RFA - អាជ្ញាធរស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាច្រើននាក់ចុះបង្ក្រាបកន្លែងជល់មាន់មួយកន្លែងនៅឃុំច័ន្ទមូល ដោយមានបាញ់កាំភ្លើងផងនោះ បណ្ដាលឱ្យពលរដ្ឋម្នាក់ស្លាប់នៅព្រឹកថ្ងៃទី២៥ វិច្ឆិកា។ យ៉ាងណាក៏ដោយ សមត្ថកិច្ចថាកំពុងស្រាវជ្រាវជុំវិញរឿងហេតុដែលបានកើតឡើងនោះ។
ក្រុមគ្រួសារសព លោក ឆាយ អឿន អាយុ ២៤ឆ្នាំ ដែលបានស្លាប់ក្នុងហេតុការណ៍អាជ្ញាធរស្រុកមេមត់ ចុះបង្ក្រាបកន្លែងជល់មាន់មួយក្នុងឃុំច័ន្ទមូល បានតវ៉ាឲ្យអាជ្ញាធរបំភ្លឺរឿងគ្រោះថ្នាក់នោះឲ្យបានច្បាស់លាស់។
ពលរដ្ឋនៅឃុំច័ន្ទមូល ត្រូវជាម្ដាយក្មេកសពអ្នកស្រី ណុប ឃ្លោក មានប្រសាសន៍ថា ការចុះបង្ក្រាបនោះហេតុអ្វីបានជាសមត្ថកិច្ចបាញ់តែកូនអ្នកស្រីដែលមិនមែនជាអ្នកលេងអ្វីធំដុំនឹងគេផងនោះរហូតដល់ទៅបីគ្រាប់ ស្របពេលអ្នកផ្សេងទៀត សមត្ថកិច្ចគ្រាន់តែចាប់ឃាត់ខ្លួននោះ៖ «ហើយដល់ពេលមានសង្គ្រោះមកងាប់តែកូនខ្ញុំម្នាក់ឯង ហើយអ្នកមកបាញ់មកចាប់ម៉ូតូចាប់អីហ្នឹងអត់មានបាញ់ម្នាក់ អត់មានអ្នកណាមានរបួសម្នាក់ផង។ មានតែងាប់កូនខ្ញុំតែម្នាក់ឯង មកបាញ់សំដៅតែមួយឡើងបីគ្រាប់»។
ការស្លាប់របស់លោក ឆាយ អឿន ដែលគេស្គាល់ថា ជាសកម្មជនគណបក្សសង្គ្រោះជាតិផង បានបន្សល់ទុកនូវកូនស្រីអាយុ ៣ឆ្នាំម្នាក់ និងស្លាប់ទាំងក្រុមគ្រួសារមិនអស់ចិត្ត។ ក្រុមគ្រួសារនឹងរៀបចំពាក្យបណ្ដឹងមួយដាក់ទៅអាជ្ញាធរដើម្បីឱ្យស៊ើបអង្កេតរកអ្នកបាញ់មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ រួមនឹងទាមទារសំណងមួយចំនួនផង។
នាយរងប៉ុស្តិ៍នគរបាលឃុំច័ន្ទមូល លោក ផួង ឆដាវី ឱ្យដឹងថា ការស្លាប់នេះគឺនៅពេលសមត្ថកិច្ចស្រុកចុះបង្ក្រាបកន្លែងជល់មាន់លួចលាក់នៅទីនោះ ប៉ុន្តែរឿងផ្សេងលោកមិនបានដឹងច្បាស់ទេ ពីព្រោះលោកមិនបាននៅនឹងកន្លែងកើតហេតុឡើយ និងម្យ៉ាងខាងលោកកំពុងចុះស្រាវជ្រាវជុំវិញករណីនេះ។
ដោយឡែកអធិការនគរបាលស្រុកមេមត់ លោក អេង ម៉េងហាក់ បញ្ជាក់ដោយខ្លីថា សំណុំរឿងនេះលោកនឹងបញ្ជូនទៅស្នងការខេត្តបន្តទៀត៖ «អើ! អាហ្នឹងអត់អីទេ ចាំមើលម៉េចៗរបាយការណ៍ជូនលោកស្នងការហើយបាទ! សុំប៉ុណ្ណឹងចុះព្រោះខ្ញុំជាប់រវល់»។
