A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 26 August 2014

People in Kratie detained a Vietnamese company's bulldozers which were bulldozing the farms ពលរដ្ឋ​នៅ​ក្រចេះ​ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​វៀតណាម​ដែល​ឈូស​ឆាយ​ធ្វើ​ព្រំ​លើ​ដី​ចម្ការ

ប្រជាពលរដ្ឋ​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​នាំ​គ្នា​ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​វៀតណាម មួយ ដែល​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ព័ទ្ធ​ធ្វើ​ព្រំ​ដី​លើ​ដី​ចម្ការ​របស់​ពួក​គាត់។
ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា ប្រសិន​បើ​គ្មាន​ការ​ដោះស្រាយ​ណា​មួយ​លើ​បញ្ហា​ដី​របស់​ពួក​គាត់​ទេ គ្រឿងចក្រ​ដែល​ក្រុមហ៊ុន​បាន​ជួល​មក​ឈូស​ឆាយ​ដី​នោះ ក៏​មិន​អាច​ប្រគល់​ឱ្យ​វិញ​ឡើយ។ ចំណែក​តំណាង​ក្រុមហ៊ុន​បញ្ជាក់​ថា ដី​តំបន់​នោះ គឺ​ជា​ដី​របស់​រដ្ឋ មិន​មែន​ជា​ដី​របស់​ក្រុមហ៊ុន​នោះ​ទេ ហើយ​ការ​ដោះស្រាយ​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​អាជ្ញាធរ និង​ពលរដ្ឋ ចំណែក​ក្រុមហ៊ុន​មិន​ពាក់ព័ន្ធ​ឡើយ។
សកម្មភាព​ឃាត់​គ្រឿងចក្រ​របស់​ពលរដ្ឋ​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ប្រមាណ​ជា​បី​ថ្ងៃ​មក​ហើយ ដោយ​រង់ចាំ​តំណាង​ក្រុមហ៊ុន ឬ​អាជ្ញាធរ ដើម្បី​ដោះស្រាយ​ជុំវិញ​ការ​ឈូស​ឆាយ​រំលោភ​លើ​ដី​របស់​ពួក​គាត់ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។
តំណាង​ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ប៉ោ​ដើម​ស្វាយ ឃុំ​ឃ្សឹម លោក ហេង គង់ ឱ្យ​ដឹង​ថា ពួក​គាត់​បាន​នាំ​គ្នា​ចូល​កាន់​កាប់​ដី​តំបន់​នោះ​តាំង​ពី​ឆ្នាំ​២០០៩ ឬ​បន្តបន្ទាប់​នេះ ដែល​មាន​ដាំ​ដំណាំ​ជា​ហូរហែ។ លោក​បន្ត​ថា នៅ​ដើម​ឆ្នាំ​២០១៤ អាជ្ញាធរ​ដាក់​កម្លាំង​ជាច្រើន​នាក់​ចុះ​រុះរើ និង​ដុត​បំផ្លាញ​រោង​ស្នាក់នៅ និង​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ជាច្រើន​រយ​គ្រួសារ ក្រោម​ហេតុផល​ថា ពួក​គាត់​ចូល​កាន់​កាប់​ដី​បម្រុង​ទុក​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់។ លោក​បន្ថែម​ទៀត​ថា កន្លង​មក​ក្រុម​អាជ្ញាធរ​បាន​ដាក់​កម្លាំង​លើ​ដី​តំបន់​នោះ មិន​ឱ្យ​ប្រជាពលរដ្ឋ​វិល​ត្រឡប់​ចូល​រស់នៅ​វិញ​ឡើយ ប៉ុន្តែ​ដោយសារ​ពួក​គាត់​មិន​មាន​ដី​សម្រាប់​រស់នៅ ក៏​សម្រេច​ចិត្ត​ចូល​កាន់​កាប់​ដី​របស់​ខ្លួន​ឡើង​វិញ កាល​ពី​ខែ​កក្កដា ហើយ​ស្រាប់​តែ​ថ្មីៗ​នេះ បែរ​ជា​ខាង​ក្រុមហ៊ុន អេសស្ទើន រ៉ាប់ប៊ឺ ខេមបូឌា (Eastern Rubber Cambodia ) របស់​វៀតណាម បាន​ជួល​គ្រឿងចក្រ​ពីរ​គ្រឿង ដើម្បី​ជីក​ព័ទ្ធ​ជា​ប្រឡាយ​លើ​ដី​របស់​ពួក​គាត់ ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​ចាប់​យក​គ្រឿងចក្រ​មក​រក្សា​ទុក​តែ​ម្តង។
លោក ហេង គង់៖ «ក្រុមហ៊ុន​មក​ដោះស្រាយ​គ្រឿងចក្រ​ហ្នឹង​ទៅ និង​ចង់​សំណូមពរ​ឱ្យ​អាជ្ញាធរ​ដែន​ដី​នេះ ឱ្យ​មាន​បញ្ហា​អី​ឱ្យ​មក​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿនៗ។ ហើយ​ប្រសិន​ជា​យល់​ល្អ ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ស្នើ​សុំ​ឱ្យ​ពួក​គាត់​រៀបចំ​ភូមិករ​ថ្មី ឱ្យ​មាន​ច្បាប់​រដ្ឋបាល​អី​ត្រឹមត្រូវ​ណា​បង! ហើយ​វាស់វែង​ដីធ្លី​នេះ​ជូន​ប្រជាជន​វិញ​មក ព្រោះ​ដី​នេះ​វា​អត់​មាន​ប៉ះពាល់​លើ​ដី​ក្រុមហ៊ុន​ទេ។ ហើយ​បើ​ថា​ដី​នេះ​អភិរក្ស ក៏​វា​មិន​សម​វា​កន្លែង​អភិរក្ស​ទៀត​ដែរ ព្រោះ​តំបន់​នេះ​ប្រជាជន​បាន​កាន់​កាប់​ដាំ​ដំណាំ​អស់​ហើយ»
តំណាង​ប្រជាពលរដ្ឋ​ដដែល​បន្ថែម​ថា ពួក​គាត់​រង់ចាំ​ខាង​តំណាង​ក្រុមហ៊ុន ឬ​អាជ្ញាធរ ដើម្បី​ចូល​ដោះស្រាយ​ជុំវិញ​បញ្ហា​នេះ និង​ដើម្បី​ដាក់​ខ​សន្យា​ថា ត្រូវ​បញ្ឈប់​ការ​ឈូស​ឆាយ​ត​ទៅ​ទៀត។ ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​បញ្ហា​ដីធ្លី​មាន​ចំនួន​ពីរ​ភូមិ គឺ​ភូមិ​ប៉ោ​ដើម​ស្វាយ និង​ភូមិ​ប៉ោ​ដើម​ចេក ដែល​មាន​ប្រជាពលរដ្ឋ​ជាង ៤០០​គ្រួសារ (៤១៩) លើ​ផ្ទៃ​ដី​ប្រមាណ​ជាង ១​ពាន់​ហិកតារ (១.២៨៥,៣៤)។

តំណាង​ក្រុមហ៊ុន អេសស្ទើន រ៉ាប់ប៊ឺ ខេមបូឌា ដោយ​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា ដី​តំបន់​នោះ គឺ​ជា​ដី​បម្រុង​ទុក​របស់​រដ្ឋ ឬ​ព្រៃ​អភិរក្ស​ជីវចម្រុះ ប៉ុន្តែ​ដោយសារ​រដ្ឋាភិបាល​បាន​សុំ​ឱ្យ​ខាង​ក្រុមហ៊ុន​សហការ​ជាមួយ ដើម្បី​ទប់ស្កាត់​ការ​ទន្ទ្រាន​ចូល​កាន់​កាប់​ដោយ​ខុស​ច្បាប់​ត​ទៅ​ទៀត និង​ម្យ៉ាង ដី​នោះ​មាន​ព្រំប្រទល់​ជាប់​ដី​ក្រុមហ៊ុន​ផង ទើប​អាជ្ញាធរ​ឱ្យ​ក្រុមហ៊ុន​ជា​អ្នក​មើល​ការ​ខុស​ត្រូវ៖ «មិន​មែន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ទេ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ ដី​របស់​រដ្ឋ ដី​រក្សា​ទុក គ្រាន់​តែ​រដ្ឋ​ផ្ដាំ​ផ្ញើ​ឱ្យ​ក្រុមហ៊ុន​ជួយ​មើល ជួយ​ការពារ ខ្លាច​ក្រែង​ប្រជាជន​ចូល​តាម​ច្រក​ធំៗ​អ៊ីចឹង​ណា។ ក្រុមហ៊ុន​គ្រាន់​តែ​ជួយ​ការពារ​ឱ្យ​ទេ ហើយ​បញ្ហា​ផ្សេងៗ គឺ​ខាង​រដ្ឋាភិបាល​របស់​ខាង​អាជ្ញាធរ»
