ដោយ៖ ឡេង រតនា | ថ្ងៃអាទិត្យ ទី23 វិច្ឆិកា 2014,
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា លើកឡើងថា នឹងរៀបចំវេទិកាសាធារណៈមួយនៅថ្ងៃខាងមុខ ថាតើគួរនៅបន្តនៅក្នុងសភាទៀត ឬ ដើរចេញប្រសិនបើធ្វើកំណែទម្រង់ គជប មិនបាននោះ។
ការលើកឡើងរបស់លោកកឹម សុខា នេះធ្វើឡើង ក្នុងវេទិកាជួបជាមួយក្រុមប្រឹក្សាជាប់ឆ្នោត និង សកម្មជនគណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការខេត្តពោធិ៍សាត់ ស្ថិតនៅភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤។
លោកកឹម សុខា លើកឡើងថា គណបក្សសង្គ្រោះជាតិធ្វើអ្វីៗ តែងសុំយោបល់ពីប្រជាពលរដ្ឋជាមុនសិន។ លោក បញ្ជាក់ថា នឹងមានសន្និបាតនៅភ្នំពេញមួយទៀតប្រសិនបើដូរ គជប មិនបាន។ "បើសិនថ្ងៃណាមួយយើងចូលសភាហើយគេបោកប្រាស់ យើងដូរ គជប មិនបាន យើងនឹងបើកសន្និបាតមួយនៅភ្នំពេញម្តងទៀត សួរទៅតំណាងរបស់រាស្ត្រ ក្រុមប្រឹក្សាជាតិទាំងអស់និងគ្រប់មូលដ្ឋានដើម្បីធ្វើសេចក្តីសម្រេចថា តើគណបក្សសង្គ្រោះជាតិ តំណាងរាស្ត្រយើងគួរបន្តអង្គុយនៅក្នុងសភាទៀត ឬ ចេញមកក្រៅធ្វើអីទៀត?"
បច្ចុប្បន្នក្រុមការងារគណបក្សសង្គ្រោះជាតិ និង គណបក្សប្រជាជនកម្ពុជា ដែលកំពុងចរចារៀបចំសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅមិនទាន់កំណត់ថា នឹងបញ្ចប់នៅពេលណានៅឡើយ បើទោះជាក្រុមការងារគណបក្សទាំងពីរអះអាងថា មានការឯកភាពគ្នាបានជាង៩០ភាគរយហើយក៏ដោយ។ ចំណុចដែលបក្សទាំងពីរនៅខ្វែងគំនិតគ្នានោះគឺការកំណត់សញ្ជាតិ និង ការដាក់ញាតិលោហិតចូលក្នុងសមាសភាពគ ជ ប៕
សូមសរសេរមកលោក ឡេង រតនា តាមរយៈ cjlengchanratana@gmail.com
No comments:
Post a Comment