ដោយ៖ ណាត សុភាព | ថ្ងៃសៅរ៍ ទី8 វិច្ឆិកា 2014 |
អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ពលករខ្មែរចំណាកស្រុកចំនួន៤៧៧នាក់ ត្រូវបានអាជ្ញាធរថៃបន្តចាប់ បញ្ជូនមកកម្ពុជាតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយកាលពីថ្ងៃ៧វិច្ឆិការម្សិលមិញឲ្យដឹងថា កាលពីថ្ងៃទី៦វិច្ឆិកា អាជ្ញាធរថៃបានចាប់ពលករខ្មែរចំណាកស្រុកខុសច្បាប់មកកម្ពុជាវិញ តាមច្រកប៉ោយប៉ែត មានចំនួន៤៧៧នាក់ ក្នុងនោះមានស្រីចំនួន១៥៣នាក់ និងកុមារចំនួន២៦នាក់។
កាលពីខែមិថុនា ឆ្នាំ២០១៤ អាជ្ញាធរថៃធ្លាប់ចាប់ពលករខ្មែរខុសច្បាប់ និងស្របច្បាប់ប្រមាណ២៥ម៉ឺននាក់ ដឹកតាមរថយន្តទ្រុងមកដាក់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និងខេត្តប៉ៃលិន។ ចំណាត់ការនេះ អាជ្ញាធរយោធាថៃធ្វើឡើងក្រោមហេតុផលពង្រឹងការអនុវត្តច្បាប់ ក្នុងប្រទេស និងចៀសវាងការជួញដូរមនុស្ស។
បន្ទាប់ពីអាជ្ញាធរថៃចាប់បញ្ជូនពលករខ្មែរមកកម្ពុជានោះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏ចេញអនុក្រឹត្យមួយកំណត់ឲ្យភាគីពាក់ព័ន្ធ យកថ្លៃធ្វើលិខិតឆ្លងដែនធម្មតាពី ពលករ ពលការិនី និងសិស្ស-និស្សិតអាហារូបករណ៍ ក្នុង១នាក់ ចំនួន៤៩ដុល្លារ ដោយតម្រូវឲ្យសាម៉ីខ្លួន បង់ថ្លៃសេវាថតរូបចំនួន៤ដុល្លារ ធ្វើប័ណ្ណការងាររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន១០ដុល្លារ ធ្វើទិដ្ឋាការការងារនៅស្ថានទូតថៃ ចំនួន២០ដុល្លារ ហើយថ្លៃសោហ៊ុយចំណាយធ្វើដំណើរពីភ្នំពេញ ទៅទល់ដែនថៃ ចំនួន១៥ដុល្លារ។ តែចំណាត់ការនេះ ធ្វើឲ្យសង្គមស៊ីវិលរិះគន់ថា មិនទាន់មានប្រសិទ្ធិភាព១០០%នៅឡើយ ដោយសារការផ្សព្វផ្សាយព័ត៌មានរបស់ស្ថាប័នរដ្ឋមិនបានបើកឲ្យទូលាយ ទើបធ្វើឲ្យពលករនៅតែបន្តចំណាកស្រុកខុសច្បាប់បែបនេះ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
No comments:
Post a Comment