អភិបាល​ស្រុក​ស្នួល លោក គង់ គឹមនី មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២៦ សីហា ថា ខាង​លោក​បាន​ទទួល​ដំណឹង​នេះ​ហើយ ប៉ុន្តែ​មិន​ទាន់​ចុះ​ស្រាវជ្រាវ​លម្អិត​នៅ​ឡើយ​ទេ ពីព្រោះ​អាជ្ញាធរ​ថ្នាក់​ជាតិ រួម​នឹង​ខាង​ខេត្ត ជាប់​រវល់​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​ដែល​ត្រឡប់​ពី​ភ្នំពេញ​ជា​មុន​សិន។ ដូច​នេះ លោក​មិន​ទាន់​អាច​ជម្រាប​ជូន​ពិស្ដារ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ៖ «ខ្ញុំ​អត់​ទាន់​ចុះ​ដល់​ទីតាំង ខ្ញុំ​អត់​ទាន់​និយាយ​បាន​ទេ ព្រោះ​វា​ភ្លៀង​ខ្លាំង។ ចាំ​ខ្ញុំ​ចុះ​ដល់​ទីតាំង​ពិនិត្យ​ជាក់ស្តែង​ហើយ ចាំ​ខ្ញុំ​និយាយ​បាន»
កាល​ពី​ពេល​កន្លង​ទៅ តំណាង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​នាំ​គ្នា​ឡើង​ទៅ​ភ្នំពេញ ដើម្បី​ស្វែងរក​ដំណោះស្រាយ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ខេត្ត​ហៅ​ពួក​គាត់​ត្រឡប់​មក​វិញ ដោយ​សន្យា​ថា​នឹង​ធ្វើ​ការ​ដោះស្រាយ​ជូន​ពួក​គាត់ ប៉ុន្តែ​ពេល​ពួក​គាត់​ត្រឡប់​មក​នោះ ខាង​អាជ្ញាធរ​នៅ​តែ​មិន​អាច​បំពេញ​តាម​សេចក្តី​ត្រូវ​ការ​របស់​ពួក​គាត់ ដែល​ចង់​រស់នៅ​កន្លែង​ដដែល​នោះ​បាន​ឡើយ។
យ៉ាង​ណា​ក៏ដោយ កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ខ្លាំងៗ​ទៅ​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ដែល​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​អាជ្ញាធរ​ខេត្ត​តែ​ម្តង ឱ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​ទាំង​ការ​រំលោភ​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន និង​ការ​កាន់​កាប់​ដី​របស់​រដ្ឋ ជាដើម គឺ​ត្រូវ​មាន​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ។ លោក​ថែម​ទាំង​ព្រមាន​ថា ប្រសិន​បើ​បញ្ហា​ដីធ្លី​នៅ​តែ​កើត​មាន​ឡើង​នៅ​ខេត្ត​ដែល​ខ្លួន​គ្រប់គ្រង​ទៀត អភិបាល​ខេត្ត​ទាំង​នោះ អាច​ប្រឈម​នឹង​ការ​ដក​ចេញ​ពី​តំណែង​ទៀត​ផង៕

No comments: