅផ្លូវវ៉េងស្រេង នេះ។
ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ថា ការធ្វើបាតុកម្មត្រូវបានធានានៅក្នុងច្បាប់ ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ហើយអាជ្ញាធរជាអ្នករៀបចំសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងការធ្វើបាតុកម្មនេះ៖ «សំឡេង»។
ការជាប់គាំងនយោបាយនៅក្រោយពេលបោះឆ្នោតឆ្នាំ២០១៣ នោះ ជាឧបសគ្គដ៏ចម្បងក្នុងការជំរុញឲ្យដំណើរលទ្ធិប្រជាធិបតេយ្យឲ្យប្រសើរឡើង។ ផ្ទុយទៅវិញ អ្នកការពារសិទ្ធិមនុស្សអះអាងថា ការជាប់គាំងនយោបាយនេះ បានបង្កឲ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
នៅក្រោយពេលមួយថ្ងៃដែលកងកម្លាំងរដ្ឋាភិបាលបង្ក្រាបកម្មកររោងចក្រ ធ្វើបាតុកម្មទាមទារសុំដំឡើងប្រាក់ខែនៅផ្លូវវ៉េងស្រេង នោះ គឺនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ អាជ្ញាធររាជធានីភ្នំពេញប្រដាប់ដោយអាវុធ បានបិទទីលានប្រជាធិបតេយ្យ និងបានបណ្ដេញបាតុករគណបក្សសង្គ្រោះជាតិ ចេញពីទីលានប្រជាធិបតេយ្យដោយគ្មានរើសមុខ មានទាំងមនុស្សចាស់ ព្រះសង្ឃ និងបានរុះរើវេទិការបស់គណបក្សសង្គ្រោះជាតិ ចេញពីទីលានប្រជាធិបតេយ្យផង។ កាលនោះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗ ដោយចាត់ទុកសកម្មភាពបណ្ដេញបាតុកររបស់ខ្លួនចេញពីទីលានប្រជាធិបតេយ្យនេះ ជាអំពើហិង្សាព្រៃផ្សៃ។
ទន្ទឹមនឹងនេះ អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្ស លោក សុរិយា ស៊ូប៊ែឌី (Suriya Subedi) សុំឲ្យរដ្ឋាភិបាលផ្សព្វផ្សាយពីលទ្ធផលនៃការស៊ើបអង្កេតលើព្រឹត្តិការណ៍ហិង្សា ដែលបានកើតឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ និងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ដែលធ្វើឲ្យមនុស្សស្លាប់ចំនួន ៧នាក់ របួសជាច្រើននាក់ និងបាត់ខ្លួនកុមារម្នាក់ឈ្មោះ ខឹម សម្បត្តិ នោះ។
រយៈពេលជាងមួយឆ្នាំមកនេះ រដ្ឋាភិបាលមិនទាន់បង្ហាញរបាយការណ៍ស៊ើបអង្កេតនេះជាសាធារណៈនៅឡើយ៕
No comments:
Post a Comment