A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 12 March 2014

Villagers accused Vietnamese immigrants of illegally fishing in Kampong Chhnang province ពលរដ្ឋ​អះអាង​ថា​ជនជាតិ​វៀតណាម​នេសាទ​ខុស​ច្បាប់​នៅ​កំពង់ឆ្នាំង

ដោយ ជិន ជេដ្ឋា 2014-03-11
សកម្មភាព​អូស​អួន​រុញ​ជន និង​ម៉ាញ់​របស់​ជនជាតិ​វៀតណាម កំពុង​កើត​មាន​ច្រើន​នៅ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង។ ប្រជាពលរដ្ឋ​បញ្ជាក់​ថា សកម្មភាព​ល្មើស​ទាំង​នេះ ធ្វើ​ឡើង​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ក្នុង​ទឹក​ដី​គ្រប់គ្រង​របស់​ឃុំ​ប្រឡាយមាស និង​ឃុំ​ផ្លូវទូក ដោយ​ពុំ​មាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​ឡើយ។
ប្រជាពលរដ្ឋ​មក​ពី​ឃុំ​ប្រឡាយមាស និង​ឃុំ​ផ្លូវទូក ជា​ច្រើន​នាក់ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ថា សកម្មភាព​ចាប់​ត្រី​ខុស​ច្បាប់​បាន​កើត​មាន​ច្រើន​តាំង​ពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៤ និង​មិន​អាច​បង្ក្រាប​បាន​រហូត​មក​ដល់​បច្ចុប្បន្ន។ ពួក​គាត់​សង្ស័យ​ថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ជលផល មាន​ការ​ត្រូវរ៉ូវ​គ្នា​ជា​មួយ​ជន​ល្មើស។
ចំណែក​មន្ត្រី​ជលផល បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ហើយ​បញ្ជាក់​ថា ខ្លួន​កំពុង​ធ្វើ​សកម្មភាព​បង្ក្រាប​បទ​ល្មើស​លូ​ស្បៃ​មុង និង​សម្រាស់​នៅ​តាម​តំបន់​មួយ​ចំនួន នៃ​ឃុំ​ទាំង​ពីរ​នោះ​ហើយ។
ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ឃុំ​ប្រឡាយមាស លោក ឈឹម គឹមសៀក មាន​ប្រសាសន៍​ថា ការ​ចាប់​ត្រី​របស់​ជនជាតិ​វៀតណាម ម្ដងៗ​មាន​គ្នា​ចន្លោះ​ពី ៨​នាក់ ទៅ ២០​នាក់ និង​មាន​ទូក​ខ្នាត​ធំ​ចាប់​ពី ២​គ្រឿង​ឡើង ហើយ​ភាគ​ច្រើន​ធ្វើ​សកម្មភាព​នៅ​ពេល​យប់។ លោក​បន្ត​ថា ក្រៅ​ពី​បទ​ល្មើស​នេះ នៅ​មាន​សកម្មភាព​ដាក់​កន្សុំ និង​ហ៊ុម​សម្រាស់​ខ្នាត​ធំ​ជា​ច្រើន​កន្លែង​ទៀត ក្នុង​ទឹក​ដី​ឃុំ​ប្រឡាយមាស៖ «គ្មាន​បាន​ដេក​ទេ​ប្រជាពលរដ្ឋ ហើយ​ដាច់​មង​ប្រជាពលរដ្ឋ​អត់​មាន​អ្នក​ណា​មួយ​ដោះស្រាយ​ឲ្យ​ទេ សូម្បី​តែ​ជលផល សហគមន៍​នៅ​ក្នុង​ភូមិ​ហ្នឹង គឺ​អត់​មាន​អើពើ​ឡើយ ព្រោះ​អី​បើ​យើង​ទៅ​សួរ​គាត់ៗ​ថា​បង់​លុយ​ឲ្យ​សហគមន៍​រួច​ទៅ​ហើយ»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក សេង ប៊ុនឈឿន បញ្ជាក់​ថា លោក និង​មន្ត្រី​ជំនាញ​ជលផល កំពុង​តែ​ធ្វើ​សកម្មភាព​បង្ក្រាប​បទ​ល្មើស​នៅ​ក្នុង​ទឹក​ដី​ឃុំ​ទាំង​ពីរ​នេះ ក៏ប៉ុន្តែ​មិន​ឃើញ​មាន​បទ​ល្មើស​ជន ម៉ាញ់ ឬ​អួន​ឡើយ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​ចោទ​ប្រកាន់​ទៅ​លើ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ថា ឃុបឃិត​ជាមួយ​ជន​ល្មើស​ដោយ​គ្មាន​ភស្តុតាង​ច្បាស់​លាស់៖ «ឲ្យ​គាត់​តេ (ទូរស័ព្ទ) មក​ចុះ ទូរស័ព្ទ​របស់​ខ្ញុំ​គាត់​ស្គាល់​ហើយ អាច​តេ​មក​ទាំង​យប់​ក៏​បាន​ដែរ ដើម្បី​ខ្ញុំ​ចាត់​ការ ប៉ុន្តែ​ខ្ញុំ​សូម​ឲ្យ​ព័ត៌មាន​ហ្នឹង​ជាក់​លាក់ ដូច​យប់​មិញ​អី​អ៊ីចឹងៗ ខ្ញុំ​មាន​ព័ត៌មាន​ពី​ចំណុច​ក្ដី​កាគង​មក គឺ​ខ្ញុំ​ចាត់​ការ​ភ្លាម គឺ​ទទួល​បាន​លទ្ធផល​ភ្លាម»
មន្ត្រី​សម្រប​សម្រួល​សហគមន៍​នៃ​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក អ៊ុក សុផាត ថ្លែង​ថា សកម្មភាព​ប្រព្រឹត្ត​បទ​ល្មើស​ពិត​ជា​កើត​មាន​ច្រើន​មែន​នៅ​ឃុំ​ផ្លូវទូក និង​ឃុំ​ប្រឡាយមាស កាល​ពី​សប្ដាហ៍​មុន ក៏ប៉ុន្តែ​លោក​ឃើញ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​ជាប់ៗ​គ្នា​មក​នេះ​ឃើញ​ថា សកម្មភាព​ល្មើស​ទាំង​នោះ​បាន​ថយ​ចុះ៖ «ខេត្ត​កំពង់ឆ្នាំង នៅ​តំបន់​ឆ្នុកទ្រូ នេះ​ឯង គឺ​បច្ចុប្បន្ន​មិន​មាន​សកម្មភាព​ទេ ដែល​មាន​សកម្មភាព​នៅ​តំបន់​ផ្លូវទូក ហើយ​និង​តំបន់​ប្រឡាយមាស ដែល​ធ្វើ​បទ​ល្មើស​នេះ គឺ​នៅ​ពេល​យប់»
មន្ត្រី​ជំនាញ​ជលផល និង​អាជ្ញាធរ​តែងតែ​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ ឬ​សហគមន៍​ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​នេសាទ​ឲ្យ​មាន​ប្រសិទ្ធភាព តាម​រយៈ​ការ​ផ្ដល់​ព័ត៌មាន​តាម​ទូរស័ព្ទ ឬ​ដោយ​ផ្ទាល់។ ទូរស័ព្ទ​របស់​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក សេង ប៊ុនឈឿន គឺ​លេខ ០៨៨៨ ៨៣៧ ២៦៨ ឬ ០១៦ ៨៣៧ ២៦៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: