តំណាងប្រជាពលរដ្ឋចំនួន ៣៨០គ្រួសារ រស់នៅក្នុងតំបន់ផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅក្នុងខេត្តក្រចេះ នាំគ្នាឡើងមកតវ៉ាជាថ្មីម្តងទៀតនៅភ្នំពេញ ដើម្បីរួមគ្នាដាក់ញត្តិដោយផ្ទាល់ទៅទីស្ដីការគណៈរដ្ឋមន្ត្រី សុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដោះស្រាយ។ ការត្រឡប់មកវិញរបស់ពលរដ្ឋទាំងនេះ គឺបន្ទាប់ពីពួកគេមិនទុកចិត្តដំណោះស្រាយ ដែលក្រុមអាជ្ញាធរខេត្តសន្យាផ្តល់អោយ។
ពលរដ្ឋប្រមាណ ១០០នាក់ មកពីស្រុកចំនួន២ គឺស្រុកឆ្លូង និងស្រុកស្នួល ខេត្តក្រចេះ ដែលមានប័ណ្ណសម្គាល់ភោគៈចែកដោយក្រុមនិស្សិតស្ម័គ្រចិត្ត រៀបចំដាក់ញត្តិជាថ្មីម្តងទៀត ដើម្បីដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំឲ្យអាជ្ញាធរខេត្តប្រគល់ដីឲ្យតាមប្លង់កំណត់។
តំណាងពលរដ្ឋ ៣៨០គ្រួសារ មកពីស្រុកស្នួល លោក សួន វិច្ឆិកា ឲ្យដឹងថា ក្បាលដីចំនួន ៤៧០ប្លង់ មានទំហំដីជាង ១.៨០០ហិកតារ នៅក្នុងភូមិគ្រង និងភូមិថ្ពង នៅឃុំស្នួល ត្រូវយុវជនស្ម័គ្រចិត្តវាស់ និងផ្តល់ប័ណ្ណសម្គាល់ភោគៈ តាំងពីឆ្នាំ២០១២។ ប៉ុន្តែ អាជ្ញាធរខេត្តក្រចេះ មិនព្រមផ្តល់កម្មសិទ្ធិឲ្យទេ បែរជាយកដីពួកគាត់ប្រគល់ឲ្យក្រុមហ៊ុនកូរ៉េ ឈ្មោះ ហូរ៉ាយស៊ិន អាគ្រីខាល់ឆឺរ ឌីវ៉ូឡប់មែន (Horizon Agriculture Development) ដាំដើមកាស្យា ដើមកៅស៊ូ និងដើមម៉ៃសាក់៖ «ដីប្រជាពលរដ្ឋយើងខ្ញុំដែលទទួលការវាស់វែងប៉ុណ្ណា គឺសុំតែប៉ុណ្ណឹង ហើយមានប៉ុន្មានក្បាលដីសុំប៉ុណ្ណឹង ហើយការរៀបចំប្ដូរទីតាំង គឺមិនព្រម»។
លោក សុន មីនា ឲ្យដឹងថា ពលរដ្ឋដែលមានជម្លោះដីធ្លីក្នុងខេត្តក្រចេះ នេះ បាននាំគ្នាមកភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ស្នាក់នៅក្នុងវត្តសាមគ្គីរង្ស៊ី។ ពួកគេបានព្យាយាមហែញត្តិទៅផ្ទះលោកនាយករដ្ឋមន្ត្រីជាច្រើនលើកច្រើនសា ប៉ុន្តែតែងតែត្រូវអាជ្ញាធររារាំង។ កាលពីថ្ងៃទី១៨ ខែសីហា លោកនាយករដ្ឋមន្ត្រី បានប្រកាសឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយដីធ្លីឲ្យពលរដ្ឋទាំងនេះ និងថា លោកពុំបានទទួលញត្តិរបស់ពួកគេឡើយ។ បន្ទាប់មក អាជ្ញាធរជាតិដោះស្រាយបញ្ហាដីធ្លីបានហៅពួកគាត់ឲ្យទៅខេត្តក្រចេះ វិញ ដើម្បីទទួលដំណោះស្រាយ។ ប៉ុន្តែអាជ្ញាធរដោះស្រាយដីធ្លីថ្នាក់ជាតិ ឲ្យពលរដ្ឋចង្អុលដីដែលយុវជនចេញប័ណ្ណដីឲ្យនោះ ប្រាប់ទៅតំណាងក្រុមហ៊ុនកូរ៉េ នោះ។ ទន្ទឹមនោះ អាជ្ញាធរសុំឲ្យអ្នកភូមិដែលមានដីធំ និងតូច ត្រូវតែទទួលយកដីទំហំ ៣ហិកតារស្មើគ្នា រួចសុំដូរប័ណ្ណដីពីកន្លែងមានប្លង់ ទៅកន្លែងផ្សេងដែលមិនទាន់មានប្លង់វិញ ទើបពួកគាត់ឡើងមកភ្នំពេញជាថ្មី ដើម្បីដាក់ញត្តិប្ដឹងអាជ្ញាធរខេត្ត រំលោភលើសិទ្ធិក្រុមយុវជនស្ម័គ្រចិត្ត ដែលរដ្ឋាភិបាលបញ្ជូនពួកគេឲ្យធ្វើជំនួយការរបស់ក្រសួងសុរិយោដី៖ «សហការប្រជាពលរដ្ឋទាំងអស់ដែលមកពីទូទាំងខេត្ត ដែលមានគ្រោះដីធ្លីនេះ នឹងជួបជុំគ្នានៅថ្ងៃណាមួយនៅអាទិត្យក្រោយ ធ្វើញត្តិទាំងអស់រួមគ្នា បុកទៅផ្ទះសម្ដេច ហ៊ុន សែន ទាំងអស់»។
លោកស្រី ទិន យូរ៉ា ឲ្យដឹងថា គាត់មានដីទំហំ ៦ហិកតារ ដែលយុវជនចេញប័ណ្ណដីឲ្យ។ ស្រាប់តែអាជ្ញាធរខេត្តក្រចេះ កាត់ដី ៦៦ក្បាលដីពីពួកគាត់ចំនួន ៥១គ្រួសារ ដោយទាំងដីគាត់នៅក្នុងនោះ ហើយចោទថា អ្នក ៥១គ្រួសារ ជាជនចំណាកស្រុក ដើម្បីដកដីយកទៅឲ្យក្រុមហ៊ុនកូរ៉េ ឈ្មោះ ហូរ៉ាយស៊ិន អាគ្រីខាល់ឆឺរ ឌីវ៉ូឡប់មែន។ លោកស្រីថា ក្រុមហ៊ុនកូរ៉េ បានឈូសយកដីអ្នកភូមិគ្រង ៦គ្រួសារ អស់ផ្ទៃដីចម្ការជាង ១០ហិកតារ ហើយដាំម្រេចពីលើដំណាំអ្នកភូមិ។
លោកស្រី ស្រេង គឹមអេន តំណាងឲ្យពលរដ្ឋ ៨៣គ្រួសារ ភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកឆ្លូង ឲ្យដឹងថា អាជ្ញាធរខេត្តក្រចេះ ដកដីពួកគាត់ ៤៧០ហិកតារ ទៅជួលឲ្យក្រុមហ៊ុន យូប៊ីអ៊ី ឌីវ៉ូឡប់មែន ធ្វើសួនឧស្សាហកម្ម។ ពេលយុវជនចុះវាស់ដីឲ្យពលរដ្ឋ អាជ្ញាធរខេត្តក្រចេះ រារាំងមិនឲ្យវាស់ដីចែកកម្មសិទ្ធិឲ្យ ដោយសំអាងថា ពួកគាត់មិនមានការទទួលស្គាល់ពីអាជ្ញាធរ។ ប៉ុន្តែ ពួកគាត់មានប័ណ្ណស្នាក់នៅ មានប័ណ្ណបោះឆ្នោតពីឆ្នាំ១៩៩៧ មកដល់បច្ចុប្បន្ន៖ «ប្រជាពលរដ្ឋទាមទារ និងសុំសិទ្ធិរបស់ពលរដ្ឋវិញ អស់លោកនឹងបានអះអាងថា គាត់មិនឲ្យទេ នេះជាកម្មសិទ្ធិរបស់រដ្ឋ»។
ពាក់ព័ន្ធការចោទប្រកាន់របស់ប្រជាពលរដ្ឋ អភិបាលស្រុកស្នួល លោក គង់ គឹមនី ឲ្យដឹងថា ដីនៅក្នុងតំបន់ស្រុកស្នួល សម្បូរអ្នកទន្ទ្រានកាន់កាប់ថ្មី ទើបមានការលំបាកដោះស្រាយ។ លោកបដិសេធអំពីការដោះដូរកន្លែងរស់នៅដល់ពលរដ្ឋដែលមានប័ណ្ណភោគៈ ចេញដោយយុវជនស្ម័គ្រចិត្ត។ លោកឲ្យដឹងថា នៅខែក្រោយថ្ងៃទី១៨ ខែកញ្ញា លេខាធិការដ្ឋានថ្នាក់ជាតិ និងប្រជុំជាមួយពលរដ្ឋដែលមានជម្លោះដីធ្លីនៅក្នុងស្រុកស្នួល៕
No comments:
Post a Comment