ដោយ ទេព សុរ៉ាវី
2014-06-02
១០-មិថុនា-២០១១៖ ខ្មែរក្រោមប្រារព្ធទិវាខួបគម្រប់ ៦២ឆ្នាំ ថ្ងៃបារាំង កាត់ទឹកដីខ្មែរឲ្យវៀតណាម កាន់កាប់ នៅវត្តសិរីសោភា នារាជធានីភ្នំពេញ។
RFA/Ouk Savborey
សាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោម រៀបចំពិធីបុណ្យរំលឹកខួបបាត់បង់ទឹកដីកម្ពុជាក្រោម នៅវត្តសាមគ្គីរង្សី នៅថ្ងៃទី៤ មិថុនា តាមការស្នើសុំ។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមន្ត្រីសាលារាជធានីភ្នំពេញ និងមន្ត្រីអង្គការសមាគមខ្មែរកម្ពុជាក្រោម ជួបចរចាគ្នាជាថ្មីម្ដងទៀតនៅព្រឹកថ្ងៃទី២ មិថុនា។
អាជ្ញាធរសាលារាជធានីភ្នំពេញ បើកភ្លើងខៀវឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រារព្ធពិធីរាប់បាត្រព្រះសង្ឃជិត ២ពាន់អង្គ នៅវត្តសាមគ្គីរង្សី នៅថ្ងៃទី៤ មិថុនា ដើម្បីរំលឹកខួបបាត់បង់ទឹកដីកម្ពុជាក្រោម។ ប៉ុន្តែបានដាក់លក្ខខណ្ឌមិនឲ្យសមាគមនេះ រៀបចំវេទិកាសាធារណៈទាក់ទងនឹងការបាត់បង់ទឹកដីកម្ពុជាក្រោមជាដាច់ខាត។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យដឹងថា ក្រោយជំនួបរវាងមន្ត្រីសាលារាជធានីភ្នំពេញ ជាមួយមន្ត្រីអង្គការសមាគមខ្មែរកម្ពុជាក្រោម ភាគីទាំងពីរបានឯកភាពគ្នាថា ពិធីបុណ្យរំលឹកខួបបាត់បង់ទឹកដីកម្ពុជាក្រោម អាចធ្វើទៅបាននៅវត្តសាមគ្គីរង្សី ដោយរៀបចំពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ១.៩៤៩អង្គនៅពេលព្រឹក។ ដោយឡែកវេទិកាសាធារណៈដែលគ្រោងធ្វើនៅម៉ោង ២ ដល់ម៉ោង ៥រសៀល ត្រូវលុបចូល។
លោក ឡុង ឌីម៉ង់៖ «វេទិកាសាធារណៈប្រធានបទខ្មែរកម្ពុជាក្រោម បើយើងគ្រប់គ្រងមិនបានត្រឹមត្រូវទេ នោះអ្នករៀបចំគាត់អាចឈានទៅជាវេទិកាមួយអុចអាល ញុះញង់ធ្វើឲ្យមានការស្អប់ខ្ពើមប្រទេសជិតខាងវាខុសនឹងរដ្ឋធម្មនុញ្ញ ដូចសម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍អ៊ីចឹងថា ប្រទេសកម្ពុជា មិនអាចក្លាយជាប្រទេសមួយប្រឆាំងនឹងប្រទេសជិតខាង ឬប្រទេសណាផ្សេងបានទេ»។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា បញ្ជាក់ថា គម្រោងរៀបចំវេទិកាសាធារណៈដើម្បីបង្ហាញពីការតស៊ូមតិតាមផ្លូវច្បាប់ទាមទារទឹកដីខ្មែរកម្ពុជាក្រោម និងសិទ្ធិពលរដ្ឋខ្មែរក្រោមត្រូវបានលុបចូល និងរៀបចំតែពិធីបុណ្យរាប់បាត្រនៅពេលព្រឹកក្នុងទិវាខួប៦៥ នៃការបាត់បង់ទឹកដីកម្ពុជា។
លោកបន្តថា ខាងសមាគមខ្មែរកម្ពុជាក្រោម អាចជម្នះរៀបចំវេទិកាដូចការគ្រោងទុកនោះ ប៉ុន្តែដោយបារម្ភថា អាជ្ញាធរនិងកម្លាំងសមត្ថកិច្ចអាចរកលេសនេះ ប្រើអំពើហិង្សាណាមួយទៅលើពលរដ្ឋ និងព្រះសង្ឃដែលចូលរួម ដូច្នេះទើបសម្រេចថា លុបគម្រោងវេទិកានោះតែម្ដង៖ «ពួកខ្ញុំមិនខ្លាចអីទេ សំខាន់គឺខ្មាសគូសត្រូវរបស់យើង។ យើងខំរំលឹកនូវថ្ងៃប្រវត្តិឈឺចាប់នៃថ្ងៃបាត់បង់ទឹកដី យើងរងទុក្ខវេទនា បែរជាគាត់ការពារជួសយួន មិនឲ្យយើងធ្វើ នៅពេលយួនចង់ឲ្យយើងធ្វើ ទីបំផុតអាជ្ញាធរខ្មែរមិនចង់ឲ្យយើងធ្វើដែរ ហើយបើយើងប្រឹងធ្វើប៉ះទង្គិចគ្នាខ្មាសគូបដិបក្ខរបស់យើង»។
ពិធីបុណ្យរាប់បាត្រដែលមានព្រះសង្ឃនិមន្តចូលរួម ១.៩៤៩អង្គ ធ្វើឡើងជាការរំលឹកខួប ៦៥ឆ្នាំ នៃថ្ងៃដែលអាណានិគមបារាំង កាត់ទឹកដីកម្ពុជាក្រោមឲ្យប្រទេសវៀតណាមកាន់កាប់ ជាថ្ងៃកាន់ទុក្ខសម្រាប់ប្រទេសជាតិ។ មួយវិញទៀត ជាការរំលឹកគុណដល់បុព្វបុរសខ្មែរស្នេហាជាតិដែលបានចែកឋាន។
ក្នុងពិធីបុណ្យរំលឹកខួបបាត់បង់ទឹកដីកម្ពុជាក្រោមនោះ ក៏នឹងមានព្រះវត្តមានព្រះរាជតំណាងព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី គឺសម្ដេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស យាងចូលរួមជាព្រះអធិបតីផងដែរ៕
No comments:
Post a Comment