យ៉ាងណាពលរដ្ឋសុំមិនឱ្យបញ្ចេញឈ្មោះម្នាក់ដែលនៅនឹងកន្លែងកើតហេតុបញ្ជាក់ថា ជនរងគ្រោះគឺ មិនបានស្ថិតនៅក្នុងវង់ជល់មាន់នោះទេ ប៉ុន្តែគាត់នៅក្បែរវង់លេងអាប៉ោង។
ពលរដ្ឋដដែលបន្តថា ឃើញសមត្ថកិច្ចទាំងនោះចុះមកដោយស្លៀកពាក់ស៊ីវិល ហើយស្រាប់តែឮសំឡេងផ្ទុះកាំភ្លើងជាច្រើនគ្រាប់ឡើងនៅក្បែរវង់អាប៉ោង ស្របពេលមាន់មិនទាន់បានជល់ផង ហើយពួកលោកក៏រត់បែកផ្លូវគ្នា ក្រោយមកក៏ទទួលដំណឹងថា មានមនុស្សស្លាប់៖ «គេដេញដែរ ដេញបាញ់ដូចគ្នាអ៊ីចឹង ប៉ុន្តែរត់ គេរត់រួចទៅ គេចាប់បានតែម៉ូតូ ប៉ុន្តែមិនមានមនុស្សស្លាប់។ ក្នុងស្រុកខ្មែរទើបមានតែមួយហ្នឹងហើយ»។
នៅរសៀលថ្ងៃទី២៥ វិច្ឆិកា ក្រុមគ្រួសារសពបានទទួលជំនួយពីសំណាក់អាជ្ញាធរនូវអង្ករចំនួនពីរបាវ លុយជាង ១លានរៀល។ ទោះបីជាយ៉ាងក៏ដោយ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត យល់ថា សមត្ថកិច្ចគប្បីស៊ើបអង្កេតជុំវិញការប្រើប្រាស់អាវុធរបស់មន្ត្រីខ្លួន។ ប្រសិនបើការប្រើប្រាស់អាវុធរបស់មន្ត្រីសមត្ថកិច្ចក្នុងកាលៈទេសៈមួយមិនសមរម្យ ឬមិនចាំបាច់នោះ លោកថា គឺជារឿងខុសច្បាប់។
លោក នាង សុវ៉ាត៖ «ការប្រើប្រាស់អាវុធយើងមើលទៅលើហេតុទេថាតើការបាញ់នោះបាញ់ដោយសារអី? ព្រោះគេអាចបាញ់បានដោយសារគេត្រូវការបញ្ឈប់មនុស្សឱ្យនៅស្ងៀម។ ប៉ុន្តែគេមានរឿងរបស់គេ ឬការប៉ុនប៉ងជីវិតមកលើសមត្ថកិច្ចទើបអាចបាញ់បាន។ ប្រសិនបើគ្រាន់តែថា យើងទៅចាប់ទៅអ៊ីចឹង មិនដល់ថ្នាក់ទោសឧក្រិដ្ឋទេ វាគ្រាន់តែជាល្បែងប្រជល់មាន់ប្រជល់អីយើងប្រាថ្នាបាញ់មនុស្សឱ្យស្លាប់ដែរ អាហ្នឹងវាខុសច្បាប់ហើយ ខុសស្ដីពីប្រើប្រាស់អាវុធហើយ»។
លោកបន្ថែមថា ប្រសិនបើអាជ្ញាធរធ្វើទៅតាមច្បាប់ដែលមានដើម្បីលុយបំបាត់កន្លែងល្បែងភ្នាល់ទាំងនោះ គឺរឿងបែបនេះមិនអាចកើតមានឡើងទេ។ ក៏ប៉ុន្តែដោយសារវប្បធម៌បោសសំអាតតែកន្លែងលេងតូចតាច រីឯកន្លែងល្បែងធំៗមិនអាចបង្ក្រាបនោះហើយ បានជាបញ្ហាល្បែងស៊ីសងទាំងនេះនៅតែកើតមានដដែល៕
No comments:
Post a Comment