ប្រជាពលរដ្ឋរស់នៅជិតបរិវេណក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ហ័ង អាញ់ លំផាត់ (Hoang Anh Lumphat) ក្នុងខេត្តរតនគិរី អះអាងថា បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌបញ្ចប់ទៅ មានកម្មករវៀតណាម រាប់សិបនាក់ ត្រូវបានគេដឹកជញ្ជូនពីប្រទេសវៀតណាម មកធ្វើការនៅក្នុងក្រុមហ៊ុននេះ។
ការនាំចូលពលករវៀតណាម នេះ ធ្វើឲ្យកម្មករខ្មែរនៅតំបន់នោះមួយចំនួនធំ ត្រូវបាត់បង់ការងារធ្វើ។
ប្រជាពលរដ្ឋរស់នៅភូមិស្រែឈូក ឃុំជ័យឧត្ដម ស្រុកលំផាត់ អំពាវនាវសុំឲ្យអាជ្ញាធរខេត្តរតនគិរី ស៊ើបអង្កេតជាបន្ទាន់ពីករណីនាំចូលពលករសញ្ជាតិវៀតណាម មកធ្វើការនៅចម្ការដូងប្រេងរបស់ក្រុមហ៊ុនវៀតណាម ហ័ង អាញ់ លំផាត់។
ប្រជាពលរដ្ឋសុំមិនឲ្យបញ្ចេញឈ្មោះនោះរៀបរាប់ថា ចាប់ពីផុតរដូវភ្ជុំរហូតដល់ថ្ងៃអង្គារ ទី៣០ ខែកញ្ញា យ៉ាងហោចណាស់កម្មករជនជាតិវៀតណាម និងខ្មែរកម្ពុជាក្រោមរស់នៅប្រទេសវៀតណាម ប្រមាណ ៦០ ទៅ ៧០នាក់ ត្រូវបានក្រុមហ៊ុនដឹកជញ្ជូនតាមរថយន្តពីរលើកមកដាក់នៅការដ្ឋានទី៣របស់ក្រុមហ៊ុន ដើម្បីធ្វើជាកម្មករកាត់ស្មៅតាមគល់ដូងប្រេងរបស់ក្រុមហ៊ុន។
ប្រជាពលរដ្ឋដដែលឲ្យដឹងថា កម្មករវៀតណាម ទាំងនោះ ត្រូវក្រុមហ៊ុនឲ្យស្នាក់នៅផ្ទះកម្មករក្រុមហ៊ុន។ ចំណែកកម្មករខ្មែរក្នុងស្រុក មិនមានការយកចិត្តទុកដាក់កន្លែងស្នាក់នៅដូចពលករវៀតណាម ទាំងនោះទេ ថែមទាំងពលករក្នុងស្រុកខ្លះ មិនត្រូវបានក្រុមហ៊ុនរើសឲ្យចូលបម្រើការដូចពេលមុនឡើយ៖ «កម្មករតើមកទាំងម៉ាស៊ីនមកកាត់ស្មៅ គេនៅស្រុកយួន មកពីហ្នឹងមក។ ខ្មែរយើងចំណាកស្រុករកការងារឲ្យខ្មែរយើងធ្វើ ដល់ឥឡូវពេញមកអ៊ីចឹង ហើយគ្រប់កន្លែងទាំងអស់ ដល់អ្នកមកពីខាងលើ យើងរកការមិនបានធ្វើទេ មកពីខាងគេទាំងអស់»។
របាយការណ៍ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ពលរដ្ឋវៀតណាម ប្រមាណ ១០០នាក់ បានឆ្លងកាត់ច្រកទ្វារព្រំដែនក្នុងឋានៈជាអ្នកទេសចរ និងជាបុគ្គលិកជំនាញមកបម្រើការងារក្នុងក្រុមហ៊ុនសម្បទាន។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣០ ខែកញ្ញា មិនអាចទាក់ទងតំណាងក្រុមហ៊ុន ហ័ង អាញ លំផាត់ លោក ឆាយ អៀង សុំការបញ្ជាក់ពីករណីនេះបាននៅឡើយ។
របាយការណ៍អង្កេតរបស់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) ខេត្តរតនគិរី ឲ្យដឹងដែរថា ការនាំចូលពលករបរទេសមកធ្វើការនៅក្រុមហ៊ុនវៀតណាម នេះ មិនមែនមានជាលើកដំបូងនោះទេ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ មានពលករវៀតណាម ជាក្រុម ត្រូវបានគេនាំចូលមកធ្វើការនៅតាមបណ្ដាក្រុមហ៊ុនសម្បទានផ្សេងទៀតនៅក្នុងខេត្តនេះ ក៏ប៉ុន្តែមិនមានប្រភពមន្ត្រីអាជ្ញាធរណាដឹងថា ពលករទាំងនោះនាំចូលតាមច្រកណា ហើយមានលិខិតបទដ្ឋានស្របច្បាប់កម្រិតណានោះឡើយ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា ពលករវៀតណាម មួយចំនួនប្រើប្រាស់លិខិតឆ្លងដែនទេសចរណ៍មកកាន់ខេត្តរតនគិរី ប៉ុន្តែពួកគេបានចូលទៅធ្វើការនៅតាមការដ្ឋានចម្ការកៅស៊ូក្រុមហ៊ុនវៀតណាម ខ្លះទៀតនៅប្រកបរបរជំនាញផ្សេងនៅក្រុងបានលុង និងតាមបណ្ដាស្រុក។ លោកបន្តថា ការអង្កេតបឋមរបស់សមាគមលោក ឃើញមានកម្មករវៀតណាម មួយរថយន្ត ត្រូវបានដឹកជញ្ជូនមកដល់ក្រុមហ៊ុន ហ័ង អាញ់ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា៖ «យើងស្នើឲ្យមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវច្បាស់លាស់។ នេះជាប្រយោជន៍ក្នុងសង្គមជាតិយើងទាំងអស់គ្នា ក្នុងការទទួលបានការគ្រប់គ្រងមួយដ៏ច្បាស់លាស់»។
យ៉ាងនេះក៏ដោយ ស្នងការរងប៉ូលិសខេត្តរតនគិរី ទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ លោក ជា ប៊ុនធឿន មានប្រសាសន៍បញ្ជាក់ថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយ។ លោកបន្តថា ក្រុមជំនាញអន្តរក្រសួងទាក់ទិនការងារអន្តោប្រវេសន៍ និងពលករអន្តោប្រវេសន៍ កំពុងចុះពិនិត្យ និងធ្វើស្ថិតិនៅតាមក្រុមហ៊ុនសម្បទានស្ដីពីករណីនេះហើយ៖ «កំពុងតែដំណើរការត្រួតពិនិត្យនៅតាមក្រុមហ៊ុនទាំងអស់ ដែលប្រើប្រាស់ពលករបរទេសឥឡូវហ្នឹង អ៊ីចឹងប្រសិនបើមានការចូលមកមិនមានប័ណ្ណការងារ សៀវភៅការងារ ឬក៏ខុសច្បាប់ អាហ្នឹងយើងអនុវត្តវិធានការច្បាប់»។
កាលពីដើមខែកញ្ញា កន្លងទៅ ក្រុមមន្ត្រីប៉ូលិសអន្តោប្រវេសន៍ខេត្តរតនគិរី បានចាប់បញ្ជូនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ ១០នាក់ រស់នៅក្រុងបានលុង បញ្ជូនទៅឲ្យអាជ្ញាធរខេត្តយ៉ាឡាយ ប្រទេសវៀតណាម វិញ៕
No comments:
Post a Comment