ភ្នំពេញៈ ក្រុមអង្គការសង្គមស៊ីវិល បានផ្ញើលិខិតចំនួន ៣ ដាច់ដោយឡែកពីគ្នា ជូនអតីតនាយករដ្ឋមន្រ្តី នៅទស្សវត្សរ៍ ទី៨០ និង ៩០ ដោយស្នើជួបប្រជុំ នៅថ្ងៃសុក្រ ដើម្បីពិភាក្សានិងជួយធ្វើយុទ្ធនាការកំណត់អាណតិ្តនាយករដ្ឋមន្រ្តី។
លោក គល់ បញ្ញា នាយកប្រតិបតិ្តអង្គការ ខុមហ្វ្រែល ដែលជាអ្នករៀបចំកិច្ចប្រជុំតុមូលកាលពីសប្តាហ៍មុនជាមួយនឹងអង្គការដទៃទៀត ដែលពិភាក្សាអំពីការកំណត់អាណតិ្តនាយករដ្ឋមន្រ្តី បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីម្សិលមិញថា ក្រុមសង្គមស៊ីវិលរបស់លោក បានរៀបចំលិខិតដាច់ដោយឡែកចំនួន ៣ រួចហើយ ដើម្បីផ្ញើជូនលោក ប៉ែន សុវណ្ណ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងលោក អ៊ឹង ហួត អតីតនាយករដ្ឋមន្រ្តីដោយស្នើសុំជួបប្រជុំ នៅថ្ងៃសុក្រ ឬសប្តាហ៍ក្រោយដើម្បីពិភាក្សាអំពីអាណតិ្តរបស់នាយករដ្ឋមន្រ្តី។
លោក គល់ បញ្ញា បានបញ្ជាក់ថា៖ «យើងចង់ជួបគាត់ ដើម្បីទទួលបានគំនិតពីគាត់។ យើងចង់ឲ្យគាត់ជួយធ្វើយុទ្ធនាការកំណត់អាណតិ្តរបស់នាយករដ្ឋមន្រ្តី [ត្រឹមពីរអាណតិ្ត ឬ ១០ ឆ្នាំ] យើងចង់រៀបចំសន្និសីទសារព័ត៌មានរួមគ្នា [ជាមួយនឹងអតីតនាយករដ្ឋមន្រ្តី]»។
លោក គល់ បញ្ញា បានថ្លែងក្នុងកិច្ចពិភាក្សាតុមូលថា សង្គមស៊ីវិលនឹងផ្ញើសំណើការកំណត់អាណតិ្តនាយករដ្ឋមន្រ្តីនេះ ជូនរដ្ឋសភា ដើម្បីអនុម័ត នៅពេលរដ្ឋសភា បើកសម័យប្រជុំស្តីពីការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត។
លោក ប៉ែន សុវណ្ណ ធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីពី ឆ្នាំ១៩៨១‑៨២ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ទ្រង់ធ្លាប់ជានាយករដ្ឋមន្រ្តីទីមួយ ពី ឆ្នាំ១៩៩៣‑៩៧ លោក អ៊ឹង ហួត ធ្លាប់ជានាយករដ្ឋមន្រ្តី ឆ្នាំ១៩៩៧ បានប្រហែល ៥ខែ។ លោក អ៊ឹង ហួត ត្រូវបានដំឡើងជានាយករដ្ឋមន្រ្តី ទី១ ជំនួសព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក្រោយពីព្រឹត្តិការណ៍ផ្ទុះអាវុធដ៏បង្ហូរឈាម នៅកណ្តាលរាជធានីភ្នំពេញ ដែលទម្លាក់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ចេញពីតំណែងដោយកងកម្លាំងដែលស្មោះត្រង់នឹងលោក ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្រ្តីទីពីរ។
លោក ប៉ែន សុវណ្ណ អាយុ ៧៨ឆ្នាំ ជាអតីតនាយករដ្ឋមន្រ្តីពី ឆ្នាំ១៩៨១‑៨២ នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនហើយឥឡូវនេះ លោកគឺជាតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ។
លោកបានយល់ព្រមទៅតាមសំណើរបស់សង្គមស៊ីវិល ដែលស្នើសុំកំណត់អាណតិ្តនាយករដ្ឋមន្រ្តី ដោយលោកបញ្ជាក់ថា លោកស្វាគមន៍និងចូលរួមកិច្ចពិភាក្សាអំពីបញ្ហានេះ បើគេអញ្ជើញលោកឲ្យចូលរួម។
លោក ប៉ែន សុវណ្ណ បានបញ្ជាក់ទៀតថា៖ «ការកំណត់អាណតិ្តនាយករដ្ឋមន្រ្តី គឺល្អធ្វើឲ្យសង្គមផ្លាស់ប្តូរ ប្រទេសរីកចម្រើន»។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលជាប្រធានគណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ និងលោក អ៊ឹង ហួត មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានបដិសេធធ្វើការអត្ថាធិប្បាយដោយលោកបញ្ជាក់ថា វាអាស្រ័យលើសេចក្តីសម្រេចរបស់អ្នកនយោបាយ ឬរដ្ឋសភា ហើយបានបង្វែរសំណួរឲ្យទៅសួរអ្នកនាំពាក្យរដ្ឋសភាលោក ឈាង វុន និងលោក ជាម យៀប ដែលពុំអាចទាក់ទងសុំការអត្ថាធិប្បាយបានឡើយ។ ប៉ុន្តែ លោក ញ៉ែម ថាវី អ្នកនាំពាក្យរដ្ឋសភាម្នាក់ទៀត បានថ្លែងកាលពីសប្តាហ៍មុនថា សំណើរបស់សង្គមស៊ីវិលមិនមានក្នុងកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិទេ។
ជាមួយគ្នានេះ ខណៈដែលរដ្ឋសភា នឹងបើកសម័យប្រជុំនៅថ្ងៃនេះ ដើម្បីបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភានិងប្រធានគណៈកម្មការទាំង ១០ ក្រុមសង្គមស៊ីវិល និងសមាគមចំនួន ១២ ក៏បានស្នើឲ្យរដ្ឋសភាទុកបេក្ខភាពអនុប្រធាន ទី២ សម្រាប់លោកស្រី ឃួន សុដារី ដើម្បីរក្សាសមាសភាពយេនឌ័រនៅស្ថាប័នជាតិកំពូលមួយនេះ។
ក្នុងសេចក្តីប្រកាសរួមរបស់អង្គការទាំង ១២ ដែលចេញផ្សាយកាលពីម្សិលមិញ បានឲ្យដឹងថា ពួកគេសូមអំពាវនាវដល់រដ្ឋសភាជាពិសេស គណបក្សប្រជាជន ឲ្យជ្រើសរើសបេក្ខភាពជាស្រ្តី ឬបន្តរក្សាបេក្ខភាពរបស់លោកស្រី ឃួន សុដារី ជាអនុប្រធាន ទី២ រដ្ឋសភា។
សេចក្តីថ្លែងការណ៍បានបន្តថា៖ «គណៈកម្មាធិការលើកស្ទួយស្រ្តី ក្នុងវិស័យនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា យល់ថា ការបោះឆ្នោតជ្រើសរើសបេក្ខភាពស្រ្តី ឬបន្តរក្សាបេក្ខភាពលោកជំទាវ ឃួន សុដាវី ជាអនុប្រធានទីពីរនៃរដ្ឋសភានីតិកាល ទី៥ ពិតជាមានសារៈសំខាន់ណាស់ក្នុងការអនុវត្តស្របតាមអនុសញ្ញាស៊ី‑ដ លុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីភេទ»។
នៅពេលទាក់ទងកាលពីម្សិលមិញ អ្នកនាំពាក្យរដ្ឋសភាលោក ញ៉ែម ថាវី បានថ្លែងថា សេចក្តីសម្រេចស្តីពីការដកលោកស្រី ឃួន សុដាវី គឺជាសេចក្តីសម្រេចរបស់មេដឹកនាំគណបក្ស ហើយថា សេចក្តីសម្រេចនេះ មិនពាក់ព័ន្ធនឹងសន្ធិសញ្ញា ស៊ី‑ដ ទេ។
លោកបានបញ្ជាក់ថា៖ «វាជាសេចក្តីសម្រេចនយោបាយ។ ប្រសិនបើគេយកបញ្ហា ស៊ី‑ដ មកពិភាក្សា វាហាក់ដូចជាគេមិនគិតពីនយោបាយរបស់ប្រទេសសោះ។ ដូច្នេះ ការងារនេះ យើងធ្វើដើម្បីដោះស្រាយបញ្ហានយោបាយ។ ម្យ៉ាងទៀត វាមិនមែនជាការរើសអើងយេនឌ័រទេ ដូច្នេះបុរសឬស្រ្តីគឺស្មើភាពគ្នា»៕
1 comment:
We have had our fair share of leaders who continue to rule and refuse to give way even though it is obvious that the time for change has come. This does suffocate new talent and stifle a democracy."
The two-term limit is a very important feature "to give power to the people and for a powerful democracy,"
....The United States presidents leave office with dignity and grace at the end of their terms and ...."those cling to power to the very end and are often forced out of office in indignity and disgrace..."
There are many benefits for the terms limit, to give the people the ability to re-elect individual members after the expiration of the terms on the suitability of an existing elected representative to continue in office, to give us a stronger democracy, a greater representation of the people as seen in the system of governments, including the United States, Switzerland the Philippines and Venezuela.
"This is very important ....for participatory democracy and representative democracy. It makes way for the represention by the majority. The right of the minority voices will be protected but at the same time this will give effect to the will of the majority that a member of parliament will be elected by the majority of the votes cast". One-of-kon Khmers
Post a Comment