ដោយ៖ ឡាយ សាមាន | ថ្ងៃអាទិត្យ ទី6 កក្កដា 2014 | VOD
ប្រជាពលរដ្ឋប្រមាណជា ៨០០នាក់ ក្នុងខណ្ឌសែនសុខជាយរាជធានីភ្នំពេញ ប្រមូលផ្តុំគ្នាធ្វើបាតុកម្មជាថ្មីទៀតប្រឆាំងនឹងក្រុមហ៊ុនមួយ កំពុងបូមខ្សាច់លុបបឹងសំរោង ដែលប្រជាពលរដ្ឋអាស្រ័យផលតាំងពីយូរមកហើយ។
ពលរដ្ឋរងគ្រោះលោក ហៀង វុត្ថា ប្រាប់ VOD នៅព្រឹកថ្ងៃអាទិត្យទី ៦ ខែ មិថុនានេះ ឲ្យដឹងថា ប្រជាពលរដ្ឋជាង ៨០០នាក់ ក្នុងចំណោម ៥០០គ្រួសារ ប្រមូលផ្តុំគ្នានៅលើបឹងមានជម្លោះនោះ ដើម្បីការពារកុំឲ្យក្រុមហ៊ុន បន្តបូមខ្សាច់ពន្លិចបឹងនោះ។ លោក បន្តថា ប្រជាពលរដ្ឋបេ្តជ្ញាមិនអនុញ្ញាតឲ្យក្រុមហ៊ុន បូមខ្សាច់ពន្លិចបឹងទេ ព្រោះបឹងនោះបានផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងធ្វើស្រែចំការ និងការនេសាទជាដើម។ លោកឲ្យដឹងបន្ថែមទៀតថា លោកនាយករដ្ឋមន្ត្រីបានចេញអនុក្រឹត្យ អភិរក្សបឹងសំរោងនេះ ទុកឲ្យប្រជាជនប្រើប្រាស់ទឹកសម្រាប់ធ្វើស្រែទៀតផង។
ចៅសង្កាត់សំរោង លោក យឹន អ៊ីម មានប្រសាសន៍ថា កាលពីថ្ងៃទី ៤ ខែមិថុនា លោក បានបញ្ជូនរបាយការណ៍ទៅថ្នាក់លើ ដោយស្នើសុំឲ្យក្រុមហ៊ុនផ្អាកការបូមខ្សាច់សិន រង់ចាំមានដំណោះស្រាយសមរម្យ។ លោកបន្តថា របាយការណ៍ទាំងនោះក៏បានសំណូមពរឲ្យក្រុមហ៊ុន ផ្តល់សំណងជាមុន និងត្រូវរក្សាផ្ទៃបឹង ៣៣៦ ហិកតា ដែលមានក្នុងអនុក្រឹត្យ មុននឹងចាប់ផ្តើមធ្វើការអភិវឌ្ឍ។
លោក យឹន អ៊ីម ឲ្យដឹងទៀតថា កន្លងទៅក្រុមហ៊ុនដាក់លិខិតឲ្យលោកចុះហត្ថលេខាទទួលស្គាល់ ដើម្បីលុបបឹងនោះ ព្រោះខណ្ឌ និងរាជធានីបានអនុញ្ញាតឲ្យក្រុមហ៊ុននោះលុបបឹងហើយ។ តែទោះជាយ៉ាងលោកមិនបានចុះហត្ថលេខាព្រមព្រៀងទេ ព្រោះប្រជាពលរដ្ឋរាប់រយគ្រួសារកំពុងតែអាស្រ័យផលលើបឹងនេះ។ លោកបន្តថា ប្រជាពលរដ្ឋ១១០១នាក់បានផ្តិតមេដៃសុំអន្តរាគមន៍ពីលោក ដើម្បីបញ្ឈប់គម្រោងចង់លុបបឹងសំរោងនេះ។
VOD មិនទាន់អាចទាក់ទងលោកស្រី ឡាយ ហៀង ប្រធានក្រុមហ៊ុនឡាយងី ដើម្បីសុំការអធិប្បាយបានទេ។
នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន លោក សៀ ភារម្យ មានប្រសសាសន៍ថា ការដែលប្រជាពលរដ្ឋគ្រោងតវ៉ាប្រឆាំងនឹងការលុបបឹងនោះជាការត្រឹមត្រូវ ព្រោះបឹងនោះកើតមានតាំងពីបុរាណ ហើយពលរដ្ឋពឹងផ្អែកលើបឹងនេះ ដើម្បីធ្វើកសិកម្ម។ លោកបន្តថា អាជ្ញាធរដែលអនុញ្ញាតឲ្យក្រុមហ៊ុនលុបបឹងនោះគួរបញ្ឈប់ជាបន្ទាន់។
អាជ្ញាធរមូលដ្ឋានឲ្យដឹងថា ប្រជាពលរដ្ឋ៨០ភាគរយនៅទីនោះ បានធ្វើស្រែដល់ទៅ៤៥៤ហិកតា ដោយពឹងលើទឹកបឹងដែលមានទំហំ៣៣៦ហិកតានេះ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
No comments:
Post a Comment