ដោយ៖ ឡាយ សាមាន និង ស៊ុន ណារិន | ថ្ងៃសុក្រ ទី30 មករា 2015,
ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា លោក ហេង សំរិន នៅថ្ងៃសុក្រនេះ បានប្រកាសថាគណបក្សរបស់ខ្លួននឹងធ្វើកំណែទម្រង់បន្ថែមទៀត ដើម្បីរក្សាសំឡេងគាំទ្រ និងបង្កើនសំឡេងគាំទ្រពីប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨។
ក្នុងការបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនៅរសៀលថ្ងៃសុក្រនេះ លោក ហេង សំរិន បានឡើងថ្លែងតាមសុន្ទរកថាគណបក្សប្រជាជនកម្ពុជាបានធ្លាក់សំឡេងគាំទ្រ២២អាសនៈ ហើយគណបក្សប្រឆាំងបានទទួលសំឡេងគាំទ្រទាំងនេះ រហូតបាន៥៥អាសនៈ ដែលកត្តានេះគណបក្សប្រជាជនកម្ពុជាត្រូវតែគិតពិចារណាឲ្យបានស៊ីជម្រៅ។ លោកបន្តថាបញ្ហាជាច្រើនដែលគណបក្សប្រជាជនកម្ពុជាត្រូវតែដោះស្រាយ ដែលក្នុងនោះមានកំណែទម្រង់ និងការកែប្រែកម្មវិធីនយោបាយរបស់គណបក្ស ។
លោក ហេង សំរិន ថ្លែងឲ្យដឹងទៀតថាការកែទម្រង់ជាអាយុជីវិតរបស់គណបក្សប្រជាជនកម្ពុជា ហើយគណបក្សនឹងធ្វើកំណែទម្រង់ឲ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាព។ លោកបានបញ្ជាក់ថា«តាមស្មារតីនេះ អង្គមហាសន្និបាតរបស់យើងលើកនេះ មានប្រធានបទសំខាន់ គឺការកែទម្រង់ គឺជាអាយុជីវិត និងភារកិច្ចរបស់គណបក្សប្រជាជនកម្ពុជាយើង»។
លោក ហេង សំរិន ឲ្យដឹងទៀតថាគណបក្សប្រជាជនកម្ពុជានៅតែទទួលសំឡេងភាគច្រើនដាច់ខាតក្នុងការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ ប៉ុន្តែគណបក្សសង្រ្គោះជាតិបានបង្កភាពវឹកវរ និងចលាចល ដោយចង់ផ្តួលរំលំរាជរដ្ឋាភិបាល។ លោកបន្តថាក្នុងមហាសន្និបាតវិសាមញ្ញានេះ នឹងមានការបោះឆ្នោតបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលមួយចំនួន អនុម័តរបាយការណ៍ស្តីពីសភាពការណ៍នៅឆ្នាំ២០១៣-២០១៨ ដាក់ទិសដៅរបស់គណបក្សនៅរយៈពេលបន្ត និងស្តាប់របាយការណ៍ស្តីពីកំណែទម្រង់នៃការបោះឆ្នោត។
បន្ទាប់ពីការថ្លែងរបស់លោក ហេង សំរិន មហាសន្និបាតបានប្រកាសប្រជុំផ្ទៃក្នុង ដោយបិទទ្វាមិនឲ្យមានវត្តមានអ្នកសារព័ត៌មាន។
ទាក់ទងនឹងការចោទប្រកាន់លើគណបក្សសង្រ្គោះជាតិ អ្នកនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ មានប្រសាសន៍ថា អ្វីដែលគណបក្សនយោបាយធ្វើនៅក្នុងសង្គមប្រជាធិបតេយ្យ គឺដើម្បីបង្ហាញពីគោលនយោបាយរបស់បក្ស និងបង្កើនការគាំទ្រពីប្រជាពលរដ្ឋ មិនមែនដូចការចោទប្រកាន់នោះឡើយ។ លោកបន្តថាការធ្វើបាតុកម្មកន្លងមក ដោយសារមានភាពមិនប្រក្រតីច្រើនទាក់ទងនឹងលទ្ធផលបោះឆ្នោត ហើយគណបក្សកាន់អំណាចក៏ទទួលស្គាល់រឿងនេះដែរ ទើបគណបក្សសង្គ្រោះជាតិធ្វើបាតុកម្ម។ លោកមានប្រសាសន៍ថា«ខ្ញុំមិនចង់និយាយអ្វីវែងឆ្ងាយទេ គ្រាន់តែថាអ្វីដែលយើងធ្វើហ្នឹង គឺដូចបញ្ជាក់ថាយកគោលនយោបាយរបស់ខ្លួនទៅអនុវត្តនៅពេលណាដែលប្រជាពលរដ្ឋប្រគល់អំណាចឲ្យ អាហ្នឹងទី១ ។ ហើយទី២ យើងមិនចង់ឆ្លើយដាក់អ្នកនេះ ឬឆ្លើយដាក់អ្នកនោះ ហេតុផលនេះ ហេតុផលនោះទេ ប៉ុនសំខាន់ដោយសារតែមានបញ្ហានៅក្នុងការបោះឆ្នោត គណបក្សទាំងពីរ បានព្រមព្រៀងគ្នាកែទម្រង់ការបោះឆ្នោត នេះយើងមិនបាច់និយាយទៀតទេ ។ បើល្អហើយ គឺគ្មានអ្នកណាកែទម្រង់អីទៀតទេ ហើយក៏គ្មានអ្នកណាយល់ព្រមកែទម្រង់កែទម្រង់អីដែរ ប៉ុន្តែឥឡូវហ្នឹងយើងទទួលស្គាល់ទាំងអស់គ្នា ថាការបោះឆ្នោតហ្នឹងមានបញ្ហា» ។
គេហទំព័ររបស់គណបក្សប្រជាជនកម្ពុជាបង្ហាញថាមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនឹងដំណើរការ ចាប់ពីរសៀលថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០១៥ ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលកោះពេជ្រ។
គួរបញ្ជាក់ថា ក្នុងមហាសន្និបាតនេះ នឹងមានការបោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាល ដែលជាយុវជនជំនាន់ក្រោយមួយចំនួនបន្ថែមលើសមាជិកជាង២៦០នាក់ដែលមានស្រាប់ ។
គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា រួមមានលោក ជា ស៊ីម ជាប្រធាន លោក ហេង សំរិន ជាប្រធានកិត្តិយស និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអនុប្រធានគណបក្ស។ លោក ជា ស៊ីម មិនអាចចូលរួមក្នុងមហាសន្និបាតវិសាមញ្ញនេះបានទេ ដោយសារលោកកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យក្រៅប្រទេស ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
2 comments:
Before you reform the strategy of the country you need to reform yourself and your leaders team first . You cannot be a slave of a foreign country and tell the Khmer people about change . Khmer to day not that stupid like your groups of leaders right now think . Don't you ever really know that Khmer of to day is smart more inform ,but not ignorant like in 1979 . It is shameful to remind Khmer about reform under enemy Yuon full control .
ហេង សំរិន នឹងត្រូវទៅគ្វៀលគោដូចកាលពីមុន……..
Post a Comment