ដោយ៖ បូ សាវី | ថ្ងៃចន្ទ ទី16 មិថុនា 2014, VOD
ស្តាប់សំឡេង៖ | ចម្លងទុក |
ពលករខ្មែរជាច្រើននាក់ ឲ្យដឹងថា ក្រុមតម្រួត និងយោធាថៃ បានបង្ខំឲ្យពួកគាត់ផ្ដិតមេដៃបង់ប្រាក់ជាថ្នូរនឹងបានវិល ត្រឡប់មកស្រុកកំណើតវិញ ខណៈពួកគេភ័យខ្លាច នៅពេលអាជ្ញាធរថៃ បានចាប់ពលករខ្មែរខុសច្បាប់ផ្សេងទៀតបញ្ជូនមកកាន់កម្ពុជាជាបន្ដបន្ទាប់។
ពលករមកពីស្រុកបាកានខេត្ដពោធិ៍សាត់ លោក រិទ្ធី ដែន ប្រាប់VODនៅថ្ងៃចន្ទនេះថា ពលករដែល អាជ្ញាធរថៃដឹកមកស្រុកកំណើត តាមច្រកអន្ដរជាតិប៉ោយប៉ែត ត្រូវក្រុមតម្រួតថៃ បង្ខំឲ្យបង់ប្រាក់ម្នាក់ៗពី៣០០ទៅ៥០០បាត ខណៈដែលលោក និងភរិយាមានលុយជាប់ខ្លួនតែ១០០០បាត «តាមការពិតខ្ញុំលឺថាគេមិនឲ្យយកអ្វីទាំងអស់ ប៉ុន្តែតម្រួតមកតាំងពីម៉ោងបួន យកក្នុងម្នាក់បីរយ បាទចឹងខ្ញុំចង់និយាយថា រាជរដ្ឋាភិបាលយើងជួយជ្រែមើលកូនចៅមើល កុំឲ្យដើរកស៊ីក្រៅប្រទេស ដូចជនអន្តោប្រវេសន៍ ក្រោមយើងទៅក្រោមកាគាបសង្កត់របស់ពួកគេ គេចង់ធ្វើអ្វីលើយើងក៏បាន ខ្ញុំសូមអ្នកដឹកនាំប្រទេសខ្មែរតម្លើងប្រាក់ខែកម្មករនៅស្រុកខ្មែរទៅ កុំឲ្យជនខ្មែរយើងទៅរកស៊ីស្រុកគេវាថោកទាបណាស់បង »។
លោក រិទ្ធី ដែន បន្ដថា ពួកគាត់ប្រមាណ៥នាក់ បានឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ១០ឆ្នាំហើយ និងបានលួចរត់ចេញពីកន្លែងធ្វើការ ទាំងមិនទាន់បើកប្រាក់ឈ្នួលនៅឡើយ ដោយសារមេការខ្មែរ និងថៅកែពួកគាត់គំរាមកំហែង។
ពលករមួយរូបទៀត មកពីស្រុកត្រាំកក់ ខេត្ដតាកែវ លោក ម៉ែន ឌឿន ឲ្យដឹងថា ទាហានថៃបានឲ្យពួកគាត់ផ្ដិតមេដៃបង់ប្រាក់៥០០បាត និងថ្លៃរថយន្ដក្រុង២០០បាត ថែមទាំងថ្លៃធ្វើឯកសារ៥០បាតទៀត ដោយមិនបានបញ្ជាក់ពីមូលហេតុនោះទេ។ លោកបន្ដថា ក្រុមពលករ មានការភ័យខ្លាច ដោយសារឃើញសមត្ថកិច្ចថៃធ្វើបាបពលករខ្មែរខុសច្បាប់ដូចអ្នកទោសទើបពួកគាត់បង់ឲ្យយោធាថៃនោះទាំងបង្ខំ «គ្មានបាយទេឡើងមក យកម្នាក់ប្រាំរយៗ អត់មានប្រាប់អីផង គ្រាន់ប្រាប់ថាឡើងឡានជូនមកដល់ខ្មែរ ហើយគេយកសម្រាប់ទឹកប៊ិចរបស់គេនោះ ម្នាក់ហាសិបបាត»។
ប៉ុន្ដែករណីនេះ នាយករងទីចាត់ការការងារព្រំដែន នៃអគ្គបញ្ជាការយោធា និងប្រធានការិយាល័យទំនាក់ទំនង ព្រំដែនកម្ពុជា-ថៃ លោកឧត្ដមសេនីយ៍ទោ ពេជ្រ វណ្ណា មានប្រសាសន៍ថា អាជ្ញាធរថៃមិនបានធ្វើដូចពលករលើកឡើងនោះទេ។ លោកថា អ្នកដែលយកលុយពីពលករជាមេការខ្មែរ «អ្នកអូសទាញមក គាត់ធានាខុសត្រូវ គាត់យកមកដាក់គោកដៅនេះ ឬគាត់យកមកប្រគល់ឲ្យសម្ថកិច្ច ប៉ូលិលអន្តោប្រវេសន៍ខាងភាគីថៃហ្នឹង គាត់ទាពលករគឺ ប្រាំរយម្នាក់ នេះគឺការពិតមិនមែន ខាងសម្ថកិច្ចរបស់ភាគីថៃទេ »។
កាលពីថ្ងៃទី១៤ខែមិថុនា ក្រសួងមហាផ្ទៃ បានចេញលិខិតបញ្ជាក់ថា ការចាប់បញ្ជូនពលករខ្មែររបស់អាជ្ញាធរថៃធ្វើឡើងដោយតក់ក្រហល់ និងមិនបានយកចិត្តទុកដាក់លើសុវត្ថិភាពពលករ និងធ្វើជាលក្ខណៈអមនុស្សធម៌។
មន្ដ្រីការងារព្រំដែន កម្ពុជា-ថៃ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ខែមិថុនានេះ ពលករឆ្លងដែនខុសច្បាប់ដែលយោធាថៃដឹកបញ្ជូនមកវិញ តាមច្រកជាប់ព្រំដែនកម្ពុជា-ថៃ មានចំនួន១៨ម៉ឺននាក់ ៕
សូមសរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com
No comments:
Post a Comment