សមាជិកសភាមកពីគណបក្សប្រឆាំងនៅមិនទាន់ចូលស្បថ ដើម្បីចូលប្រជុំសភានៅឡើយទេ ក្រោមហេតុផលថា ក្រុមការងារចរចារបស់គណបក្សទាំងពីរមិនទាន់បញ្ចប់កិច្ចការវិសោធនកម្មលើបទបញ្ជាផ្ទៃក្នុងសភា វិសោធនកម្មលើច្បាប់បោះឆ្នោត និងវិសោធនកម្មលើរដ្ឋធម្មនុញ្ញបានចប់ឆាប់រហ័សដូចគ្រោងទុក។
តើពេលណាសមាជិកសភាមកពីគណបក្សនយោបាយជាប់ឆ្នោតទាំង២ អាចចូលប្រជុំសភាជាមួយគ្នាបាន?
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងនៅថ្ងៃទី៣០ កក្កដា ថា សមាជិកសភាមកពីគណបក្សប្រឆាំងអាចស្បថ និងចូលប្រជុំសភាបាននៅសប្ដាហ៍ក្រោយ ប៉ុន្តែទាមទារឲ្យមានការកំណត់របៀបវារៈសម័យប្រជុំសភាឲ្យបានច្បាស់លាស់។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា បច្ចុប្បន្នក្រុមចរចាមកពីគណបក្សទាំង២ បានព្រមព្រៀងលើលទ្ធផលខ្លះៗ ក្នុងគោលដៅធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ វិសោធនកម្មច្បាប់បោះឆ្នោត និងវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ហើយមានបញ្ហាមួយចំនួនទាមទារបន្តពិភាក្សានៅក្នុងសម័យប្រជុំសភាពេញអង្គ៖ «ផ្នែកខាងធ្វើបទបញ្ជាផ្ទៃក្នុង យើងបានឯកភាពគ្នាមួយចំនួន មួយចំនួនទៀតពិភាក្សានៅពេលក្រោយ។ ដូច្នេះអាចបើកផ្លូវឲ្យការចូលប្រជុំសភានេះបាន។ នៅខាងក្រុមវិសោធនកម្មរដ្ឋធម្មនុញ្ញ កំពុងព្រាង និងមានការងារមួយចំនួនទៀតមិនទាន់បានសម្រេចនៅឡើយ ហើយខាងច្បាប់បោះឆ្នោត យើងកំពុងព្យាយាមរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំការបោះឆ្នោតនោះ។ ដូច្នេះត្រូវការពេលវេលាបន្តិចទៀត។ ខ្ញុំគិតថាយ៉ាងហោចមួយសប្ដាហ៍ទៀតដែរ»។
លោក យ៉ែម បុញ្ញឫទ្ធិ បានឲ្យដឹងបន្ថែមថា នៅក្នុងចំណោមបញ្ហាធ្វើវិសោធនកម្មនោះ ការធ្វើវិសោធនកម្មលើច្បាប់បោះឆ្នោតមានភាពស្មុគស្មាញជាងគេបន្តិច ពីព្រោះវាទាក់ទងការរៀបចំច្បាប់អង្គការបោះឆ្នោតឡើងវិញ និងត្រូវការពេលវេលាសិក្សាស្រាវជ្រាវបន្ថែមឲ្យបានស៊ីជម្រៅ។ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គណបក្សទាំងពីរពិភាក្សាគ្នាដោយលើកយកបួនចំណុចដើម្បីកែប្រែ ដូចជាការរៀបចំសមាសភាពមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ យន្តការពិនិត្យ និងដោះស្រាយពាក្យបណ្ដឹង ការរៀបចំចុះឈ្មោះអ្នកបោះឆ្នោតថ្មី និងរៀបចំបញ្ជីឈ្មោះបោះឆ្នោត និងប្រធានបទដែលត្រូវលើកយកទៅដាក់ក្នុងអង្គសិក្ខាសាលា ដើម្បីសុំយោបល់ពីភាគីពាក់ព័ន្ធ។
ចំពោះពេលវេលាស្បថដើម្បីចូលប្រជុំសភានោះ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា គេអាចធ្វើនៅពេលណាក៏បាន ប៉ុន្តែគេត្រូវការផែនការសកម្មភាពជាក់លាក់ ក្រោយពេលចូលប្រជុំហើយ ថាតើគណបក្សទាំងពីរលើកយកបញ្ហាណាមកធ្វើការដោះស្រាយជាមួយគ្នា?៖ «វាជាការពិត ស្បថចូលពេលណាក៏បាន ក៏ប៉ុន្តែស្បថហើយតើធ្វើអី? សំខាន់ត្រូវមានប្រជុំវិសាមញ្ញ ហើយមានរបៀបវារៈមួយច្បាស់លាស់។ ដើម្បីបោះឆ្នោតធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសរើសតាមបញ្ជីគណៈកម្មការជំនាញនានា របស់រដ្ឋសភា ដែលជាគណៈអចិន្ត្រៃយ៍របស់រដ្ឋសភានោះហើយបន្ទាប់មកទៀត មានវិសោធនកម្មលើរដ្ឋធម្មនុញ្ញ។ ដូច្នេះសំខាន់ណាស់ត្រូវកំណត់ថ្ងៃប្រជុំ និងមានរបៀបវារៈច្បាស់លាស់សិន»។
ទាក់ទងជាមួយលទ្ធផលរបស់ក្រុមចរចាគណបក្សទាំងពីរលើវិសោធនកម្មនានានោះ លោក ឈាង វុន សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា មានប្រសាសន៍ថា ក្រុមការងារចរចារបស់គណបក្សទាំង២ ធ្វើការងារជាមួយគ្នាបានលទ្ធផលល្អ ហើយមានប្រយោជន៍ចំពោះប្រជាពលរដ្ឋ៖ «ខ្ញុំជាមួយឯកឧត្ដម យ៉ែម បុញ្ញឫទ្ធិ និងគ្នាយើង ១០នាក់ផ្សេងទៀត គឺទាំងអស់ ១២នាក់នោះ គឺបានទទួលជោគជ័យហើយហើយរឿងផ្សេងៗទៀតនៅសេសសល់ យើងយកទៅសម្រេចគ្នាក្រោយចំណុចខ្លះនៅសេសសល់នៅក្នុងយន្តការរដ្ឋសភា»។
ចំពោះពេលវេលាស្បថដើម្បីចូលប្រជុំសភានោះ លោក ឈាង វុន មានប្រសាសន៍ថា វាអាស្រ័យទៅលើការសម្រេចរបស់សមាជិកមកពីគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ៖ «ហើយចង់កែស្អី បើគណបក្សប្រជាជនគាត់មិនចង់ គឺគ្មានទៅកែកើតទេ។ ពីព្រោះយន្តការនៅក្នុងគណៈអចិន្ត្រៃយ៍ គឺ ៥០% បូក ១។ អ៊ីចឹង ៧នាក់គ្រប់ គាត់ចង់កែអីក៏អត់បានដែរ។ យន្តការសម្រេចចិត្តនៅក្នុងសភាពេញអង្គ គឺ ៥០% បូក ១ អ៊ីចឹង ៦២នាក់គឺគ្រប់។ បើគណៈកម្មការជំនាញទាំង ៥នោះ វាឯករាជ្យ ហើយធ្វើអីក៏ដោយក៏ត្រូវឆ្លងគណៈអចិន្ត្រៃយ៍ដែរ ហើយឆ្លង ៥០% បូក ១ មិនមែនធ្វើអីស្រេចចិត្តបានទេ។ បើទោះជាគណៈកម្មការនោះលើកច្បាប់មក កែស្អាតម៉េចក៏ដោយ ដល់ដាក់ក្នុងសភាពេញអង្គ គេអនុម័ត ៥០% បូក ១ តែម្តង ក៏គាត់មិនដឹងធ្វើអីដែរ បានតែចេញមកក្រៅធ្វើសន្និសីទសារព័ត៌មាន»។
ផ្អែកតាមកិច្ចព្រមព្រៀងថ្ងៃទី២២ កក្កដា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សទាំងពីរឯកភាពគ្នារៀបចំក្បាលម៉ាស៊ីនរដ្ឋសភា ដោយបែងចែកតួនាទីដឹកនាំនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាតាមរូបមន្ត ៧ ទល់ ៦ ដោយត្រូវបង្កើតថែមគណៈកម្មការជំនាញថ្មីមួយទៀតជាគណៈកម្មការទី១០ របស់រដ្ឋសភា មានឈ្មោះថា គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ។
គណបក្សទាំងពីរបានយល់ព្រមបែងចែកតំណែងប្រធានរដ្ឋសភាឲ្យទៅគណបក្សប្រជាជនកម្ពុជា និងអនុប្រធានទី១បានទៅគណបក្សសង្គ្រោះជាតិ ហើយគណៈកម្មការទាំង១០ របស់រដ្ឋសភាត្រូវចែកជាពីរ ដើម្បីគ្រប់គ្រងម្នាក់ ៥ស្មើគ្នា។ ក្រោយពីគណបក្សទាំងពីរមានការចរចាស្រុះស្រួលគ្នាមក មានការដោះលែងបេក្ខជនសមាជិកសភានិងសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ៨នាក់ ពីមន្ទីរឃុំឃាំងព្រៃស និងមានការចរចាឯកភាពគ្នាជ្រើសរើសអ្នកស្រី ពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ ជាបេក្ខជនទី៩ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
លោក កែម ឡី អ្នកសិក្សាការអភិវឌ្ឍសង្គម មានប្រសាសន៍រិះគន់កិច្ចព្រមព្រៀងនោះថា វាគ្រាន់តែជាកិច្ចព្រមព្រៀងមួយបម្រើផលប្រយោជន៍គណបក្សកាន់អំណាចតែប៉ុណ្ណោះ៖ «សំឡេង»។
លោក សម រង្ស៊ី ធ្លាប់បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ កក្កដា ថា កិច្ចព្រមព្រៀងនោះ ធ្វើឡើងដើម្បីបញ្ចប់ភាពតានតឹងវិបត្តិនយោបាយនៅកម្ពុជា ហើយម្យ៉ាងទៀត ដោយសារគណបក្សសង្គ្រោះជាតិ គ្មានជម្រើសផ្សេង៕
No comments:
Post a Comment