សេចក្ដីថ្លែងការណ៍រួមគ្នារវាងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ នាថ្ងៃទី២៣វិច្ឆិកា បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ជាពិសេសតុលាការ លុបចោលនូវបទចោទប្រកាន់នានា លើសកម្មជនការពារដីធ្លី និងការពារសិទ្ធិមនុស្ស គឺព្រះសង្ឃ លួន សុវ៉ាត។ ប៉ុន្តែការស្នើសុំនេះ មិនទាន់មានការឆ្លើយតបពី រាជរដ្ឋាភិបាលកម្ពុជានៅឡើយទេ។
នៅមុនពេលពីរថ្ងៃ ដែលព្រះតេជព្រះគុណ លួន សុវ៉ាត ត្រូវឡើងសវនាការនាថ្ងៃអង្គារទី២៥វិច្ឆិកា ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន១៣ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយដើម្បីដាក់សម្ពាធដល់រាជរដ្ឋាភិបាលកម្ពុជាពិសេសតុលាការ ត្រូវបញ្ឈប់រាល់សកម្មភាព ដែលនាំប៉ះពាល់ និងរារាំងដល់អ្នកការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
សេចក្ដីថ្លែងការណ៍រួមនោះ បានសរសេរយ៉ាងច្បាស់ថា រាល់សកម្មភាពទាំងឡាយរបស់ព្រះសង្ឃ លួន សុវ៉ាត គឺការពារការរំលោភសិទ្ធិមនុស្ស ការពារអ្នកដែលបាត់បង់ដីធ្លី ហើយមិនមែនញុះញង់ឲ្យមានអំពើហិង្សាឡើយ។ កិច្ចខិតខំប្រឹងប្រែងរបស់ព្រះតេជព្រះគុណទាំងអស់នេះ បានល្បីល្បាញរហូតដល់សហគមន៍អន្តរជាតិទទួលស្គាល់ និងបានផ្ដល់ពានរង្វាន់ជាបន្តបន្ទាប់។
ស្របពេលដែលមានការទទួលស្គាល់ពីអន្តរជាតិ តែសកម្មភាពរបស់ព្រះអង្គនៅប្រទេសកម្ពុជា ត្រូវបានអាជ្ញាធររារាំង រហូតចោទប្រកាន់ព្រះអង្គថា ការបង្កើតយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះ ការគំរាមកំហែងធ្វើឃាត ការចាប់ដាច់ពន្ធនាគារ និងការចាប់ផ្សឹក។
ប៉ុន្តែការរកឃើញរបស់អង្គការសង្គមស៊ីវិល ឃើញថាការចោទប្រកាន់នោះ មិនមានមូលដ្ឋានច្បាស់លាស់ ដែលព្រះតេជគុណ លួន សុវ៉ាត ត្រូវចូលសាវនការនៅថ្ងៃទី ២៥វិច្ឆិកា នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ព្រះតេជគុណ លួន សុវ៉ាត បានអះអាងថា ព្រះអង្គនៅតែចូលទៅបំភ្លឺនៅតុលាការតាមពេលវេលាដែលបានកំណត់។ ការចោទប្រកាន់លើព្រះអង្គមានពីករណីគឺបទញុះញង់ឲ្យមានបទឧក្រិដ្ឋ និងក្បត់ជាតិ។ ព្រះអង្គបានលើកឡើងថា ព្រះអង្គគ្មានទោសអ្វីទាំងអស់ ប្រសិនបើតុលាការកម្ពុជា មានភាពយុត្តិធម៌ និងឯករាជ្យ ប៉ុន្តែការចោទប្រកាន់កន្លងមក ហាក់មានភាពមិនប្រក្រតីជាច្រើន ដែលធ្វើឡើង មានបំណងគ្រាន់តែរារាំងរាល់សកម្មភាពរបស់ព្រះអង្គតែប៉ុណ្ណោះ។ សំឡេង
បទចោទប្រកាន់អំពីបទញុះញង់ទៅ លើព្រះតេជព្រះគុណ លួន សុវ៉ាត ត្រូវបានតុលាការ ផ្ដន្ទាទោសដោយកំបាំងមុខ កាលពីសីហាឆ្នាំ២០១២ ហើយក្នុងករណីនោះ ក៏មានជនជាប់ចោទម្នាក់ទៀត ឈ្មោះ សួនសេរីរដ្ឋា។ បច្ចុប្បន្នសំណុំរឿងចំនួនពីបន្ថែមទៀតនោះ គឺបទរួមគំនិតក្បត់ និងរារាំងប្រជាពលរដ្ឋក្នុងការបោះឆ្នោត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីតុលាការ ឲ្យឆ្លើយបំភ្លឺរឿងនេះបានទេនៅថ្ងៃទី ២៣ វិច្ឆិកា ប៉ុន្តែក្រុមអ្នកច្បាប់យល់ឃើញថា តុលាការមិនអាចកាត់ទោសព្រះសង្ឃបានទេ។
ប្រធានផ្នែកអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក លោក នី ចរិយា មានប្រសាសន៍ថា ការកោះហៅព្រះសង្ឃឡើងសវនាការ លុះត្រាមានការអនុញ្ញាតពី គណៈសង្ឃ ឬក្រសួងធម្មការ និងសាសនាជាមុនសិន។ សំឡេង
ទោះជាយ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិល ជាតិនិងអន្តរជាតិយល់ឃើញថា ការចោទប្រកាន់លើព្រះសង្ឃ លួន សុវ៉ាត ទាំងអស់នេះ គឺជាការប៉ុនប៉ងរារាំងមិនឲ្យព្រះអង្គ បញ្ចេញមតិតែប៉ុណ្ណោះ។
នាយកប្រតិបត្តិការអង្គការ (Human Rights Watch) លោក ប្រេដ អាដាម (Brad Adams) មានប្រសាសន៍ថា ការចាប់ខ្លួន និងការផ្ដន្ទាទោសលើ សកម្មជនសិទ្ធិមនុស្ស បានបង្ហាញថា តុលាការត្រូវបានគេប្រើប្រាស់ ដើម្បីបង្ក្រាបមកលើអ្នកដែលធ្វើការជំទាស់។ លោកបញ្ជាក់ទៀតថា ការចេញដីកា ទៅលើអ្នកការពារសិទ្ធិមនុស្សដ៏ល្បីល្បាញ ព្រះតេជព្រះគុណ លួន សុវ៉ាត នឹងធ្វើឲ្យប្រព័ន្ធយុត្តិធម៌កាន់តែបាត់បង់ជំនឿទុកចិត្តបន្ថែមទៀត៕
No comments:
Post a Comment