ដោយ រដ្ឋា វិសាល
2014-03-12
តុលាការខេត្តមណ្ឌលគិរី សម្រេចចោទប្រកាន់ជនជាតិវៀតណាម ចំនួន ១៥នាក់ ពីបទល្មើសឆ្លងដែនខុសច្បាប់ និងមកប្រមូលផលព្រៃឈើខុសច្បាប់នៅក្នុងទឹកដីខ្មែរ។ អ្នកទាំង ១៥នាក់នោះ ត្រូវបានសហគមន៍ជនជាតិដើមភាគតិចឃុំប៊ូស្រា ឃាត់ខ្លួនពួកគេ ក្នុងពេលកំពុងលួចកាប់ឈើក្នុងព្រៃដែនជម្រកសត្វ។
តុលាការខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនជនសង្ស័យជាបណ្ដោះអាសន្ននៅពន្ធនាការខេត្តរួចហើយ ដើម្បីធ្វើការស៊ើបអង្កេតបន្ត។
ទាក់ទិនរឿងក្តីចោទប្រកាន់នេះ ព្រះរាជអាជ្ញាអមតុលាការខេត្ត លោក ឃុត សុភាង នៅថ្ងៃពុធ ទី១២ ខែមីនា មានប្រសាសន៍បញ្ជាក់ថា ជនជាតិវៀតណាម ទាំង ១៥នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារ កាលពីរសៀលថ្ងៃទី១១ ខែមីនា បន្ទាប់ពីសមត្ថកិច្ចប៉ូលិសបានកសាងសំណុំរឿងពួកគេ ពាក់ព័ន្ធបទល្មើសឆ្លងដែនខុសច្បាប់។ ចំណែកមន្ត្រីមន្ទីរបរិស្ថាន កសាងសំណុំរឿងពួកគេពីបទមកប្រមូលផលព្រៃឈើខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃ ហើយបញ្ជូនសំណុំរឿង និងជនសង្ស័យមកមន្ត្រីអយ្យការ។
លោកបន្តថា ជនជាប់ចោទទាំង ១៥នាក់ មិនទាន់មានមេធាវីការពារក្តីនៅឡើយ ប៉ុន្តែករណីនេះ ចៅក្រមស៊ើបសួរ នឹងស៊ើបអង្កេតបន្ត ហើយជនជាប់ចោទអាចស្នើសុំមេធាវីការពារក្តីបាន៖ «ហ្នឹងហើយ ចាប់យកទៅឃុំបាត់ហើយ តើមកប្រមូលផល និងឆ្លងដែនខុសច្បាប់។ ធម្មតា មេធាវីគេត្រូវមានសិទ្ធិត្រង់គេពឹង មិនពឹង រឿងរបស់គេ ហើយយើងត្រូវធ្វើនីតិវិធីក្នុងអំណាចផ្លូវច្បាប់រួចហើយ»។
កាលពីចុងសប្ដាហ៍មុននេះ ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នង ចំនួន ៣ភូមិ រួមមានភូមិពូលុ ភូមិឡាំមេះ និងភូមិពូចារ បានចុះល្បាតក្នុងព្រៃការពាររបស់សហគមន៍ និងបានប្រទះឃើញពួកគេធ្វើសកម្មភាពកាប់ឈើក្នុងតំបន់ព្រៃដែនជម្រកសត្វភ្នំណាំលា ចំណុចភូមិឡាំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីព្រំដែនប្រទេសវៀតណាម។ ក្រុមអ្នកល្បាតព្រៃ បានឃាត់ខ្លួនជនជាតិវៀតណាម ទាំងនោះ និងវត្ថុតាងមួយចំនួន រួមមានគោយន្តច្នៃចំនួន ៤គ្រឿង រណាយន្ត ៧គ្រឿង កាំភ្លើងធុនអិមសី (M16) ១ដើម ម៉ូតូ ៩គ្រឿង និងឈើគគីរកាត់រួចប្រមាណ ៤ម៉ែត្រគូប។
