ដោយ៖ ញឹម សុខន | ថ្ងៃព្រហស្បតិ៍ ទី20 វិច្ឆិកា 2014 |
នាយករដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍នេះ គំរាមថាបើមានការចាប់ខ្លួនអ្នកតវ៉ាដោយបិទផ្លូវសាធារណៈ នោះនឹងមិនមានការអត់ឱនយោគយល់ទេ ដើម្បីរក្សាសណ្តាប់ធ្លាប់សាធារណៈ ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ក្នុងវិទ្យាស្ថានមួយនៅរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការតវ៉ាបិទផ្លូវ ជាការប៉ះពាល់ដល់សណ្តាប់ធ្លាប់សាធារណៈ ដូចនេះអាជ្ញាធរពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីរក្សាសណ្តាប់ធ្លាប់ ។ លោកថា រីឯការចោទប្រកាន់ទៅលើជនសង្ស័យ ឬជនជាប់ចោទ ជាអំណាចរបស់តុលាការ មិនមែនរាជរដ្ឋាភិបាលជាអ្នកបញ្ជាដូចការចោទប្រកាន់ទេ ។
ការព្រមានរបស់នាយករដ្ឋមន្ត្រីពេលនេះ បើទោះបីលោកមិនបញ្ចេញឈ្មោះ ប៉ុន្តែគេសង្គេតឃើញថា ស្ត្រីជាសកម្មជនដីធ្លីចំនួន១០នាក់ នៅសហគមន៍បឹងកក់ និងសហគមន៍ថ្មគោល ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួននៅពន្ធនាគារព្រៃស នៅពេលពួកគេតវ៉ាបិទកំណាត់ផ្លូវព្រះមុនីវង្ស មុខសាលារាជធានីភ្នំពេញ ថ្ងែទី១០ ខែវិច្ឆិកា ជំរុញឲ្យអាជ្ញាធររំដោះទឹកស្អុយដែលជន់លិចសហគមន៍ ។
ប៉ុន្តែសម្រាប់តំណាងរាស្ត្របក្សប្រឆាំង លោកស្រី មូរ សុខហួរ ដែលបានចូលសួរសុខទុក្ខសកម្មជនដីធ្លីទាំង១០នាក់នៅពន្ធនាគារព្រៃស នៅថ្ងៃព្រហស្បតិ៍នេះដែរ អះអាងថា ការចាប់ខ្លួនស្ត្រីអ្នកតវ៉ាមកដាក់ឃុំនៅពេលនេះ ជារឿងអយុត្តិធម៌ និងរំលោភសិទ្ធិមនសុ្ស ។
ស្ត្រីអ្នកតំណាងរាស្ត្រីបក្សប្រឆាំងដែលធ្លាប់តតាំងក្តីជាមួយនាយករដ្ឋមន្ត្រីរូបនោះ ជំរុញឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ពន្ធផ្តល់យុត្តិធម៌ស្ត្រីទាំងនោះឲ្យមានសេរីភាពវិញ ។
នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន លោក សៀ ភារម្យ យល់ថាអ្វីដែល នាយករដ្ឋមន្ត្រីលើកឡើងពេលនេះ ជាការគេចវេស ពីការទទួលខុសត្រូវ ហើយព្យាយាមទម្លាក់កំហុសដាក់ជនរងគ្រោះ ។
ក្រោយពីចាប់ឃុំខ្លួនស្ត្រីអ្នកមានជម្លោះដីធ្លី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា សូប៊ែឌី ចាត់ទុក ការចាប់ឃុំខ្លួនស្ត្រីអ្នកតវ៉ា និងសកម្មជនបក្សប្រឆាំងថា ជាចំណាត់ការដដែលៗ ដែលតុលាការមិនទាន់ធ្វើឲ្យស្ថាប័នខ្លួន គេចផុតពីសម្ពាធអ្នកនយោបាយ ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
No comments:
Post a Comment