ប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅឃុំថ្មី ស្រុកចិត្របូរី ខេត្តក្រចេះ បន្តរារាំងក្រុមហ៊ុនវៀតណាម ដែលបានឈូសឆាយប៉ះលើដីចម្ការវិលជុំរបស់ពួកគាត់ ដើម្បីស្វែងរកដំណោះស្រាយមួយជាមុន។ ការប៉ុនប៉ងឈូសឆាយដីរបស់ពលរដ្ឋទាំងនេះ កើតឡើងបន្តបន្ទាប់គ្នាចាប់តាំងពីថ្ងៃទី៣ កក្កដា។
ប៉ុន្តែ តំណាងក្រុមហ៊ុនបញ្ជាក់ថា កាលពីពេលកន្លងទៅ បានពិភាក្សាគ្នាដោះស្រាយបញ្ហានេះរួចហើយ នៅឡើយតែប្រជាពលរដ្ឋមួយចំនួនតូចតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង នៅតែបារម្ភទៅនឹងសកម្មភាពឈូសឆាយដីចម្ការវិលជុំរបស់ពួកគាត់ ដែលធ្លាប់តែបង្កបង្កើនផលពីសំណាក់ក្រុមហ៊ុនវៀតណាម មួយឈ្មោះ តូតឿ សៃហ្គន នៅក្នុងឃុំថ្មី ស្រុកចិត្របូរី ខេត្តក្រចេះ។ ក្តីបារម្ភនោះ ដោយសារតែពួកគាត់មិនទាន់មានការដោះស្រាយណាមួយសមរម្យនោះទេ ប៉ុន្តែសកម្មភាពឈូសឆាយនៅតែមានលួចលាក់។
តំណាងប្រជាពលរដ្ឋម្នាក់រស់នៅឃុំថ្មី លោក ហ៊ុំ ញណ ឱ្យដឹងថា សកម្មភាពហាមឃាត់គ្រឿងចក្រឈូសឆាយរបស់ក្រុមហ៊ុននោះ មិនមែនជាលើកទីមួយនោះទេ គឺមានជាច្រើនលើកច្រើនសាមកហើយ។ លោកបន្តថា មានរហូតដល់ពេលខ្លះ ជនជាតិដើមភាគតិចទាំងនោះ បានទៅចាប់គ្រឿងចក្ររបស់ក្រុមហ៊ុនជាច្រើនគ្រឿងមករក្សាទុកទៀតផង។ ពួកគាត់ព្រួយបារម្ភថា ព្រៃ និងដីចម្ការវិលជុំរបស់ពួកគាត់ ត្រូវបានបំផ្លាញនោះ នឹងអាចធ្វើឱ្យបញ្ហាជាច្រើនកើតមានឡើងដល់ពួកគាត់មិនខាន។
លោក ហ៊ុំ ញណ៖ «រង្វង់ជុំវិញភូមិហ្នឹង គឺសម្រាប់គោក្របី សម្រាប់ប្រើប្រាស់សព្វបែបសព្វយ៉ាង សម្រាប់អាស្រ័យផល។ ទុកសម្រាប់រក្សាឈើហ្នឹង។ បច្ចុប្បន្ន ប្រជាជនភ័យ អ៊ីចឹងហើយប្រសិនបើអស់ឈើទៅមុខហ្នឹងវា! អើព្រោះឮនៅខេត្តផ្សេងៗ មានរលំផ្ទះរលំសម្បែងដោយសារខ្យល់ ព្រឺ! ទាក់ទងនឹងសម្បត្តិព្រៃឈើហ្នឹង។ ហើយណាមួយ កុងត្រារបស់ក្រុមហ៊ុន ៩៩ឆ្នាំទៀតនោះហើយ ប្រជាជនចេះតែកើនៗទៅ។ អ៊ីចឹងវាអាចខ្វះខាតរឿងដីធ្លីប្រើប្រាស់អីហ្នឹង»។
ប្រភពដដែលបន្តថា មានប្រជាពលរដ្ឋជិត ២០០គ្រួសារ ដែលនាំគ្នាតវ៉ាទាមទារដីដែលក្រុមហ៊ុនធ្វើការឈូសឆាយមករក្សាទុក ដើម្បីបង្កបង្កើនផលជាលក្ខណៈសមូហភាពតកូនតចៅ និងដើម្បីរក្សាទុកទិដ្ឋភាពប្រពៃណីវប្បធម៌របស់ខ្លួនរហូតទៅ។ លោកបញ្ជាក់ដែរថា កន្លងមកធ្លាប់មានការសម្របសម្រួលពីអាជ្ញាធរឃុំ ដើម្បីកាត់ផ្ទៃដីខ្លះពីក្រុមហ៊ុន ប៉ុន្តែផ្ទៃដីទាំងនោះមិនគ្រប់គ្រាន់សម្រាប់ពួកគាត់រស់នៅឡើយ។
