ក្រុមគ្រួសារនៃសមាជិករណសិរ្សរំដោះជាតិខ្មែរចំនួន ១០នាក់ ដែលត្រូវអាជ្ញាធរចាប់ខ្លួនកាលពីសប្ដាហ៍មុន អំពាវនាវសុំឲ្យអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលឲ្យដោះលែងពួកគាត់មកវិញ និងជួយផ្តល់មេធាវីឲ្យអ្នកទាំង ១០នាក់នោះឲ្យបានឆាប់។
ចំណែកខាងអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) បានទទួលសំណើនេះហើយ និងកំពុងប្រជុំពិភាក្សាជាមួយអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត ដើម្បីរកមេធាវីការពាររឿងក្តីមួយនេះ ដែលទាក់ទងនឹងបទចោទចូលរួមក្នុងគម្រោងផ្ដួលរំលំរដ្ឋាភិបាល។
មន្ត្រីសិទ្ធិមនុស្ស និងគ្រួសារជនជាប់ចោទ ប្រតិកម្មចំពោះការចាប់ខ្លួនសមាជិកទាំង ១០នាក់ នៃក្រុមរណសិរ្សរំដោះជាតិខ្មែរ ដោយចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្ស ប៉ះពាល់សេរីភាពបញ្ចេញមតិ ដោយពុំមានភស្តុតាងដែលស្របនឹងបទចោទនោះឡើយ។
សមត្ថកិច្ចឃាត់ខ្លួនសមាជិករណសិរ្សរំដោះជាតិខ្មែរ ១០នាក់នោះ ក្នុងអំឡុងពេលពួកគេប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ទាមទារឲ្យគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។
ស្ត្រីម្នាក់ឈ្មោះ ឈឹម វិមេន អាយុជាង ២០ឆ្នាំ រស់នៅខេត្តព្រះវិហារ ជាកូន លោក ឈឹម ស្ម័គ្រ ដែលត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៣ តុលា។ លោកស្រីមានប្រសាសន៍ថា ឪពុកគាត់ពុំបានធ្វើអ្វីខុសដូចការចោទប្រកាន់នោះទេ។ លោកស្រីបន្តថា នៅថ្ងៃចាប់ខ្លួននោះ ឪពុកគាត់អង្គុយនៅលើរ៉ឺម៉កកង់បីមុខស្ថានទូតវៀតណាម ដោយមិនទាន់បានធ្វើបាតុកម្មអ្វីទេ។ ពេលនោះ សមត្ថកិច្ចមកហៅឲ្យទៅសម្របសម្រួលគ្នាសិនចាំមកវិញ ហើយគាត់ក៏ព្រមទៅ។ ពេលចេញទៅ សមត្ថកិច្ចក៏ចាប់ឃាត់ខ្លួនតែម្តង៖ «មិនអាចចោទប្រកាន់គាត់ថាផ្ដួលរំលំរដ្ឋាភិបាលណាមានគ្នាតែ ១០នាក់ ហើយគាត់ធ្វើដោយស្របច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ប្រជាពលរដ្ឋម្នាក់ៗគាត់មានសិទ្ធិធ្វើនយោបាយ ចែកខិត្តប័ណ្ណស្របច្បាប់ អត់មានប្រើអំពើហិង្សាប៉ះពាល់លើអ្នកណាទេ។ គាត់អត់មានអាវុធអីសោះនៅដៃ ហើយគាត់អង្គុយលើតុកតុកស្លៀកពាក់ខោអាវធម្មតា ស្រាប់តែហៅគាត់យកទៅ»។
ទាក់ទងបញ្ហានេះដែរ លោកស្រីសុំអំពាវនាវទៅអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ជួយរកយុត្តិធម៌ជូនឪពុកគាត់ និងអ្នកទាំង ៩នាក់ផ្សេងទៀត។
ចំណែកសមាជិកគណៈកម្មការនៃរណសិរ្សរំដោះជាតិខ្មែរ ប្រចាំការិយាល័យនៅក្រុងបាងកក ប្រទេសថៃ លោក ឃុន ចាន់តូ ក៏បានថ្លែងច្រានចោលចំពោះការចោទប្រកាន់មកលើក្រុមគាត់ និងទាមទារសុំឲ្យដោះលែងអ្នកទាំង ១០នាក់នោះ ឲ្យមានសេរីភាពវិញជាបន្ទាន់ ពីព្រោះពួកគាត់គ្រាន់តែចង់សម្ដែងមតិទៅតាមច្បាប់ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញជាតិ និងច្បាប់អន្តរជាតិប៉ុណ្ណោះ៖ «បាទ! តាមតែការយល់ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសខ្មែរ និងរំលោភកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងទីក្រុងប៉ារីស នេះហើយដែលបញ្ជាក់ថា ប្រទេសវៀតណាម កំពុងឈ្លានពានប្រទេសខ្មែរ កំពុងរំលោភកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងទីក្រុងប៉ារីស យ៉ាងធ្ងន់ធ្ងរ»។
ឆ្លើយតបករណីនេះ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃទី២៧ តុលា ថា សមត្ថកិច្ចមានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុក និងបានបញ្ជូនទៅតុលាការហើយ ហើយលោកក៏បានអំពាវនាវឲ្យប្រធានរណសិរ្សរំដោះជាតិខ្មែរ លោក សម សេរី មានសេចក្តីក្លាហានចូលមកបំភ្លឺចំពោះមុខតុលាការដោយផ្ទាល់ ទើបជាការប្រសើរ៖ «យើងមានឯកសារសកម្មភាពត្រឹមត្រូវ ដែលដាក់បញ្ជូនទៅតុលាការ ពុំមែនធ្វើការចោទប្រកាន់ទៅតាមការនឹកឃើញ ហើយបើនិយាយតាមច្បាប់ ស្អីក៏ដោយដែលធ្វើសកម្មភាពនៅលើទឹកដីកម្ពុជា ត្រូវតែគោរពតាមច្បាប់កម្ពុជា ហើយអង្គការរណសិរ្សគាត់អត់បានធ្វើពាក្យដាក់ច្បាប់ គាត់បង្កើតរណសិរ្សដោយខ្លួនឯង បានសេចក្តីថា ជារណសិរ្សមួយស្ថិតនៅក្រៅច្បាប់ទៅទៀត»។
ទោះយ៉ាងណា ក្នុងចំណោមភស្តុតាងទាំងនោះ លោកបញ្ជាក់ថា ពុំមានអាវុធជាតិផ្ទុះអ្វីនោះទេ។ បច្ចុប្បន្ន អ្នកទាំង ១០នាក់នោះ កំពុងឃុំនៅពន្ធនាគារព្រៃស និងកំពុងអនុវត្តតាមនីតិវិធីរបស់តុលាការ។
មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ លោក អំ សំអាត ដែលកំពុងតាមដានអង្កេតរឿងនេះ មានប្រសាសន៍ថា សកម្មភាព និងភស្តុតាងជាក់ស្តែង បើធៀបទៅនឹងបទចោទនោះ វាហាក់ដូចជាមិនស៊ីសង្វាក់គ្នាឡើយ។ លោកបន្តថា ករណីនេះទំនងជាសមត្ថកិច្ចរដ្ឋាភិបាល ចោទភ្ជាប់ទៅនឹងករណីចលនាក្បាលខ្លាកាលពីឆ្នាំ២០០៩ ដែលមានទាក់ទង លោក សោម ឯក និងមនុស្សមួយចំនួនផ្សេងទៀត៖ «ដោយសារកាលនោះ លោក សម សេរី មានថតរូបជាមួយ លោ សំ ឯក អីដែរ ហើយកាលនោះគេហៅថាចលនាក្បាលខ្លា ហើយអ៊ីចឹងរដ្ឋាភិបាលចោទប្រកាន់ដូចគ្នា ដោយបង្វិលពីចលនាក្បាលខ្លា មកជាចលនារណសិរ្សរំដោះជាតិខ្មែរ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានរិះគន់ចំពោះការចាប់ខ្លួន ព្រមទាំងទាមទារឲ្យសមត្ថកិច្ចរដ្ឋាភិបាល បង្ហាញភស្តុតាងដាក់បន្ទុកជាក់លាក់ឲ្យសមនឹងបទចោទ និងមានវិធានការច្បាស់លាស់ រកអ្នកនៅពីក្រោយខ្នងនៃរឿងនេះ៖ «ពីព្រោះដូចជាការចាប់ខ្លួននៅមុខស្ថានទូតវៀតណាម ដូចអីនេះ យើងឃើញថា កន្លងមានគេធ្វើបាតុកម្មជាហូរហែអ៊ីចឹងដែរ ហើយវាខុសគ្នាកាលពីចលនាក្បាលខ្លា យើងឃើញមានផ្ទុះគ្រឿងផ្ទុះអីៗជាហូរហែ ហើយលើកនេះស្ថិតនៅក្នុងភាពស្ងប់ស្ងាត់ ហើយខ្ញុំគិតថា ចលនាទាំងពីរនេះអ្នកណាក៏ដឹងអ្នកណាក៏ឮ ហើយអ្នកទាំងពីរនេះ មកទល់ពេលនេះមិនត្រូវបានរដ្ឋាភិបាលធ្វើការស៊ើបអង្កេត ដើម្បីរកភស្តុតាងដើម្បីដាក់បន្ទុក ប៉ុន្តែផ្ទុយទៅវិញ មានប្រជាពលរដ្ឋជាច្រើននាក់ត្រូវបានរងគ្រោះ ហើយត្រូវបានចាញ់បោកគេ ឬមួយយ៉ាងម៉េចទេបាទ»។
ជនសង្ស័យទាំង ១០នាក់ជាសមាជិករណសិរ្សរំដោះជាតិខ្មែរនោះ ភាគច្រើនជាកសិកររស់នៅតាមបណ្ដាខេត្តផ្សេងៗគ្នា។
ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ លោក សម សេរី ជាអ្នកដឹកនាំចលនាមួយប្រឆាំងនឹងរបបគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានធ្វើយុទ្ធនាការទាមទារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានកាត់ទោសកំបាំងមុខ លោក សម សេរី ឲ្យជាប់ពន្ធនាការរយៈពេល ៩ឆ្នាំម្តងរួចមកហើយ ពីបទបង្កើតចលនាប្រឆាំងរដ្ឋាភិបាល។
ទោះយ៉ាងណាក្តី លោក សម សេរី បដិសេធថា លោកមិនជាប់ពាក់ព័ន្ធនឹងការបង្កើតក្រុមប្រដាប់អាវុធដើម្បីផ្ដួលរំលំរដ្ឋាភិបាលឡើយ ប៉ុន្តែទទួលស្គាល់ថា លោកតស៊ូមតិដោយអហិង្សា ដើម្បីឲ្យមានការផ្លាស់ប្ដូរនៅកម្ពុជា៕
No comments:
Post a Comment