ដោយ៖ ញឹម សុខន | ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014,
ស្តាប់សំឡេង៖ | ចម្លងទុក |
ព្រះសង្ឃមួយអង្គ ដែលចូលរួមយ៉ាងសកម្ម ជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស ទទូចឲ្យស្ថានទូត មហាអំណាចនានា ជួយតាមដាន ពីឯករាជ្យភាពរបស់តុលាការកម្ពុជា ខណៈព្រះអង្គមានដីកាកោះ ឲ្យចូលបំភ្លឺនៅចុងខែនេះ ជុំវិញបទចោទថាក្បត់ជាតិ។
ការជំរុញនេះ ធ្វើឡើងតាមរយៈការនិមន្តហែញត្តិ ដាក់នៅស្ថានទូតអាមេរិក ទូតអង់គ្លេស បារាំង សហភាពអឺរុប និងតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងស្ថានទូតមួយចំនួនទៀត នាព្រឹកថ្ងៃអង្គារទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ដែលមានព្រះសង្ឃ និងប្រជាសហគមន៍ដែលមានជម្លោះដីធ្លីជិត២០០អង្គ/នាក់ចូលរួម។
ព្រះតេជគុណ លួន សុវ៉ាត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះ និមន្តព្រះអង្គចូលសវនាការនៅថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខ ដើម្បីបំភ្លឺពីបទក្បត់ជាតិ រារាំងពលរដ្ឋមិនឲ្យបោះឆ្នោត ឬអុកឡុកការិយាល័យបោះឆ្នោត និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។
ព្រះតេជគុណ លួន សុវ៉ាត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះ និមន្តព្រះអង្គចូលសវនាការនៅថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខ ដើម្បីបំភ្លឺពីបទក្បត់ជាតិ រារាំងពលរដ្ឋមិនឲ្យបោះឆ្នោត ឬអុកឡុកការិយាល័យបោះឆ្នោត និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។
ព្រះតេជគុណ លួន សុវ៉ាត មានថេរដីកាប្រាប់អ្នកសារព័ត៌មាន ក្រោយដាក់ញត្តិថា តាំងពីព្រះអង្គបួសជាង២០វស្សាមកនេះ ព្រះអង្គមិនដែលធ្វើអ្វីខុសនឹងពុទ្ធឱវាទឬច្បាប់រដ្ឋទេ ដូចនេះអ្វីដែលតុលាការចោទប្រកាន់ព្រះអង្គនោះហាក់ឆ្ងាយពីការពិត។ ព្រះអង្គមានថេរដីកាបញ្ជាក់ថា «មនុស្សស្លាប់នៅផ្លូវវ៉េងស្រេង ៥-៦នាក់ ក៏មិនមែនអាត្មាញុះញង់ ស្ពានមុនីវង្សស្លាប់មនុស្សម្នាក់ក៏មិនមែនអាត្មាញុះញង់ មុខវត្តស្ទឹងមានជ័យស្លាប់ស្ត្រីលក់បាយម្នាក់ ក៏មិនមែនអាត្មាញុះញង់ ទីលានប្រជាធិបតេយ្យវ៉ៃទាំងព្រះសង្ឃ វ៉ៃទាំងព្រះពុទ្ធរូប វ៉ៃទាំងពុទ្ធបរិស័ទ ក៏មិនមែនអាត្មាញុះញង់ ដោយលែករឿងដីធ្លីនៅបឹងកក់ ក៏មិនមែនអាត្មាទៅញុះញង់»។
ជាការកត់សម្គាល់ ព្រះតេជគុណ លួន សុវ៉ាត បានបង្ហាញព្រះកាយញឹកញាប់ ផ្តិតយករូបភាព នៃព្រឹត្តិការណ៍តវ៉ា រឿងដីធ្លី សកម្មភាពទាមទារយុត្តិធម៌សង្គម យុទ្ធនាការជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងផលិតជាខ្សែវីដេអូ បង្ហោះតាមបណ្តាញសង្គម ទាក់ទិននឹងអាជ្ញាធរដុតផ្ទះប្រជាពលរដ្ឋ រឿងបណ្តេញចេញ ក្នុងជម្លោះដីធ្លីជាដើមចម ត្រូវអាជ្ញាធរចាប់ឃាត់ព្រះកាយជាញឹកញាប់ និងដាក់លក្ខខណ្ឌឲ្យបញ្ឈប់សកម្មភាពនេះបន្តទៀត។
ព្រះអង្គ លួន សុវ៉ាត ឲ្យដឹងដែរថា ដើម្បីបញ្ជាក់ពីភាពស្អាតស្អំជាអ្នកបួស កាន់ព្រះពុទ្ធសាសនា រយៈពេល២៥ឆ្នាំមកនេះ ព្រះអង្គនឹងចូលទៅបំភ្លឺនៅតុលាការតាមដីកាកោះ។ ព្រះអង្គមានថេរដីកាបញ្ជាក់ថា «អាត្មានឹងចូលទៅទេសនាក្នុងបន្ទប់តុលាការ ឲ្យចៅក្រមព្រះរាជអាជ្ញាកាន់ធម៌ ព្រហ្មវិហារធម៌ កាន់សីល៥ជាដើម ហើយនិងកុំកាត់ក្តីប្រកបដោយអគតិធម៌ទាំងបួន»។
សកម្មជនដីធ្លីនៅតំបន់បឹកកក់ម្នាក់ ដែលរដ្ឋាភិបាលធ្លាប់ចាប់ដាក់ពន្ធនាគារ ជាង១ខែ ដោយសារប្រឆាំង នឹងការបណ្តេញចេញ អ្នកស្រី បូវ សុភា បានដើរហែក្បូននៅព្រឹកមិញនេះដែរ អះអាងថា បើរដ្ឋាភិបាល នៅតែបន្តអភិវឌ្ឍន៍ ដោយរំលោភសិទ្ធិមនុស្សនោះ អ្នករងគ្រោះទំនងជាមិនបញ្ឈប់ដើរតាមផ្លូវសាធារណៈដើម្បីស្វែងរកយុត្តិធម៌ទេ។ អ្នកស្រីថា «ពួកខ្ញុំអត់ខ្លាចទេ កុំថាឡើយតែចាប់ប្រជាពលរដ្ឋបឹងកក់៨នាក់ ឬព្រះសង្ឃទៀត គ្រប់ទាំងអស់១៨អង្គ /នាក់ហ្នឹង គឺពួកខ្ញុំអត់មានការខ្លាចទេ អ្វីដែលខ្លាចគឺខ្លាចអត់មានសេរីភាព និងយុត្តិធម៌សម្រាប់ពួកខ្ញុំ គឺជាខ្លាចបំផុតសម្រាប់ពួកខ្ញុំ»។
នាយករដ្ឋមន្ត្រីដែលកាន់អំណាចជាង៣០ឆ្នាំមកនេះ ធ្លាប់អះអាងម្តងទៀត ក្រោយបោះឆ្នោតអាណត្តិទី៥នេះថា នឹងធ្វើកំណែទម្រង់ទប់ស្កាត់អំពើពុករលួយ និងប្រព័ន្ធយុត្តិធម៌ផងដែរ ដើម្បីដណ្តើមប្រជាប្រិយភាពពីដៃគូនយោបាយ បន្ទាប់ពីធ្លាក់ប្រជាប្រិយភាព អស់២២អាសនៈក្នុងសភា។
ព្រះតេជគុណ លួន សុវ៉ាត មានជំនឿថា តាមរយៈយុទ្ធនាការដាក់ញត្តិថ្ងៃនេះ តំណាងស្ថានទូត ជាប្រទេសមហាអំណាច និងជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១នេះ នឹងតាមឃ្លាំមើលសវនាការនាថ្ងៃទី២៥ខែវិច្ឆិកានេះ ដើម្បីជំរុញឲ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងជំរុញឲ្យអ្នកដឹកនាំតាមគន្លងប្រជាធិបតេយ្យ៕
No comments:
Post a Comment