ដោយ៖ ញឹម សុខន | ថ្ងៃអង្គារ ទី28 តុលា 2014,
ស្តាប់សំឡេង៖ | ចម្លងទុក |
គណបក្សដែលមានអាសនៈក្នុងសភា អះអាងថា លទ្ធផលនៃកិច្ចពិភាក្សាពីកំណែទម្រង់ច្បាប់បោះឆ្នោត បានឯកភាពគ្នាជាង៩០%ហើយ ពោលគឺនៅខ្វែងគំនិតគ្នាតែលើការកំណត់សញ្ជាតិរបស់មន្ត្រីជាន់ខ្ពស់គ.ជ.ប ប៉ុណ្ណោះ។
ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន ឲ្យដឹងថា កិច្ចពិភាក្សាលើកំណែទម្រង់ច្បាប់បោះឆ្នោតដែលធ្វើនៅមន្ទីររដ្ឋសភា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ម្សិលមិញនោះ បានឯកភាពគ្នាស្ទើរទាំងស្រុងហើយ លើកលែងតែការកំណត់សញ្ជាតិរបស់អគ្គលេខាធិការ និងអគ្គលេខាធិការង នៃ គ.ជ.ប។ លោកបន្តថា អ្វីសេសសល់នេះក្រុមការងារ នឹងសុំយោបល់ពីថ្នាក់ដឹកនាំកំពូលដើម្បីប្រជុំសម្រេចនៅថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០១៤ខាងមុខ។ លោកបញ្ជាក់ថា «នៅសល់គឺមួយម៉ាត់ទេ គឺសញ្ជាតិហ្នឹង ហើយកុំសួរដេញពេក ទុកគេខ្លះ អាចសម្រេចថ្នាក់លើ»។
ច្បាប់បោះឆ្នោតដែលគណបក្សទាំងពីរ ឯកភាពគ្នាធ្វើកំណែទម្រង់នេះ គឺច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលមាន១៣ជំពូក និង១៣៩មាត្រា។ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានពិភាក្សាធ្វើកំណែទម្រង់ច្បាប់បោះឆ្នោតថ្មីនេះ ក្រោយពីមានកិច្ចព្រមព្រៀង បញ្ចប់ជម្លោះនយោបាយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ ប៉ុន្តែជាងមួយខែក្រោយកិច្ចព្រមព្រៀងនេះ គឺមិនឲ្យតំណាងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ចូលរួមផ្តល់យោបល់ ឬអង្កេតការណ៍ទេ។
កាលពីសប្តាហ៍មុន បក្សជាប់ឆ្នោតទាំងពីរ នៅខ្វែងគំនិតគ្នាលើលក្ខណៈសម្បត្តិរបស់អគ្គលេខាធិការ និងអគ្គលេខាធិការរង គ.ជ.ប គឺត្រង់អាយុ បទពិសោធន៍ការងារ ចំណេះដឹង និងការកំណត់ឲ្យមានសញ្ជាតិតែមួយជាដើម។
ប្រធានក្រុមការងារនៃគណបក្សសង្គ្រោះជាតិលោក គួយ ប៊ុនរឿន ឲ្យដឹងថាចំណុចមិនទាន់ឯកភាពគ្នានោះ ដោយសារតែគបក្សប្រជាជនកម្ពុជា កំណត់ឲ្យមានសញ្ជាតិតែមួយ សម្រាប់អគ្គលេខាធិការ និងអគ្គលេខាធិការរង គ.ជ.ប និងត្រូវមានបទពិសោធន៍ការងារ ក្នុងស្ថាប័ននេះជាដើម។ ប៉ុន្តែលោកថាសម្រាប់គណបក្សសង្គ្រោះជាតិ ទាមទារការឯកភាពគ្នាផ្អែកលើគោលការណ៍៣គឺ ទី១. ផ្អែកតាមកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយថ្ងៃ២២កក្កដា ទី២. ច្បាប់បោះឆ្នោតដែលកំពុងមានសុពលភាព និងទី៣. រដ្ឋធម្មនុញ្ញ។
លោក គួយ ប៊ុនរឿន យល់ថាផ្អែកតាមមូលដ្ឋាន៣នេះ ការតម្រូវឲ្យមានសញ្ជាតិតែមួយលើលក្ខណៈសម្បត្តិរបស់អគ្គលេខាធិការ និងអគ្គលេខាធិការរងគជបនោះ មិនចាំបាច់ទេ។ លោកមានប្រសាសន៍ថា«អគ្គលេខាធិការ និងអគ្គលេខាធិការរងនេះ គឺជាអ្នកដែលប្រតិបត្តិ តាមការចង្អុលបង្ហាញរបស់ គជប ដោយសារពួកគាត់ជាជំនួញការឲ្យគណៈកម្មការរៀបចំការបោះឆ្នោត ដូច្នេះយើងនឹងដកបទពិសោធន៍ពីអ្នកដែលមានសមត្ថភាពចំណេះជំនាញ ភាពឆ្លាសវៃ នោះអាចអនុវត្តការងារបានហើយ»។
យ៉ាងណាក៏ដោយ សង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បានចាត់ទុកថាការធ្វើកំណែទម្រង់ច្បាប់បោះឆ្នោតរបស់បក្សឈ្នះឆ្នោតទាំងពីរ ធ្វើឡើងដោយភាពអាថ៌កំបាំងព្រោះមិនឲ្យសង្គមស៊ីវិលពាក់ព័ន្ធចូលរួមពិគ្រោះយោបល់ និងអង្កេតការណ៍។ ចំណែកលទ្ធផលផ្លូវការនឹងចេញមកបម្រើតែប្រយោជន៍អ្នកនយោបាយ ច្រើនជាងប្រយោជន៍ម្ចាស់ឆ្នោត៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
No comments:
Post a Comment