ដោយ៖ អុិត សូធឿត | ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014 |
អនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា លើកឡើងថា សមាជិកព្រឺទ្ធសភាអូស្ត្រាលីអញ្ជើញរូបលោកទៅប្រទេសអូស្ត្រាលី ដើម្បីនិយាយពីការបញ្ជូនជនភៀសខ្លួនមកប្រទេសកម្ពុជា ។
អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា នៅព្រឹកថ្ងៃអង្គារនេះបានជួបជាមួយលោកស្រី Sarah Hanson-Young សមាជិកព្រឹទ្ធសភាអូស្ត្រាលីនៃគណបក្សបៃតង ដើម្បីពិភាក្សាពីការផ្ទេរជនភៀសខ្លួនពីអូស្ត្រាលីមកកាន់កម្ពុជា។
លោក កឹម សុខា មានប្រសាសន៍ថា លោកបានលើកឡើងពីការស្នើសុំឲ្យរដ្ឋាភិបាលទាំងពីរពិចារណាឡើងវិញ ដោយសារស្ថានភាពស្រុកខ្មែរនៅមិនទាន់ទទួលយកជនភៀសខ្លួនបានទេ «គាត់ថាគាត់គាំទ្រគំនិតដូចយើងអញ្ខឹង ហើយគាត់ថាគាត់នឹងអញ្ជើញខ្ញុំទៅនិយាយឲ្យប្រជាពលរដ្ឋអូស្ត្រាលី រដ្ឋាភិបាលអូស្ត្រាលីបានដឹង» ។ ទោះយ៉ាងណា លោកមិនបានបញ្ជាក់ពីការឆ្លើយតបរបស់លោកយ៉ាងណាទេ តែលោកថា លោកស្រី Sarah Hanson-Young នឹងសរសេរលិខិតអញ្ជើញរូបលោកជាផ្លូវការ ។
ក្រោមកិច្ចព្រមព្រៀងដែលត្រូវធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ការទទួលជនភៀសខ្លួនត្រូវធ្វើឡើងតាមអនុសញ្ញា ស្តីពីជនភៀសខ្លួនឆ្នាំ១៩៥១ និងពិធីសារឆ្នាំ១៩៦៧ ស្តីពីឋានៈជនភៀសខ្លួន និងអនុក្រឹត្យស្តីពីនីតិវិធីក្នុងការពិនិត្យ និងទទួលស្គាល់ឋានៈជនភៀសខ្លួន ឬសិទ្ធជ្រកកោនរបស់ជនបរទេសនៅកម្ពុជា។
គួរបញ្ជាក់ថា ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី បានជួបពិភាក្សានៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសភូមា ដែលទើបតែកន្លងមក ដោយឯកភាពថារដ្ឋាភិបាលទាំងពីរបន្តអនុវត្តកិច្ចព្រមព្រៀងក្នុងការបញ្ជូនជនភៀសខ្លួនពីប្រទេសអូស្ត្រាលី ប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងនេះបានទទួលការរិះគន់ពីសង្គមស៊ីវិល និងប្រជាជនកម្ពុជា ។ ការទទួលជនភៀសខ្លួននេះ ប្រទេសអូស្រ្តាលីបានផ្តល់ជំនួយជាទឹកប្រាក់ចំនួន៣៥លានដុល្លារដល់កម្ពុជា៕
សូមសរសេរមកលោក អ៊ុិត សូធៀត តាមរយៈ sothoeuth@vodhotnews.com
No comments:
Post a Comment