ដោយ៖ ឡាយ សាមាន | ថ្ងៃព្រហស្បតិ៍ ទី8 មករា 2015,
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ពេលត្រឡប់មកពីក្រៅប្រទេស (រូបថត៖ ឡាយ សាមាន)
អនុប្រធានរដ្ឋទី១នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ថ្លែងថាគណបក្សលោកនឹងហ៊ានដំឡើងប្រាក់ខែជូនមន្ត្រីរាជការលើសពីប្រាក់ខែបច្ចុប្បន្នឲ្យគ្រប់១លានរៀលចាប់ពីថ្នាក់ក្រោមឡើងទៅ និងបើកប្រាក់សង្គមកិច្ចឲ្យចាស់ៗ៤០០០០រៀល ប្រសិនបើគណបក្សលោកដឹកនាំរដ្ឋាភិបាល។
ការថ្លែងរបស់លោក កឹម សុខា ធ្វើឡើងនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈដែលលោកវិលត្រឡប់ពីបំពេញបេសកម្មនៅទ្វីបអឺរ៉ុប ។
ថ្លែងប្រាប់អ្នកសារព័ត៌មានលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថាអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងរិះគន់លើគណបក្សរបស់លោកដែលថា ឲ្យមនុស្សចាស់មានអាយុ៦០ឆ្នាំឡើងទៅបើកប្រាក់សង្គមកិច្ចពីគណបក្សលោក គឺជាការថ្លែងនយោបាយដែលមិនមានការទទួលខុសត្រូវ ។ លោកបានបញ្ជាក់ទៀតថា ពុំមានអ្វីដែលធ្វើឲ្យគណបក្សង្គ្រោះជាតិក្បត់ពាក្យសន្យាខ្លួននោះទេ គឺឲ្យតែគណបក្សសង្គ្រោះជាតិដឹកនាំរដ្ឋាភិបាល គឺត្រូវតែបញ្ចេញសាច់ប្រាក់ទាំងនេះ ដើម្បីជួយទ្រទ្រង់ផ្នែកសង្គមកិច្ចដល់មនុស្សចាស់ ហើយបន្ថែមលើនោះ នឹងផ្តល់ប្រាក់បៀវត្សដល់មន្ត្រីរាជការឲ្យដល់១០០០០០០រៀល រាប់ពីថ្នាក់ក្រោមឡើងទៅ ។ លោកថា «យើងបានប្រាប់ យើងបាននិយាយជាច្រើនដងហើយ តាំងពីយុទ្ធនាការឃោសនាបោះឆ្នោត គ្រាន់តែអំពើពុករលួយថ្លៃប្រេងហ្នឹង សព្វថ្ងៃប្រហែលបាត់ពី៣០០ទៅ៥០០លានដុល្លារហើយ យើងបានចេញរបាយការណ៍ ហើយអំពើពុករលួយលើវិស័យផ្សេងៗទៀត គ្រាន់តែទប់ស្កាត់អំពើពុករលួយតែបន្តិចទៅ គឺប្រាក់ខែឡើងឥតខ្វះទេ» ។
ការថ្លែងអះអាងនេះ ជាការឆ្លើយតបទៅលោកនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់អគាររដ្ឋបាលសាលាខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ ថាមន្ត្រីរាជការថ្នាក់ក្រោមជាតិនៅទូទាំងប្រទេស និងត្រូវដំឡើងប្រាក់ខែបន្ថែមទៀត លើប្រាក់ខែដែលមានស្រាប់ចាប់ពីខែមករាឆ្នាំ២០១៥នេះទៅ ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីថា ចាស់ដែលមានអាយុ៦០ឆ្នាំឡើងទៅ នឹងត្រូវទៅទារខ្លួនឯងពីអ្នកដែលបានសន្យា ។ លោកមានប្រសាសន៍ថា «រឿងចាស់ៗ ៤០០០០រៀលសូមអញ្ជើញទៅទារទៅ ខ្ញុំអត់បានសន្យាទេអាហ្នឹង ចាប់ពីអាយុ៦០ទៅទារទៅ អ្នកណាសន្យាទៅទារទៅ ខ្ញុំអត់ដឹងទេ ទៅទារទៅ ។ ករុណាខ្ញុំចង់តែប៉ុណ្ណឹងទេ ចង់ឲ្យប្រាក់ខែមន្ត្រីរាជការម្នាក់ឡើងដល់១០០០ដុល្លារឯណោះ ក៏ប៉ុន្តែស្រុកយើងវាមានអ៊ីចឹង គ្រូបង្រៀនរបស់យើងបានប៉ុណ្ណឹង ទាហានបានប៉ុណ្ណឹង ប៉ូលីសបានប៉ុណ្ណឹង ប៉ុន្តែអ្នកសន្យាដើម្បីផលប្រយោជន៍នៃសន្លឹកឆ្នោតគឺចេះតែសន្យា បន្ទាប់ទៅតើគេធ្វើបានឬអត់គឺជាចំណោទនៅបញ្ហា ។ អាយុជីវិតនៃអ្នកសន្យាយ៉ាងយូរ៦ខែ ខ្ញុំករុណានឹងចាត់ទុកថា គេត្រូវតែដួលរលំដាច់ខាតតែម្តង» ។
បើទោះបីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបញ្ចេញឈ្មោះចំៗទៅគណបក្សប្រឆាំងក៏ដោយ ប៉ុន្តែគោលការណ៍៧ចំណុចរបស់គណបក្សសង្គ្រោះជាតិ ពេលយុទ្ធនាការឃោសនាបោះឆ្នោតក្នុងអាណត្តិទី៥នេះ មានធានាពីការផ្តល់ប្រាក់៤០០០០រៀលក្នុង១ខែ ដល់ចាស់ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ។
សម្រាប់អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ មើលឃើញថា កាលទេសៈនេះ គណបក្សសង្គ្រោះជាតិគ្មានលទ្ធភាពផ្តល់ប្រាក់សង្គមកិច្ចនោះទេ ពីព្រោះមិនមែនជាគណបក្សកាន់អំណាចទេ។ តែលោកគិតថា គណបក្សសង្គ្រោះជាតិ អាចធ្វើបាននៅពេលគណបក្សសង្គ្រោះជាតិឡើងកាន់អំណាច ពីព្រោះថវិកាមួយចំនួនបាត់បង់ដោយសារពុករលួយ ។ លោកថា «ខ្ញុំថា អាចធ្វើទៅកើតព្រោះអីប្រាក់បួនម៉ឺនវាមិនច្រើនទេ ក្នុងមួយខែ ហើយប្រជាពលរដ្ឋខ្មែរយើងដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅតិចបំផុត គឺតិចមែនទែន» ។
សូមរំឭកថា ក្នុងការឃោសនាបោះឆ្នោតអណត្តិទី៥ ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិមានគោលនយោបាយ៧ចំណុចក្នុងនោះរួមមានការដំឡើងប្រាក់ខែមន្ត្រីរាជការ១០០០០០០រៀល ចាប់ពីថ្នាក់ក្រោមឡើងទៅ និងផ្តល់ប្រាក់សង្គមកិច្ចដល់ចាស់ៗចាប់ពីអាយុ៦៥ឆ្នាឡើងទៅ ទទួលបានប្រាក់សង្គមកិច្ច ៤០០០០រៀល ។ គោលនយោបាយនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងច្រើនដល់ប្រជាជនក្រីក្រនៅកម្ពុជា ប៉ុន្តែគណបក្សកាន់អំណាចហៅគោលនយោបានេះថា ជាគោលនយោបាយប្រជាភិថុតិ ៕
No comments:
Post a Comment