ក្រសួងយុត្តិធម៌ បានបដិសេធលិខិតរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលសុំឲ្យក្រសួងយុត្តិធម៌ ដោះលែង លោក មាជ សុវណ្ណារ៉ា នៅក្រៅឃុំ។ ក្រសួងបានលើកហេតុផលថា ការចាប់ឃុំខ្លួនសកម្មជនគណបក្សនយោបាយ ជាសមត្ថកិច្ចរបស់តុលាការ ក្រសួងយុត្តិធម៌ មិនមានសិទ្ធិលូកដៃលើកិច្ចការរបស់តុលាការទេ។
យ៉ាងណាក៏ដោយ អ្នកវិភាគចាត់ទុកសកម្មភាពចាប់ខ្លួនសកម្មជនគណបក្សនយោបាយនេះ ជារឿងនយោបាយ ព្រោះករណីនេះ ធ្លាប់បានកើតមាននៅមុនគណបក្សទាំងពីរបានចរចាបញ្ចប់វិបត្តិនយោបាយកាលពីខែកក្កដា នោះ។
លោក មាជ សុវណ្ណារ៉ា មិនអាចដោះលែងតាមរយៈលិខិតសុំអន្តរាគមន៍របស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ទៅក្រសួងមហាផ្ទៃ បានទេ។
មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព និងជាអនុរដ្ឋលេខាធិការ មានប្រសាសន៍ថា ក្រសួងយុត្តិធម៌ បានផ្ញើលិខិតឆ្លើយតបទៅក្រសួងមហាផ្ទៃ វិញហើយនៅថ្ងៃទី១៨ វិច្ឆិកា ចំពោះសំណើសុំជួយធ្វើអន្តរាគមន៍បញ្ចប់នីតិវិធី និងលើកលែងការចោទប្រកាន់ លោក មាជ សុវណ្ណារ៉ា ទាក់ទងនឹងអំពើហិង្សានៅស្ពាននាគជិតទីលានប្រជាធិបតេយ្យនោះ។
លោក គឹម សន្តិភាព បញ្ជាក់ថា ការសម្រេចដោះលែង ឬឃុំខ្លួន លោក មាជ សុវណ្ណារ៉ា ឬយ៉ាងណានោះ គឺជាអំណាចរបស់តុលាការ ក្រសួងយុត្តិធម៌ គ្មានសិទ្ធិលូកដៃក្នុងករណីនេះទេ។ បន្ថែមពីនេះទៀត លោក គឹម សន្តិភាព អះអាងថា ករណីចាប់ខ្លួន លោក មាជ សុវណ្ណារ៉ា នេះ មិនមែនជារឿងនយោបាយនោះឡើយ៖ «សំឡេង»។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានដាក់លិខិតស្នើសុំអន្តរាគមន៍នេះទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ វិច្ឆិកា ដើម្បីសុំបញ្ចប់នីតិវិធី និងលើកលែងការចោទប្រកាន់លើ លោក មាជ សុវណ្ណារ៉ា ទាក់ទងនឹងហិង្សានៅស្ពាននាគជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់ថា ករណីនេះជារឿងនយោបាយសុទ្ធសាធ ព្រោះថា សំណុំរឿង លោក មាជ សុវណ្ណារ៉ា នេះ ជាសំណុំរឿងចាស់ ដែលតុលាការធ្លាប់បានចាប់ខ្លួនអ្នកតំណាងរាស្ត្រ និងសកម្មជនគណបក្សសង្គ្រោះជាតិ កាលពីមុនដែរ តែនៅពេលគណបក្សទាំងពីរបានសម្របសម្រួលលើរឿងនយោបាយ ក៏មានការដោះលែងវិញ៖ «សំឡេង»។
នៅក្រោយពេលតុលាការបានដោះលែងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ កក្កដា ដែលគេដោះលែងភ្លាមៗបន្ទាប់ពីគណបក្សទាំងពីរចរចាត្រូវរ៉ូវគ្នានោះ គឺតុលាការក៏បានចាប់សកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ៣រូបទៀតដាក់ពន្ធនាគារ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៤។
តែអ្នកទាំង ៣រូបនេះ គណបក្សសង្គ្រោះជាតិ បានដាក់លិខិតស្នើសុំឲ្យដោះលែងវិញតាមរយៈក្រសួងមហាផ្ទៃ។ នៅពេលនោះ ក្រសួងមហាផ្ទៃ ក៏បញ្ជូនលិខិតរបស់គណបក្សសង្គ្រោះជាតិ ទៅក្រសួងយុត្តិធម៌ ដូចគ្នា។ បន្ទាប់មក ក្រសួងយុត្តិធម៌ ក៏ឯកភាពលើសំណើសុំដោះលែងនេះ។ ចុះករណី លោក មាជ សុវណ្ណារ៉ា នេះមានអ្វីខុសប្លែកគ្នា ព្រោះសំណុំរឿងចោទប្រកាន់ទាក់ទងនឹងករណីបង្កហិង្សានៅស្ពាននាគ កាលពីថ្ងៃទី១៥ កក្កដា ដូចគ្នានោះ?
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ វិច្ឆិកា បានចាប់ឃុំខ្លួន លោក មាជ សុវណ្ណារ៉ា ជាខ្មែរអាមេរិកាំង និងជាប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ ក្រោមបទចោទប្រកាន់ផ្ដើមគំនិតហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងដឹកនាំចលនាកុបកម្ម។ បើសិនជាតុលាការរកឃើញថា លោកពិតជាមានទោសមែន លោក មាជ សុវណ្ណារ៉ា នឹងអាចជាប់ពន្ធនាគាររហូតដល់ ៣០ឆ្នាំ។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្វែល (Comfrel) លោក គល់ បញ្ញា មានប្រសាសន៍ថា វប្បធម៌ចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងត្រូវតែបញ្ចប់ ព្រោះធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ កក្កដា ហើយគណបក្សទាំងពីរ ត្រូវតែបង្កើតទំនាក់ទំនងគ្នាល្អ ដើម្បីអនុវត្តិកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយនោះវិញប្រសើរជាង៖ «សំឡេង»។
ទោះជាយ៉ាងណាក៏ដោយ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអះអាងនៅក្រោយពេលលោកបានទៅសួរសុខទុក្ខ លោក មាជ សុវណ្ណារ៉ា កាលពីថ្ងៃទី១៧ វិច្ឆិកា ថា គណបក្សសង្គ្រោះជាតិ នឹងរកវិធីដើម្បីជួបថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងការរកដំណោះស្រាយចំពោះករណីចាប់ឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ នេះ៕
2 comments:
Well, what's else new with that Viet-controlled CPP led by the one-eye viper HUN???
“លោក គឹម សន្តិភាព បញ្ជាក់ថា ការសម្រេចដោះលែង ឬឃុំខ្លួន លោក មាជ សុវណ្ណារ៉ា ឬយ៉ាងណានោះ គឺជាអំណាចរបស់តុលាការ ក្រសួងយុត្តិធម៌ គ្មានសិទ្ធិលូកដៃក្នុងករណីនេះទេ។”
--------
ពិតជាត្រឹមណាស់ មានតែ ឣាយក្សភ្នែកមួយ ហ៊ុនសែន ទេទើបមានអំណាចលើ់ 'តុលាការឣាយង'។
Post a Comment