កម្ពុជា នៅតែមិនស្នើថៃ ដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ ឡើយ។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ក្នុងពេលដែលលោកជួបសវនាការជាមួយមេទ័ពថ្មីរបស់ថៃ គឺលោក តាណាសក្តិ ប៉ាទីម៉ាប្រាកន (Natasak Patimapragorn) នាទីស្ដីការក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា។
ដំណើរទស្សនកិច្ចរបស់ប្រមុខយោធាថៃ មកកាន់កម្ពុជា ពេលនេះ គឺធ្វើឡើងដើម្បីស្នើសុំការទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់ថៃ ដែលមេរដ្ឋប្រហារយោធា លោក ប្រាយុទ្ធ ចាន់អូចា (Brayuth Chan Ocha) ទើបត្រូវបានសភាថៃ បោះឆ្នោតឲ្យធ្វើនាយករដ្ឋមន្ត្រីកាលពីខែសីហា កន្លងទៅ។ ភាគីថៃ បានស្នើឲ្យកម្ពុជា យោគយល់នយោបាយផ្ទៃក្នុងថៃ ហើយបន្តកិច្ចសហប្រតិបត្តិការក្នុងនាមជាប្រទេសជិតខាងល្អ។ ក៏ប៉ុន្តែ កម្ពុជា មិនបានស្នើឲ្យភាគីថៃ ដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ តាមដីកាបង្គាប់របស់តុលាការអន្តរជាតិទីក្រុងឡាអេ នោះទេ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ មានប្រសាសន៍ប្រាប់អ្នកកាសែតថា ភាគីថៃ សន្យារដ្ឋសន្តិសុខនៅតាមព្រំដែន និងសន្យាថែរក្សាការពារពលករខ្មែរដែលកំពុងធ្វើការងារនៅប្រទេសថៃ ដោយយកចិត្តទុកដាក់ រួមមានការផ្ដល់សេវាសុខាភិបាល និងសេវាអប់រំសម្រាប់កូនៗពលករខ្មែរ ជាដើម។ លោកបន្តថា កម្ពុជា និងថៃ ក៏ជជែកគ្នាពីបញ្ហាមួយចំនួនទាក់ទិននឹងព្រំដែននៃប្រទេសទាំងពីរដែរ ហើយចំណុចដែលពិភាក្សាមិនទាន់ត្រូវរ៉ូវគ្នានោះ នឹងបន្តជជែកគ្នានៅពេលក្រោយ។
ចំពោះការអនុវត្តសាលដីការឿងព្រះវិហារ វិញ លោក ទៀ បាញ់ បញ្ជាក់ថា លោកមិនអាចឆ្លើយជួសថៃ ថានឹងដកទ័ពពេលណាទេ ហើយកម្ពុជា ក៏មិនបានលើករឿងនេះជជែកជាមួយថៃ ដែរ៖ «អារឿងដករឿងអីហ្នឹងសុទ្ធតែសុទ្ធតែរបស់គេទាំងអស់ យើងឃើញថា គេយល់ទាំងអស់អ្វីដែលគេធ្វើទៅហើយ គេមិនបានរំលឹកឡើងវិញ ហើយអ្វីដែលមិនទាន់ធ្វើគេនឹងធ្វើ»។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានទៅទស្សនកិច្ចនៅប្រទេសថៃ កាលពីចុងខែកក្កដា ហើយក៏គ្រោងពិភាក្សាជាមួយថៃ ពីបញ្ហាព្រះវិហារដែរ ប៉ុន្តែថៃ មិនព្រមជជែកទេ។ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ក៏ធ្លាប់បញ្ជាក់ថា ការពន្យារជជែករឿងព្រះវិហារ ជាមួយថៃ ជាការយោគយល់របស់កម្ពុជា។ ប៉ុន្តែលោកថា កម្ពុជា មិនអាចបណ្ដោយឲ្យភាគីថៃ ចេះតែពន្យារពេលក្នុងបញ្ហានេះទេ។
ទាក់ទងនឹងសំណុំរឿងប្រាសាទព្រះវិហារ នេះ អគ្គនាយកអាជ្ញាធរព្រះវិហារ លោកសាស្ត្រាចារ្យ ជុច ភឿន ធ្លាប់មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា ការអភិវឌ្ឍនៅតំបន់ប្រាសាទព្រះវិហារ មិនមានអ្វីចោទនោះឡើយ។ លោកថា អ្នកជំនាញអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទ អាចបំពេញការងារធម្មតា តែចំពោះរឿងរ៉ាវទាក់ទងនឹងយោធា ភាគីយោធានៃប្រទេសទាំងពីរជាអ្នកចេញមុខចរចាគ្នា។
ទោះជាបែបណាក្តី អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច លើកឡើងថា រដ្ឋាភិបាលថៃ នៅពេលនេះ សុទ្ធជាក្រុមមនុស្សដែលផ្ដួចផ្ដើមគំនិតចង់បានប្រាសាទព្រះវិហារ ហេតុនេះ កម្ពុជា ត្រូវតែទាមទារឲ្យថៃ ដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ។
លោកបន្តថា ថៃ នៅតែព្យាយាមពន្យារពេលម្ដងហើយម្ដងទៀត ក្នុងបំណងរកលេសកាន់កាប់ប្រាសាទព្រះវិហារ រួមគ្នាជាមួយកម្ពុជា ហើយកម្ពុជា មិនត្រូវភ្លេចការឈ្លានពានរបស់ថៃ កាលពីមុនជាដាច់ខាត៖ «ឥឡូវនេះរដ្ឋាភិបាលថ្មីនេះជារដ្ឋាភិបាលមានឥទ្ធិពលទាំងកងទ័ព ទាំងរាជវាំង ទាំងនៅក្នុងរដ្ឋាភិបាល ដូច្នេះកម្ពុជា ត្រូវប្រើប្រាស់ឱកាសមាសនេះដើម្បីឲ្យថៃ ដកទ័ពចេញពីប្រាសាទព្រះវិហារ គោរពតាមការបកស្រាយសាលក្រម។ រដ្ឋាភិបាលត្រូវដើរតួប្រាប់អាស៊ានពីបញ្ហានេះ»។
ថៃ បានឈ្លានពានប្រាសាទព្រះវិហារ តាំងពីឆ្នាំ២០០៨ បន្ទាប់ពីអង្គការយូណេស្កូ (NESCO) បានដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ កងទ័ពកម្ពុជា និងថៃ បានផ្ទុះអាវុធជាច្រើនដងច្រើនសា មុននឹងកម្ពុជា បញ្ជូនសំណុំរឿងប្រាសាទព្រះវិហារ ទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឲ្យបកស្រាយសាលក្រមតាំងពីឆ្នាំ១៩៦៥។ តុលាការអន្តរជាតិ ក៏បានបកស្រាយសាលក្រមតាមបណ្ដឹងរបស់កម្ពុជា តាំងពីចុងឆ្នាំ២០១៣ បង្គាប់ឲ្យថៃ ដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ។ ទោះបីជាថៃ មិនព្រមដកទ័ពចេញក៏ដោយ ក៏កម្ពុជា មិនបានលើកយកបញ្ហានេះទៅជជែកក្នុងកិច្ចប្រជុំអាស៊ាននៅប្រទេសភូមា ឬមីយ៉ាន់ម៉ា ដែរ ខណៈដែលវៀតណាម បានលើកយកសំណុំរឿងជម្លោះជាមួយចិន ទៅជជែកគ្នាក្នុងកិច្ចប្រជុំការបរទេសអាស៊ាននេះ៕
3 comments:
ខ្មោចទា បាញ់ បន្តិចទៀតយួននឹងបាញ់ក្បាលហើយ ពេលនោះនឹងដូរ ឈ្មោះ ដាក់ ឆ្កែ បាញ់វិញ ។
KiMedia is dead. only two people comment on this page. Kalonch chuck and Jendhamuny. What happened to KI-Media?
"កាឡុញឆិក" មានន័យថា "ក្ដខ្លី"
Post a Comment