កូនខ្មែរនឹងសាងសង់ស្ទូឌីយោលំដាប់អន្តរជាតិតម្លៃរាប់លានដុល្លារនៅលើផ្ទៃដី ៥០ ហិកតានៅ គិរីរម្យ...ស្ឌូឌីយោនេះបានសបញ្ជាក់ឲ្យឃើញថា វិស័យភាពយន្តខ្មែរកំពុងតែមានសន្ទុះគួរឲ្យកត់សម្គាល់។
ថ្វីដ្បិតតែការវិវឌ្ឍវិស័យភាពយន្តខ្មែរកំពុងតែធ្វើដំណើរកាន់តែរលូននាពេលបច្ចុប្បន្ន ដោយមានភាពកក្រើកឡើងវិញនៃការផលិតភាពយន្តទាំងខ្នាតធំ និងភាពយន្តភាគរបស់ក្រុមហ៊ុន ក៏ដូចជាផលិតកម្មនានានោះ តែយ៉ាងណាការផលិតទាំងនោះ នៅតែមានកម្រិតមិនអាចឆ្លើយតបទៅនឹងការប្រកួតប្រជែងលើទីផ្សារក្នុងតំបន់ និងអន្តរជាតិបានឡើយ។
ដូច្នេះហើយ ដោយមើលឃើញពីភាពខ្វះខាតយ៉ាងចម្បងទាំងនេះ ទើបក្រុមហ៊ុន អង្គរភីកឈ័រ (Angkor Picture Inc.) ដែលទើបតែបញ្ចប់ភាពយន្តខ្នាតធំរបស់ខ្លួនរឿង «ស្បែកគង់» ហើយគ្រោងនឹងដាក់បញ្ចាំងជាផ្លូវការនៅ ខែសីហា ខាងមុខនេះ បាននិងកំពុងដំណើរការនៃគម្រោងបង្កើតស្ទូឌីយោខ្នាតយក្សលំដាប់អន្តរជាតិមួយលើផ្ទៃដីប្រមាណ ៥០ ហិកតានៅ គិរីរម្យ ក្នុង ខេត្តកំពង់ស្ពឺ ដែលស្ថិតនៅចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
លោក ប៉ុល វិបូ ហៅ នីត ប្រធានអគ្គនាយកផលិតកម្ម អង្គរភីកឈ័រ បានមានប្រសាសន៍ថា៖ «នៅពេលនេះ យើងកំពុងដំណើរការនៅលើរឿងនេះ វាមិនទាន់ចេញជាប្លង់នៅឡើយទេ ព្រោះយើងរង់ចាំមើលតាមប្លង់ ឬក៏ទម្រង់ដូចជានៅ ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀតសិនឲ្យត្រូវតាមស្តង់ដារ។ តែយើងមានដីរួចរាល់ហើយនៅ គិរីរម្យ គឺចំនួន ៥០ ហិកតា ហើយយើងនឹងចាប់ដំណើរការបណ្តើរៗនៅដើម ឆ្នាំ២០១៥»។
ការវិនិយោគនៅលើស្ទូឌីយោខ្នាតយក្សមិនធ្លាប់មាននេះ ត្រូវបានលោក វិបូ បញ្ជាក់ឲ្យដឹងថា ស្ទូឌីយោ នោះជាការវិនិយោគដោយកូនខ្មែរផ្ទាល់របស់ក្រុមហ៊ុន អង្គរភីកឈ័រ របស់ កម្ពុជា។ ថ្វីបើលើកបង្ហាញពីគម្រោង តែតំណាងក្រុមហ៊ុនរូបនេះមិនបញ្ជាក់ពីតម្លៃនៃការបោះទុនវិនិយោគនោះទេ។ តែទោះបីជាយ៉ាងណា លោកក៏បានលើកឡើងពីគម្រោងថវិកានៃការបង្កើតស្ទូឌីយោដ៏ធំសម្បើមមួយនេះនៅមានកម្រិតនៅឡើយ។
លោកថា៖ «បើនិយាយពីទុនវិនិយោគតែម្តងគឺយើងនៅមានកំណត់នៅឡើយ តែដំណើរការរបស់យើងគឺធ្វើទៅតាមជំហានៗ។ នៅជំហានដំបូងនេះយើងបោះទុនវិនិយោគចំនួន ៥០ ម៉ឺនដុល្លារ ពោលគឺយើងធ្វើដើម្បីតម្រូវទៅតាមសាច់រឿងភាពយន្តខ្នាតធំ ទី២ របស់យើងដែលគ្រោងនឹងថតនៅដើម ឆ្នាំ២០១៥»។
នៅក្នុងស្ទូឌីយោខ្នាតអន្តរជាតិដំបូងបំផុតនៅ កម្ពុជា នេះ នឹងរួមបញ្ចូលគ្នានៃការថតរឿងសម័យ និងបែបបុរាណ។ សម្រាប់ទីតាំងថតរឿងបែបសម័យនឹងមានការសង់អគារធំតូច ផ្លូវថ្នល់ ផ្សារទំនើប ទីប្រជុំជន និងកន្លែងចាំបាច់ជាច្រើនទៀត។ រីឯទីតាំងថតបែបបុរាណវិញនឹងមានសង់ប្រាសាទ ការសង់ភូមិឋានតាមបែបសម័យនីមួយៗ ទន្លេ បឹងបួជាដើម រួមជាមួយនឹងឧបករណ៍ជាច្រើន។
ពាក់ព័ន្ធនឹងការសម្រេចចិត្តបោះទុនរាប់លានដុល្លារដើម្បីវិនិយោគនៅលើការសាងសង់ស្ទូឌីយោភាពយន្តខ្នាតអន្តរជាតិនេះ លោក ប៉ុល វិបូ បញ្ជាក់ថា៖ «យើងយល់ឃើញថា សព្វថ្ងៃនេះដើម្បីថតភាពយន្តឲ្យបានល្អ យើងប្រឈមនឹងទីតាំងដែលយើងត្រូវថត វាលំបាកនៅពេលត្រូវថតនៅទីសាធារណៈ ដែលមានសកម្មភាពចរាចរណ៍មមាញឹក ហើយនៅពេលយើងចង់ថតឈុតក្រឡាប់ឡាន បាក់បែកអគារ អីនោះ គឺយើងត្រូវការស្ទូឌីយោ ដែលមានសុវត្ថិភាពមិនប៉ះពាល់ដល់សាធារណជន។ ដូច្នេះហើយបានជាយើងចង់ផ្លាស់ប្តូរពីការថតនៅទីតាំងជាក់ស្តែង មកថតនៅក្នុងស្ទូឌីយោ ដោយមានការជួយពីក្រាហ្វិកកុំព្យូទ័រវិញ»។
មិនត្រឹមតែផលិតសម្រាប់ក្រុមហ៊ុនផ្ទាល់ខ្លួនទេ ក្រោយសាងសង់រួចរាល់ ស្ទូឌីយោ នៅ គិរីរម្យ មួយនេះ នឹងត្រូវដាក់ជួលឲ្យបណ្តាផលិតកម្មផ្សេងៗផងដែរនៅក្នុងតម្លៃទាបបំផុត។
លោក វិបូ បញ្ជាក់ថា៖ «ស្ទូឌីយោ នេះជាជំហានថ្មីមួយបង្ហាញពីភាពរីកចម្រើនក្នុងវិស័យភាពយន្តខ្មែរ ហើយស្ទូឌីយោ នោះនឹងបើកឲ្យផលិតករទាំងអស់អាចប្រើប្រាស់បាននៅក្នុងតម្លៃទាបបំផុត»។
ពាក់ព័ន្ធនឹងគម្រោងដ៏ធំនៃការសាងសង់ស្ទូឌីយោលំដាប់អន្តរជាតិនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងការភ្ញាក់ផ្អើលនៅពេលបានឮពីគម្រោងនេះ តែយ៉ាងណាលោកស្រីបានបញ្ជាក់ថា លោកស្រីមិនទាន់បានឃើញគម្រោងលាយលក្ខណ៍អក្សរនៅឡើយនោះទេ។
ទោះបីជាយ៉ាងណា លោកស្រីបញ្ជាក់បន្ថែមថា ក្រសួងស្វាគមន៍ចំពោះការរួមចំណែករបស់វិស័យឯកជន ប្រសិនបើមានលក្ខណៈគ្រប់គ្រាន់។ លោកស្រីបានមានប្រសាសន៍ថា៖ «នៅពេលនេះ ខ្ញុំអត់ទាន់ទទួលបានព័ត៌មាននោះទេ តែបើសិនមានវិស័យឯកជនធ្វើមែន វាជាការប្រសើរ ហើយក្រសួងនឹងលើកទឹកចិត្តចំពោះក្រុមហ៊ុនឯកជននោះ»។
គួរបញ្ជាក់ថា កាលពី ខែមិថុនា ឆ្នាំ២០១៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានពិធីសម្ពោធឲ្យប្រើប្រាស់ ស្ទូឌីយោថតភាពយន្តលំដាប់អន្តរជាតិមួយលើផ្ទៃដីជាង ៣ ហិកតានៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ តែស្ទូឌីយោ មួយនោះត្រូវបណ្តាផលិតករមួយចំនួនថា មានលក្ខណៈមិនគ្រប់គ្រាន់សម្រាប់ថតរឿងស្តង់ដារ៕
No comments:
Post a Comment