A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 17 June 2014

Thai businessmen and Thai officials want the fleeing Cambodian workers to return to work in Thailand ពាណិជ្ជករ​និង​មន្ត្រី​ថៃ​ចង់​ឲ្យ​ពលករ​ខ្មែរ​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ថៃ​វិញ​ជា​បន្ទាន់​

ពលករ​ខ្មែរ​ពី​ថៃ ប៉ោយប៉ែត ៦១០
សកម្មភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​ដាក់​ចំណុច​រង្វង់​មូល​ខាង​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៤។
RFA/Soun Sophalmony
ពាណិជ្ជករ និង​មន្ត្រី​សេដ្ឋកិច្ច​ថៃ អះអាង​ថា ការបោសសម្អាត​ពលករ​ខ្មែរ និង​ពលករ​ខុសច្បាប់​បរទេស​ដទៃ​ទៀត​នៅ​ថៃ នា​ពេល​នេះ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថៃ ដែល​កំពុង​តែ​ងើបឡើង​វិញ​នេះ ដាំ​ក្បាល​ចុះ​ទៅវិញ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ចង់​ពលករទាំង​​នោះ ​ត្រឡប់​ទៅ​ធ្វើការ​នៅ​ថៃ​វិញ ជាបន្ទាន់។
កាសែត​ថៃ បាងកក​ប៉ុស្តិ៍ (Bangkok Post) ចុះផ្សាយ​ថ្ងៃ​ទី​១៦ មិថុនា ថា ការ​បោស​សម្អាត​ពលករ​បរទេស​ របស់​រដ្ឋាភិបាល​យោធា​ថៃ លើក​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​គម្រោង​សាងសង់​ផ្នែក​អចលនទ្រព្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ទំនើប​ៗ​របស់​​ថៃ ដែល​មាន​​គម្រោង​ទឹក​ប្រាក់​សាងសង់​រាប់​ពាន់​លាន​បាត ដោយសារ​តែ​​ខ្វះ​កម្លាំង​ពលកម្ម។
កាសែត​ដដែល បាន​ស្រង់​សម្ដី​ពាណិជ្ជករ ​និង​មន្ត្រី​សេដ្ឋកិច្ច​ថៃ ថា ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​​កំណើន​សេដ្ឋកិច្ច​ថៃ និង​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណើរការ ​នៃ​គម្រោង​សាងសង់​​ថៃ​ទាំង​នោះ រដ្ឋាភិបាល​ថៃគូរ​ចាត់​វិធានការ​បន្ទាន់​ណាមួយ ធ្វើ​យ៉ាងណា​​ទាក់ទាញ​ពលករ​ទាំង​​អស់​ ឲ្យ​វិល​ទៅ​ធ្វើ​ការ​នៅ​ថៃ​វិញ។ ជាពិសេស​ទាក់ទាញ​ពលករ​​ខ្មែរ​ ដែល​​កំពុង​នាំ​គ្នា​សម្រុក​រត់គេច​ខ្លួន​​ចេញ​មកពី​ប្រទេស​ថៃ​។
ពាណិជ្ជករ​​ថៃ​ខ្លះ ត្រូវ​បាន​កាសែត​បាងកក​ប៉ុស្តិ៍​ស្រង់​សម្ដី​ថា គ្រាន់​តែ​នៅ​ក្នុង​ទីក្រុង​បាងកក​តែមួយ ថៃ​ត្រូវ​ការ​ពលករ​ចំនួន​ប្រមាណ ៣ សែន​នាក់​ទៅហើយ​។
ការបោសសម្អាត​ពលករ​បរទេស​ខុស​ច្បាប់​នៅ​ថៃ​ពេល​នេះ ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ខ្នាត​ធំ​ថៃ​ទេ តែ​ប៉ះពាល់​ដល់​សហគ្រាស ពាណិជ្ជកម្ម​ខ្នាត​មធ្យម និង​ខ្នាត​តូច​ ឬ​សូម្បី​តែ​អ្នក​ស្រែ​ចម្ការ​ថៃ ក៏​រង​ផល​​ប៉ះពាល់​ខ្លាំង​ដែរ ព្រោះ​ពួកគេ​ជួល​ពលករ​ខ្មែរ​ធ្វើ​កសិកម្ម​។
ដើម្បី​​រក្សា​ដំណើរការ​នៃកំណើន​សេដ្ឋកិច្ច​ថៃ ​​ដែល​កំពុង​ងើប​ឡើងវិញ​ អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ថៃ លោក ធិរ៉ាឆៃ ភូវ៉ាណាត ណារ៉ារូបបាឡា (Thirachai Phuvanatnaranubala) បាន​ព្រមាន​ថា រដ្ឋាភិបាល​ថៃ​គូរ​ធ្វើ​យ៉ាង​ណា ប្រមូល​ពលករបរទេស ដែល​រដ្ឋាភិបាល​ថៃបច្ចុប្បន្ន​​កំពុង​បណ្ដេញចេញ ឲ្យ​ទៅ​​ធ្វើការ​នៅ​ថៃ​វិញ។
ជា​ពិសេស ​លោក​បានជំរុញ​ឲ្យ​រដ្ឋាភិបាល​ថៃ ប្រមូល​​ពលករ​ខ្មែរទៅ​ធ្វើការ​វិញ​ ដោយ​កាសែត​នេះ​បាន​ស្រង់​សម្ដី​ថា ៖ «យ៉ាងណា​ក៏ដោយ ការ​ចរចា​នានា ត្រូវ​តែ​ចាប់​ផ្ដើម​ធ្វើ​ដើម្បី​យក​ពលករ​កម្ពុជា​ត្រឡប់​មកវិញ​ ឲ្យ​បាន​ឆាប់​ដែល​អាច​ធ្វើ​ទៅ​បាន​»
នៅ​ខែ​មិថុនា ឆ្នាំ​២០១៤ នេះ រដ្ឋាភិបាល​យោធាថៃ បាន​ធ្វើការបោសសំអាត ​​ពលករ​បរទេស​ខុសច្បាប់​​​ចេញពី​ប្រទេសថៃ ​ក្នុងមូលហេតុ​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​។ មក​ទល់​ពេល​នេះ ​មានពលករ​ខ្មែរ​ប្រហែល ​១៤ ម៉ឺន​ នាក់​ហើយ​ត្រូវបាន​អាជ្ញាធរ​ថៃ​ ចាប់​បញ្ជូន​មក​ស្រុក​វិញ។

