ដោយ៖ ញឹម សុខន | ថ្ងៃព្រហស្បតិ៍ ទី6 វិច្ឆិកា 2014,
មូលនិធិសង្គ្រោះជាតិ ដែលមានការិយាល័យនៅសហរដ្ឋអាមេរិក ជំរុញឲ្យក្រសួងការបរទេសខ្មែរ អន្តរាគមន៍ បញ្ឈប់ជាបន្ទាន់នូវគ្រប់សកម្មភាព គំរាមកំហែងផ្នែកនយោបាយដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅសាធារណៈរដ្ឋកូរ៉េខាងត្បូង។
សេចក្តីថ្លែងការណ៍របស់មូលនិធិសង្គ្រោះជាតិ ចេញផ្សាយថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៤នេះ បានថ្កោលទោស ឯកអគ្គរាជទូតប្រចាំសាធារណៈរដ្ឋកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ដោយចោទថា មន្ត្រីរូបនោះ កំពុងប្រើតួនាទីគំរាមកំហែងផ្នែកនយោបាយដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅកូរ៉េខាងត្បូង។
មូលនិធិសង្គ្រោះជាតិអះអាងថា នៅពេលថ្មីៗនេះ លោក ស៊ុត ឌីណា បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា ប៉ូលិសកូរ៉េ បានបញ្ជូនឈ្មោះពលករ និងអ្នកប្រឆាំងមកមន្ត្រីស្ថានទូតខ្មែរ ប្រចាំស្ថានទូតរួច អស់ហើយ ដោយរង់ចាំចម្លើយពីស្ថានទូតខ្មែរ ថាតើឲ្យចាត់ការឬយ៉ាងណា? ដោយលិខិតអះអាងថាពលករខ្មែរទាំងនោះ មិនមែនជនភៀសខ្លួនផ្នែកនយោបាយទេ។
លិខិតដដែលឲ្យដឹងទៀតថា លោក ស៊ុត ឌីណា បានក្រើនរំឭកពលករខ្មែរទាំងនោះថា កូរ៉េគាំទ្រការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មូលនិធិសង្គ្រោះជាតិយល់ថា អ្វីដែលឯកអគ្គរាជទូតខ្មែរប្រចាំនៅសាធារណៈរដ្ឋកូរ៉េ លោក ស៊ុត ឌីណា ផ្សព្វផ្សាយតាមបណ្តាញសង្គមបែបនេះ ជាសារគំរាមកំហែងផ្នែកនយោបាយដល់ពលករ ដែលកំពុងធ្វើការនៅកូរ៉េនេះ។
លិខិតថ្កោលទោសដដែល អំពាវនាវឲ្យពលករខ្មែរនៅសាធារណៈរដ្ឋកូរ៉េទាំងអស់នោះ ក្រោកឈរឡើង ប្រឆាំងនឹងការគំរាមនេះ ដើម្បីការពារសិទ្ធិរបស់ខ្លួនក្នុងការបញ្ចេញមតិឲ្យបានពេញលេញ។
មូលនិធិសង្គ្រោះជាតិ ជំរុញឲ្យក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យមើលពីលក្ខណៈ សម្បត្តិរបស់លោក ស៊ុត ឌីណា ដើម្បីចាត់វិធានការបំបាត់នូវគ្រប់រូបភាពដែលគំរាមកំហែងផ្នែកនយោបាយ។
VOD មិនអាចសុំបំភ្លឺពី លោក ស៊ុត ឌីណា បានភ្លាមៗទេនៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែនៅលើទំព័រទំនាក់ទំនងសង្គមរបស់លោក ស៊ុត ឌីណា ដែលបង្ហោះនៅថ្ងៃ៦ វិច្ឆិកានេះ មានសរសេរឃ្លាថា “សមាសភាពប្រឆាំង និងដែលអាចបង្កភាពវឹកវរ នឹងត្រូវបានចាត់វិធានការយ៉ាងក្តៅបំផុតពីសំណាក់អាជ្ញាធរកូរ៉េ”។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង សុំមិនធ្វើអត្ថាធិប្បាយករណីនេះ ដោយលោកអះអាងថា មិនទាន់បានទទួលលិខិតជាផ្លូវការនៅឡើយ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
1 comment:
Ah Roleuy Kanharith is worse than Hyenas.
Ah Niss Kdor Ngorp Ter Ros Andath.
Post a Comment