ប្រជាពលរដ្ឋជនជាតិដើមភាគតិចរស់នៅជាប់នឹងព្រំដែនប្រទេសវៀតណាម ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី អះអាងថា មានពលរដ្ឋវៀតណាម មួយក្រុម បានឆ្លងដែនចូលដីខ្មែរ ហើយអាររំលំឈើមូលដឹកជញ្ជូនចូលដីវៀតណាម ក្បែរប៉ុស្តិ៍ប៉ូលិសការពារព្រំដែនខ្មែរ។
ក្រុមសហគមន៍ជនជាតិដើមចារ៉ាយ ភូមិកែត ស្នើសុំឲ្យអាជ្ញាធរខេត្តរតនគិរី ចាត់វិធានការបង្ក្រាបករណីជនជាតិវៀតណាម ឆ្លងដែនចូលកាប់ឈើក្នុងទឹកដីខ្មែរជាបន្ទាន់ និងទាមទារឲ្យស៊ើបអង្កេតរកមន្ត្រីពាក់ព័ន្ធក្នុងរឿងនេះ។
ការទាមទារនេះ កើតឡើងបន្ទាប់ពីសហគមន៍មានគ្នា ៩នាក់ រួមជាមួយប្រជាការពារភូមិ កាលពីដើមខែវិច្ឆិកា បានប្រទះឃើញពលរដ្ឋវៀតណាម មានគ្នា ៨នាក់ប្រដាប់ដោយម៉ាស៊ីនកាត់ឈើស្វ័យប្រវត្តិ ៦គ្រឿង និងអាវុធវែងមួយដើម បានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនក្បែរប៉ុស្តិ៍ប៉ូលិសការពារព្រំដែនអូរសេដ្ឋី មកអាររំលំឈើមូល រួមទាំងប្រើប្រាស់រថយន្តពីរគ្រឿង ដឹកជញ្ជូនឈើទៅទឹកដីវៀតណាម វិញ។ ក្នុងហេតុការណ៍នេះ ក្រុមល្បាតសហគមន៍ បានរឹបអូសម៉ាស៊ីនកាត់ឈើពីរគ្រឿងមករក្សាទុកនៅសាលាភូមិរបស់សហគមន៍។
បញ្ជាក់ពីហេតុការណ៍នេះ ប្រធានភូមិកែត លោក រចំ ពៀន ឲ្យដឹងនៅថ្ងៃទី៥ ខែវិច្ឆិកា ថា សហគមន៍មិនមានលទ្ធភាពទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើនេះបានទេ ពីព្រោះពលរដ្ឋវៀតណាម ទាំងនោះមានអាវុធការពារខ្លួន។ ហេតុនេះ សហគមន៍ខ្លាចប៉ះទង្គិចគ្នាដោយអំពើហិង្សា ទើបដកខ្លួនមកផ្តល់ព័ត៌មានជូនអាជ្ញាធរឃុំ។ លោកបន្តថា អ្នកភូមិសង្ស័យទៅលើមន្ត្រីតម្រួតការពារព្រំដែននៅតំបន់នោះ ឃុបឃិតជាមួយពលរដ្ឋវៀតណាម ទើបមិនឃើញសមត្ថកិច្ចការពារព្រំដែនទាំងនោះបង្ក្រាបសកម្មភាពខុសច្បាប់នេះឡើយ៖ «គាត់កាប់ដើមស្រឡៅ ដើមគគីរ ដើមឈើក្រំ ដើមផ្ដៀក។ គេទៅថ្ងៃម្សិលមិញ គេថាបើឃើញអ្នកភូមិឈ្លោះគ្នា ប្រកែកគ្នា វាយតប់គ្នា ខាងសហគមន៍គេអត់ហ៊ានទៅទេ ប៉ុន្តែខាងមេឃុំគេថាផ្អាកសិនទៅ យើងទៅរាយការណ៍ឲ្យថ្នាក់លើទៅ»។
នេះជាលើកទី១ហើយក្នុងឆ្នាំ២០១៤ ដែលសហគមន៍រកឃើញពលរដ្ឋវៀតណាម ចូលមកកាប់ឈើជាថ្មីក្នុងទឹកដីខ្មែរ នៅឃុំញ៉ាង ស្រុកអណ្ដូងមាស។ ករណីដូចគ្នានេះ ធ្លាប់កើតមានច្រើនលើកកាលពីឆ្នាំ២០១២ គឺពលរដ្ឋវៀតណាម ចូលកាប់ឈើ ហើយប្រើប្រាស់ម៉ូតូកែច្នៃដឹកជញ្ជូនឈើទៅប្រទេសវៀតណាម។
ទាក់ទិនសេចក្តីរាយការណ៍នេះដែរ អភិបាលស្រុកអណ្ដូងមាស លោក នង ដារិទ្ធ ទទួលស្គាល់ថា មេឃុំញ៉ាង បានរាយការណ៍តាមទូរស័ព្ទមកអាជ្ញាធរស្រុក ពីករណីពលរដ្ឋវៀតណាម ចូលកាប់ឈើនេះហើយ ក៏ប៉ុន្តែលោកសុំឲ្យអាជ្ញាធរឃុំ ធ្វើរបាយការណ៍ជាក់លាក់ដើម្បីអាជ្ញាធរស្រុកចាត់វិធានការបង្ក្រាបករណីនេះ៖ «កំពុងមើល ចាំពេលស្ងាត់ទៅក្រញឹបតែម្តង មានតែប៉ុណ្ណឹងទេ មិនបាច់ទៅណែនាំស្អីច្រើនទេ។ ចាំមើលខ្ញុំឲ្យឃុំធ្វើរបាយការណ៍ឲ្យខ្ញុំមក បានខ្ញុំចាត់កម្លាំងចុះទៅពិនិត្យជាក់ស្តែងសិន មែនឬអត់ ដើម្បីយករបាយការណ៍មកវិញធ្វើតែម្តង»។
ផ្ទុយពីការអះអាងរបស់អភិបាលស្រុកអណ្ដូងមាស មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (adhoc) លោក ប៉ែន ប៊ុណ្ណារ៍ កត់សម្គាល់ថា មិនមានតែឃុំញ៉ាង ទេ នៅប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ក៏មានពលរដ្ឋវៀតណាម ចូលកាប់ឈើក្នុងដីខ្មែរជាច្រើនក្រុម។ ចំណែកសហគមន៍ ក៏បានឃាត់ខ្លួនពលរដ្ឋវៀតណាម និងសម្ភារៈប្រព្រឹត្តបទល្មើសបានជាបន្តបន្ទាប់ ប្រគល់ជូនស្ថាប័នជំនាញព្រៃឈើ ក៏ប៉ុន្តែ សមត្ថកិច្ចជំនាញមិនបានស្រាវជ្រាវរកឃើញមន្ត្រីការពារព្រំដែនណាម្នាក់ធ្វេសប្រហែស ឬបណ្តែតបណ្តោយឲ្យពលរដ្ឋវៀតណាម ចូលកាប់ឈើខ្មែរជាថ្នូរនឹងអំពើពុករលួយឡើយ។ លោកសម្ដែងទុទ្ទិដ្ឋិនិយមថា និទ្ទណ្ឌភាព គឺជាមូលហេតុធ្វើឲ្យបទល្មើសព្រៃឈើនៅតែបន្តកើតមាន៖ «ច្បាប់ព្រៃឈើ គឺមន្ត្រីនគរបាលយុត្តិធម៌ឃុំ នគរបាលប៉ុស្តិ៍ គឺជាអ្នកចូលរួមក្នុងកិច្ចការពារព្រៃឈើ។ ទោះបីសហគមន៍គាត់ប្រឹងប្រែងយ៉ាងណា ក៏យើង ប៉ុន្តែការព្រងើយកន្តើយរបស់មន្ត្រីជំនាញ បានធ្វើឲ្យបទល្មើសចេះតែកើនរហូត។ រដ្ឋយើងមិនទាន់បានប្រើវិធានការផ្លូវច្បាប់បានគ្រប់គ្រាន់»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីប៉ូលិសព្រំដែនប៉ុស្តិ៍អូរសេដ្ឋី សុំអធិប្បាយបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី៥ ខែវិច្ឆិកា៕
No comments:
Post a Comment