ដោយ​អត្រា​គ្មនា​ការងារ​ធ្វើ​​នៅ​​ថៃ ស្ថិត​នៅ​កម្រិត​ទាប​គឺ ១ ភាគរយ បាន​ធ្វើឲ្យ​ប្រទេស​ថៃ​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម ហើយ​ប្រទេស​នេះ​​ពឹង​ផ្អែក​លើ​កម្លាំង​ពលកម្ម​មក​ពី​ប្រទេស​ជិត​ខាង ដូចជា​៖ កម្ពុជា ឡាវ និង​ភូមា​ ឬមីយ៉ាន់ម៉ា ដែល​មាន​កម្លាំង​សរុប​ប្រហែល​ ៣ លាន​នាក់។
ក៏ប៉ុន្តែ​ ពលករ​បរទេស​ទាំងនោះ ​បាន​ប្រឈម​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​​ប្រឈម​នឹង​លក្ខខណ្ឌ​ការងារ​ជាច្រើន​ដូចជា ការ​​ប្រឈម​នឹង​ការ​ចាប់​ខ្លួន ទទួល​ប្រាក់​ឈ្នួល​ថោក ឬ​ត្រូវ​បាន​គេ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ​ដោយ​ថៅកែ​មិន​បើ​ប្រាក់​ឈ្នួល​ឲ្យ ​ហើយជួនកាល​ ​ថែម​ទាំង​​ប្ដឹង​ប៉ូលិស​​ថៃ​​​ចាប់​ខ្លួន​តែ​ម្ដង​ក៏​មាន ដោយ​សារ​ពលករ​ទាំង​នោះ​ធ្វើ​ការ​ខុសច្បាប់​​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: