RFA - បក្សសង្គ្រោះជាតិធ្វើការបោះឆ្នោតស្ទង់ស្ទាបមតិនៅថ្ងៃទី២៤ សីហា ដើម្បីជ្រើសរើសមេដឹកនាំល្អ ប្រចាំស្រុកកោះធំ និងថ្នាក់ដឹកនាំបក្សខេត្តកណ្ដាល។
លោក អ៊ូច សៀករ៉ាន់ សមាជិកបក្សសង្គ្រោះជាតិ ស្រុកកោះធំ ខេត្តកណ្ដាល បញ្ជាក់ថា មន្ត្រីថ្នាក់ស្រុកមកពីបក្ស សម រង្ស៊ី និងបក្សសិទ្ធិមនុស្ស ចំនួន ១៩នាក់បានឈរឈ្មោះឲ្យក្រុមប្រឹក្សាឃុំចំនួន ៤៣នាក់បោះឆ្នោតជ្រើសរើសធ្វើជាមេដឹកនាំបក្សស្រុកកោះធំ របស់បក្សសង្គ្រោះជាតិ។
លោកបន្តថា នៅថ្ងៃដដែលនេះដែរ បេក្ខជនឈរឈ្មោះថ្នាក់ខេត្តចំនួន ២០នាក់ ត្រូវបានឈរឈ្មោះឲ្យក្រុមប្រឹក្សាឃុំចំនួនទាំង ៤៣នាក់នោះ បោះឆ្នោតជ្រើសរើសជាថ្នាក់ដឹកនាំបក្សខេត្តដែរ។ ចំពោះលទ្ធផលឆ្នោតនឹងប្រកាសក្នុងកម្រិតថ្នាក់ជាតិនៅពេលក្រោយ។
ទាក់ទងការបោះឆ្នោតស្ទង់ស្ទាបមតិដើម្បីជ្រើសរើសមេបក្សស្រុក និងខេត្តរបស់បក្សសង្គ្រោះជាតិនេះ លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្របក្សសង្គ្រោះជាតិ បញ្ជាក់ថា បក្សសង្គ្រោះជាតិបានចាប់ផ្ដើមបោះឆ្នោតដូច្នេះនៅទូទាំងប្រទេស តាំងពីដើមខែសីហា មក ដើម្បីស្វែងរកមេដឹកនាំមានប្រជាប្រិយភាព និងស្នាដៃអ្នកដឹកនាំល្អ នៅតាមមូលដ្ឋានមុននឹងបក្សសង្គ្រោះជាតិចូលធ្វើការនៅរដ្ឋសភា។ លោកថា ដំណើរការបោះឆ្នោតនេះ នឹងបញ្ចប់នៅដំណាច់ខែសីហានេះ៕
No comments:
Post a Comment