អនុប្រធានសហគមន៍ជនជាតិដើមព្នង ឃុំប៊ូស្រា លោក ឃុត ចាន់រ៉ា ដែលបានចូលរួមឃាត់ខ្លួនពលរដ្ឋវៀតណាម នេះ កត់សម្គាល់ថា ព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំណាំលា ត្រូវបានគេលួចកាប់យកឈើប្រណីត និងឈើមានតម្លៃប្រភេទលេខ១ លេខ២ ដោយប្រើប្រាស់រណាយន្ត និងរថយន្តដឹកជញ្ជូនចេញពីព្រៃជាបន្តបន្ទាប់។ ឈើមួយចំណែកត្រូវគេដឹកឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀង ដោយរថយន្តកែច្នៃ មិនឃើញសមត្ថកិច្ចព្រំដែននៅតំបន់នោះបង្ក្រាបបានឡើយ។ លោកសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីស្ថាប័នតុលាការ ចាត់ការតាមច្បាប់ទៅលើអ្នកប្រព្រឹត្តិល្មើស ទើបអាចកាត់បន្ថយសកម្មភាពបំផ្លាញព្រៃឈើនេះបាន៖ «ចូលមករហូត តែយើងតាមអត់ទាន់ តែសានេះយើងស៊ើបច្បាស់ យើងចាត់វិធានការ។ សូមកុំដោះលែង កាលណាដោះលែង វាក្លាយជាទម្លាប់ កាលណាក្លាយជាទម្លាប់ ប្រទេសយើងរលាយ ហើយព្រៃឈើយើងក៏រលាយដែរ»។
ដូចគ្នានេះដែរ មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (Adhoc) ខេត្តមណ្ឌលគិរី លោក សុខ រដ្ឋា ចាត់ទុកសកម្មភាពលួចកាប់ឈើនេះថាជាការបំផ្លាញធនធានធម្មជាតិ ដែលត្រូវផ្ដន្ទាទោសក្នុងបទឧក្រិដ្ឋព្រៃឈើ។ លោកកត់សម្គាល់ថា ជនជាតិវៀតណាម ទាំងនោះបាននាំយកអាវុធមកជាមួយ ក្នុងគោលបំណងអ្វីមួយជាក់លាក់ ហេតុនេះតុលាការត្រូវធ្វើការចោទប្រកាន់បន្ថែមទៀត ទាក់ទិនការប្រើប្រាស់អាវុធចូលមកក្នុងប្រទេសខ្មែរដោយខុសច្បាប់៖ «ទោះបីជនជាតិវៀតណាម ក៏ដោយ ជនជាតិខ្មែរក៏ដោយ បើសិនធ្វើសកម្មភាពកាប់ព្រៃឈើ គឺជារឿងមួយខុសច្បាប់ហើយ។ ជនជាតិវៀតណាម គាត់ពុំមានសិទ្ធិកាន់កាប់ និងប្រើប្រាស់អាវុធនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានទេ»។
ទោះជាយ៉ាងនេះ ប្រជាសហគមន៍ និងមន្ត្រីការពារសិទ្ធិមនុស្សដដែល សម្ដែងការបារម្ភថា តុលាការខេត្តមណ្ឌលគិរី អាចនឹងដោះលែងជនជាតិវៀតណាម ទាំងនោះវិញ ក្នុងហេតុផលកិច្ចសហការមិត្តភាពល្អរវាងអាជ្ញាធរខេត្តទាំងពីរមានព្រំដែនជាប់គ្នា៕
2 comments:
Cambodian police must get rewards.
Why would we give these Cambodian police rewards for them to do their jobs in the first place ? Lol. Every Khmer police & soldier should have performed their duties to the best of their abilities. For every one Viet caughted 3 or more been let to escape because of orders from the top officials or local corruptions. I highly doubted the Khmer police are honest in their duties. I wanted to believe that these Khmer police & soldier loved their country and peoples but I find myself NOT BELIEVE THEM beccause these police & armed forces COMMITED so many treasons to Cambodian peoples. If they arrest these Youns inhonest I applause them and say GOOD JOB.
Post a Comment