A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 30 July 2014

The outcomes of the meetings between the ruling CPP and the opposition CNRP to amend the internal regulations of the parliament លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណបក្ស​ទាំង​ពីរ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង

ប្រជុំ​សភា ៦១០
កិច្ច​ប្រជុំ​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៣ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​តុលាការ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/Yeang Socheametta
ក្រុម​​ការងារ​ចរចា​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បាន​បញ្ចប់​កិច្ចប្រជុំ​ធ្វើ​វិសោធនកម្ម​លើ​បញ្ហា​បី រួម​មាន៖ ការ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត។ ភាគី​ទាំង​ពីរ​ព្រមព្រៀង​គ្នា​លើ​ចំណុច​មួយ​ចំនួន​នៃ​ប្រធានបទ​ទាំង​បី ហើយ​គ្រោង​ប្រើប្រាស់​យន្តការ​រដ្ឋសភា​ដើម្បី​បញ្ចប់​ការ​ធ្វើ​វិសោធនកម្ម​នេះ។
ក្រុម​ការងារ​ចរចា​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បាន​បញ្ចប់​កិច្ចពិភាក្សា​របស់​ខ្លួន​រួច​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​កក្កដា។ ក្នុង​ចំណោម​បញ្ហា​ដែល​ត្រូវ​ធ្វើ​វិសោធនកម្ម​ទាំង​បី មាន​ប្រធានបទ​ពីរ​ត្រូវ​បាន​គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​ជា​គោលការណ៍ ដើម្បី​ប្រើប្រាស់​យន្តការ​រដ្ឋ​សភា​ពិនិត្យ និង​សម្រេច​នៅ​ពេល​ក្រោយ។ ប្រធានបទ​នោះ រួម​មាន ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត។
ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ គឺ​គណបក្ស​ទាំង​ពីរ​ឯកភាព​គ្នា​បង្កើត​ជំពូក​ថ្មី​មួយ​ទៀត​សម្រាប់​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​កម្ពុជា។ ជំពូក​ថ្មី​នោះ អាចមាន​ពីរ​ឬ​បី​មាត្រា ដែល​មាន​ចែង​ពី​តួនាទី​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​ស្ថាប័ន​ធម្មនុញ្ញ ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​វិញ គណបក្ស​ទាំង​ពីរ​ពិភាក្សា​គ្នា​ដោយ​លើក​យក​បួន​ចំនុច ដើម្បី​កែប្រែ ដូចជា ការ​រៀបចំ​សមាសភាព​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​ថ្នាក់ក្រោម​ជាតិ យន្តការ​ពិនិត្យ​និង​ដោះស្រាយ​ពាក្យ​បណ្ដឹង ការ​រៀបចំ​ចុះឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី និង​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​ប្រធានបទ​ដែល​ត្រូវ​លើក​យក​ទៅ​ដាក់​ក្នុង​អង្គ​សិក្ខាសាលា ដើម្បី​សុំ​យោបល់​ពី​ភាគី​ពាក់ព័ន្ធ។
ចំណែក​ឯ​ប្រធានបទ​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​វិញ គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​ជា​លាយលក្ខណ៍អក្សរ​រួចរាល់​ហើយ។ ប្រធានបទ​ការធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋ​សភា គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​ធ្វើ​វិសោធនកម្ម​លើ​ប្រការ ៦ ប្រការ ៩ ប្រការ ១៤ ប្រការ ៣២ និង​ប្រការ ៣៤។ បទបញ្ជា​ផ្ទៃ​ក្នុង​ប្រការ​៦ រៀបរាប់​ពី​ចំនួន​គណៈកម្មាធិការ​រដ្ឋ​សភា ដែល​នឹង​បន្ថែម​គណៈកម្មាការ​អង្កេត​បោស​សំអាត និង​ប្រឆាំង​អំពើពុករលួយ បន្ថែម​ពីលើ​គណៈកម្មការ​ដែលមាន​ស្រាប់​ចំនួន​៩។
ប្រការ ៩​ថ្មី និយាយ​ពី​តួនាទី​អនុ​ប្រធាន​រដ្ឋសភា​ដែល​ជួយ​ធ្វើ​ការងារ​ប្រធាន​រដ្ឋ​សភា​ទៅ​តាម​ការ​បែង​ចែក​ភារកិច្ច។ ក្នុង​ប្រការ​នោះ ចែង​ថា បើ​ប្រធាន​មិន​បាន​មក​ធ្វើការ ត្រូវ​ផ្ទេរ​សិទ្ធិ​ឲ្យ​អនុ​ប្រធានសភា ហើយ​ត្រូវ​ធ្វើ​តាម​ឋានានុក្រម។ បាន​ន័យ​ថា បើសិនជា​លោក ហេង សំរិន រវល់​មិន​អាច​មក​ធ្វើការ​បាន នោះ​ភារកិច្ច​ប្រធាន​ស្ដីទី​រដ្ឋ​សភា​នឹង​ធ្លាក់​ទៅលើ​អនុប្រធាន​ទី​១ ជា​បេក្ខជន​មកពី​បក្ស​ប្រឆាំង។
ចំពោះ​ប្រការ​១៤ វិញ និយាយ​ពី​ការ​ផ្សព្វផ្សាយ​បន្ទាប់ពី​កិច្ច​ប្រជុំ​សភា​បទបញ្ជា​ផ្ទៃក្នុង​នេះ តម្រូវ​ឲ្យ​អ្នក​តំណាងរាស្ត្រ​អាចមាន​ពេល ២០​នាទី ដើម្បី​រៀបចំ​សន្និសីទ​កាសែត​ដែល​កាល​មុន​ស្ទើរ​តែ​គ្មាន​សោះ​នោះ។ ចំពោះ​ប្រការ​ទី​៣២ និយាយ​ពី​ការ​សួរ​ដេញដោល​មន្ត្រីរ​ដ្ឋាភិបាល​ក្នុង​រដ្ឋសភា។ ចំណុច​ដែល​ប្លែក​ពី​អាណត្តិ​មុន​នោះ គឺ​បទបញ្ជា​ផ្ទៃ​ក្នុង​ចែង​ថា ចំលើយ​របស់​រដ្ឋមន្ត្រី ឬ​នាយករដ្ឋមន្ត្រី​អាច​ធ្វើ​ផ្ទាល់​មាត់ ឬ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ ហើយ​ចាំបាច់​ត្រូវតែ​ចូល​មក​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​អ្នក​តំណាងរាស្ត្រ។ ប៉ុន្តែ​ចំណុច​ដែល​មិន​កែប្រែ​នោះ នៅ​ត្រង់​ថា ប្រធាន​រដ្ឋ​សភា​ជា​អ្នក​សម្រេច​បើក​ឲ្យ​សួរ ឬ​មិន​បើក​ឲ្យ​ដេញដោល បើ​សិន​ណា​មិន​មាន​ការ​សួរ​ឬ​ដេញដោល​ទេ​នោះ ចម្លើយ​របស់​មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​ជា​ការ​បិទ​បញ្ចប់​សំណួរ​តែម្តង។ ក្នុង​ប្រការ​ទី​៣៤ ជា​ប្រការ​ចុង​ក្រោយ​ដែល​ធ្វើ​ការ​កែប្រែ​នោះ បញ្ជាក់​ថា បើ​គណៈកម្មការ​ជំនាញ​ណា​មួយ​កោះហៅ​មន្ត្រី​រដ្ឋាភិបាល ឬ​វរជន​ណា​មួយ​មក​បំភ្លឺ អ្នក​នោះ​ចាំបាច់​ត្រូវតែ​ចូល​បំភ្លឺ។
មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា និង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន មាន​ប្រសាសន៍​ថា ការ​ធ្វើ​វិសោធន​ទាំង​អស់​ជា​គំនិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចង់​ឃើញ​ដំណើរ​ការ​ជជែក​ក្នុង​រដ្ឋ​សភា​កម្ពុជា កាន់​តែ​ផុលផុស​ថែម​ទៀត។ លោក​បន្ត​ថា បញ្ហា​ទាំង​អស់​នឹង​អាច​ដោះស្រាយ​បាន​ដោយ​ការ​ប្រើប្រាស់​យន្តការ​រដ្ឋ​សភា៖ «ចាំបាច់​ត្រូវ​អនុវត្ត​គោលការណ៍​ចូល​រួម​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ក្នុង​សភា»

រី​ឯ​មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​លើ​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋ​សភា​មែន ប៉ុន្តែ​ក៏​នៅ​មាន​ចំណុច​ច្រើន​ទៀត​ដែល​ត្រូវ​បន្ត​ជជែក​គ្នា​បន្ត។ លោក​បន្ថែម​ថា រដ្ឋ​សភា​ត្រូវ​តែ​ជា​ស្ថាប័ន​ដែល​ពលរដ្ឋ​ជឿ​ទុក​ចិត្ត៖ «យើង​បាន​ពិភាក្សា​គ្នា​ច្រើន​ពី​បញ្ហា​នេះ ហើយ​រឿង​មួយ​ចំ​នួ​ដូចជា​សេចក្ដី​ស្នើ​ច្បាប់ ឬ​សេចក្ដី​ព្រាង​ច្បាប់​ហ្នឹង​ត្រូវ​តែ​ពិភាក្សា​ឲ្យ​បាន​ទូលំ​ទូលាយ»
​ក្រុម​ការងារ​ចរចា​របស់​គណបក្ស​ទាំង​ពីរ នឹង​បន្ត​ពិភាក្សាគ្នា​ពី​បញ្ហា​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​នៅ​ដើម​សប្ដាហ៍​ក្រោយ។ មក​ទល់​ពេល​នេះ គណបក្ស​ប្រឆាំង​មិន​ទាន់​កំណត់​កាលបរិច្ឆេត​ចូល​ទៅ​ស្បថ​ក្នុង​វាំង​នៅ​ឡើយ​ទេ៕

1 comment:

Kim Ea said...

I think CNRP is right , they need to make sure that all the problem and rules of the assembly is complete and delight before go to swear in . Don't be hurry need time to have a sure and precise law change and adopt first .Because if you all swear in before some argument of change is not complete , they can play game with you . congratulation to all of you ,who help change for better live of ours Khmer people and our country .