ទាក់ទងបញ្ហានេះ អ្នកសម្របសម្រួលក្នុងក្រុមហ៊ុន តូតឿ សៃហ្គន លោក កែវ សុវណ្ណ ឱ្យដឹងថា ដីតំបន់នោះ គឺមានខាងក្រុមហ៊ុនមួយចំនួន បានផ្តល់មកឱ្យប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិចទាំងនោះជាបន្តបន្ទាប់។ លោកបន្តថា ខាងក្រុមហ៊ុន តូតឿ សៃហ្គន ក៏បានកាត់ផ្ទៃដីរបស់ខ្លួនទៅឱ្យពួកគាត់ តាមការស្នើសុំដែរ ប៉ុន្តែពួកគាត់មួយចំនួនតូច នៅតែបន្តទាមទារមិនចេះចប់មិនចេះហើយ ទើបធ្វើឱ្យបញ្ហានៅតែកើតមាន។
លោក កែវ សុវណ្ណ៖ «ខ្ញុំប្រាប់គាត់ដែរក្នុងចំណោមពួកគាត់ ព្រោះមានមួយចំនួនហ្នឹង ប្រសិនបើជាពូបងធ្វើលិខិតមកធ្វើតាមភូមិ ដាក់តាមឃុំដាក់ថា សុំបានដីប្រើប្រាស់សម្រាប់ធ្វើនេះធ្វើនោះ សុំឱ្យរកដីឱ្យអ៊ីចឹងណា! ខ្ញុំគិតថា គ្រាន់តែដីសម្បទានរបស់រាជរដ្ឋាភិបាលៗគាត់មានសិទ្ធិត្រៀម ប្រសិនមើលឃើញថា ប្រជាពលរដ្ឋរបស់គាត់ជួបបញ្ហាលំបាក ពិតជាត្រូវការប្រើប្រាស់ដីគាត់មានសិទ្ធិកាត់ក្នុងចំណែកណាមួយដាក់មក»។
ទោះយ៉ាងណាក៏ដោយ លោកបន្ថែមទៀតថា ខាងភាគីក្រុមហ៊ុននៅតែបន្តសម្របសម្រួលជាមួយប្រជាពលរដ្ឋទាំងនោះ ដើម្បីស្វែងរកចំណុចរួមគ្នាឈានទៅរកការបញ្ចប់វិវាទដីធ្លីមួយនេះ។
មន្ត្រីផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តក្រចេះ លោក ហេង ភារៈ បារម្ភថា ប្រសិនការដោះស្រាយមិនអាចទៅរួច នោះវានឹងអាចបង្កជាបញ្ហាកាន់តែធំឡើងៗជាក់ជាមិនខាន៖ «ប្រជាពលរដ្ឋព្នងទាំងនោះបានទៅឃាត់ត្រាក់ទ័រចំនួន ៩គ្រឿងរួចមកហើយ ក្នុងកំឡុងខែមេសា ឆ្នាំ២០១៤ នេះ។ អ៊ីចឹង ក្នុងនាមយើងសង្គមស៊ីវិលមានការបារម្ភផងដែរ ខ្លាចជនជាតិដើមភាគតិចទាំងនោះ គាត់ប្រើប្រាស់អំពើហិង្សាជារឿងក្លាយទៅជារឿងព្រហ្មទណ្ឌដែលអាចធ្វើឱ្យជនជាតិដើមភាគតិចនោះ ប្រឈមទណ្ឌកម្មតាមប្រព័ន្ធតុលាការ»។
លោកយល់ថា បញ្ហានេះ គប្បីភាគីទាំងសងខាង រួមនឹងអាជ្ញាធរដែលពាក់ព័ន្ធផង អាចជួបពិភាក្សាស្វែងយល់ពីតម្រូវការគ្នាទៅវិញទៅមក ដើម្បីឈានទៅរកការដោះស្រាយរួមមួយក្នុងពេលខាងមុខ គឺជាការប្រសើរ៕
No comments:
Post a Comment