ដោយ៖ ប្រែង សត្យាភិរក្ស | ថ្ងៃអង្គារ ទី30 កញ្ញា 2014,
ស្តាប់សំឡេង៖ | ចម្លងទុក |
គណបក្សសង្គ្រោះជាតិ ចាត់ទុកការចាប់ខ្លួនសមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅរបស់ខ្លួន កាលពីថ្ងៃចន្ទម្សិលមិញ ពាក់ព័ន្ធនឹងករណីធ្វើបាតុកម្មនៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដាកន្លងទៅជារឿងនយោបាយ និងជាការបង្កភាពអាប់អួរលើកិច្ចព្រមព្រៀង។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការចាប់ខ្លួនសមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅរបស់គណបក្សសង្គ្រោះជាតិ គឺធ្វើឡើងដោយមិនមានហេតុផលច្បាស់លាស់ និងអាថ៌កំបាំង។ លោកចាត់ទុកថា ការចាប់ខ្លួននេះគឺជារឿងនយោបាយសុទ្ធសាធ។ លោកបន្តថា ករណីនៅលើស្ពាននាគ គឺជារឿងដែលបានបញ្ចប់រួចរាល់អស់ហើយ ក្រោយកិច្ចព្រមព្រៀងនយោបាយរបស់គណបក្សទាំងពីរ ហើយការចាប់ខ្លួនជាថ្មីនេះ គឺជាការបង្កបរិយាកាសអាប់អួរដល់ការអនុវត្តកិច្ចព្រមព្រៀង មិនឲ្យដំណើរការទៅដោយរលូន។ លោកមានប្រសាសន៍ថា «ឥឡូវគាត់ត្រូវបានគេចាប់យកទៅដាក់នៅពន្ធនាគារព្រៃស។ គេចោទប្រកាន់ពីបទពាក់ព័ន្ធ នឹងអំពើហិង្សាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ គណបក្សសង្គ្រោះជាតិយល់ឃើញថា នេះជារឿងនយោបាយ ជាការគំរាមកំហែងនយោបាយដែលធ្វើឲ្យបរិយាកាសហ្នឹងអាប់អួរ។ យើងស្នើសុំឲ្យគណបក្សប្រជាជន ដែលជាហត្ថលេខីនៅក្នុងកិច្ចព្រមព្រៀងដែលបានចុះថ្ងៃទី២២ ខែ៨ហ្នឹង ត្រូវតែធ្វើយ៉ាងម៉េចគោរពឲ្យបានត្រឹមត្រូវ រួចហើយកុំបង្កបរិយាកាសអាប់អួរទៅដល់ស្ថានការណ៍នយោបាយតទៅទៀត»។
លោក យឹម សុវណ្ណ បន្ថែមថា ការចាប់ខ្លួននេះមិនមែនត្រឹមតែជាចេតនាបង្កភាពអាប់អួរតែប៉ុណ្ណោះទេ ប៉ុន្តែជាការគំរាមកំហែងផ្នែកស្មារតីដល់ក្រុមយុវជន និងប្រជាពលរដ្ឋ ដែលគ្រោងធ្វើបាតុកម្មចំនួន៥ថ្ងៃនៅដើមខែតុលាស្អែកនេះ ដើម្បីទាមទារឲ្យស្ថានទូតវៀតណាមធ្វើការសុំទោស ករណីអ្នកនាំពាក្យស្ថានទូតនេះថ្លែងថា ទឹកដីកម្ពុជាក្រោមគឺជារបស់វៀតណាមតាំងពីយូរយារណាស់មកហើយ មិនមែនបានមកដោយបារាំងកាត់ចេញពីកម្ពុជានោះទេ។
ទោះយ៉ាងណាលោក យឹម សុវណ្ណ បញ្ជាក់ថាគណបក្សសង្គ្រោះជាតិនឹងជំរុញឲ្យគណបក្សប្រជាជនគោរព និងអនុវត្តកិច្ចព្រមព្រៀងនយោបាយឲ្យបានគ្រប់ជ្រុងជ្រោយ។
ពាក់ព័ន្ធនឹងករណីនេះ VOD មិនអាចសុំការបំភ្លឺពីស្នងការរាជធានីភ្នំពេញលោក ជួន សុវណ្ណ បានទេដោយទូរស័ព្ទលោកមិនអាចទាក់ទងបាន។
នាយការប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ចាត់ទុកករណីនេះថា ជាការអនុវត្តច្បាប់ដោយលម្អៀង គំរាមកំហែងផ្នែកស្មារតីដល់អ្នកតវ៉ាដទៃទៀត ដោយសាររដ្ឋាភិបាលធ្វើការឃាត់ខ្លួនតែខាងសកម្មជន និងពលរដ្ឋដែលធ្វើការតវ៉ា ដោយឡែកខាងក្រុមសន្តិសុខ សមត្ថកិច្ចដែលប្រើហិង្សារហូតដល់មានការស្លាប់អ្នកតវ៉ានាពេលកន្លងមកមិនមានការស្រាវជ្រាវ និងឃាត់ខ្លួននៅឡើយ។ លោកស្រីបញ្ជាក់ថា «វាអាចជាសញ្ញាណមួយ បានន័យថាសញ្ញាណនៃការគំរាមកំហែង ដល់សកម្មជនដទៃទៀត ដល់សហគមន៍ដទៃទៀតដែលមានបំណងធ្វើបាតុកម្ម ឬក៏ធ្វើការតស៊ូមតិនានា ប៉ុន្តែខ្ញុំគិតថា កាលដែលយុវជន ឬក៏សហគមន៍នៅតែបន្តធ្វើបាតុកម្ម នេះជាសញ្ញាណមួយចង់ប្រាប់ទៅរដ្ឋាភិបាលវិញដែរថា ការគំរាមកំហែងណាមួយគឺមិនបានបិទសំឡេងរបស់គាត់នោះទេ ប៉ុន្តែនឹងបន្តឲ្យគាត់ធ្វើការតស៊ូបន្ថែមទៀត»។
កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខណ្ឌច្បារអំពៅរបស់គណបក្សសង្គ្រោះ លោក សំ វុទ្ធី ត្រូវបានចាប់ និងឃុំខ្លួននៅពន្ធនាគារព្រៃសរ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើហិង្សានៅស្ពាននាគកន្លងមក។
គួរកត់សម្គាល់ថា កាលពីពាក់កណ្ដាលខែសីហាកន្លងទៅ ខណៈក្រុមយុវជនធ្វើការតវ៉ាប្រឆាំងនឹងស្ថានទូតវៀតណាម អាជ្ញាធររាជធានីភ្នំពេញ បានចាប់ខ្លួនយុវជនគណបក្សសង្គ្រោះជាតិ៣រូប ហើយអ្នកទាំងនោះត្រូវបានដោះលែងវិញ បន្ទាប់ពីមានអន្តរាគមន៍ពីបក្សប្រឆាំង និងការផ្អាកការធ្វើបាតុកម្មប្រឆាំងស្ថានទូតវៀតណាម៕
សូមសរសេរមកលោក ប្រែង សត្យាភិរក្ស តាមរយៈ phireak1988.kth@gmail.com
No comments:
Post a Comment